ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​​​កាម​រី​ពណ៌​​សំបក​ឪឡឹក​​ ពាក់​ស្លាក​លេខ​​ភ្នំពេញ 2C-2115 ​ស៊េរី​ឆ្នាំ​១៩៩៦ បើក​បរ​ដោយ​ជន​ជាតិ​កូរ៉េ​​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ចំនួន២​នាក់ បណ្តាល​ឱ្យ​រងរបួស​យ៉ាង​​​ធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​យក​ទៅសង្គ្រោះ​​ភ្លាមៗ​ចំណែក​​ឯ​ម៉ូតូ​បាន​ខ្ទាត​ចំងាយ​៧០​ ម៉ែត្រពីរថ​យន្ត ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង៣ និង​៤៣​នាទី​រសៀលថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០១១ លើ​ផ្លូវ​ជាតិលេខ​៦ ភូមិឈ្នួរ ឃុំឈ្នួរ​មាន​ជ័យ ​ស្រុកសិរី​សោភ័ណ ។
មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា ជន​រងគ្រោះជិះ​ម៉ូតូ​​​ឈ្មោះ​យិន វុទ្ធី ភេទប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​គោកច្រាប ឃុំ​ឈ្នួរមានជ័យ ​ស្រុកព្រះ​នេត្រព្រះ​ ខេត្តបន្ទាយ​មានជ័យ​ និង​អ្នក​រួម​​ដំណើរ​ឈ្មោះម៉ៅ ​ភេទប្រុស​ អាយុ​២៥​ឆ្នាំ ជា​កម្ម​ករ​រោង​ម៉ា​ស៊ីនកិន​ស្រូវ មានស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍​សាត់ ។ ឯ​អ្នក​បើក​បរ​រថ​យន្ត​​បង្ក​ហេតុ​ឈ្មោះ YOUN JANG YOUN ភេទប្រុស អាយុ​៤២​ឆ្នាំ ​​ជា​ជន​ជាតិកូរ៉េ​​ ស្នាក់​នៅភូមិ​សាលា​កន្សែង​ ឃុំស្វាយ​ដង្គំ ស្រុកសៀមរាប ខេត្ត​សៀមរាប ។

​តាមសាក្សី​ដែលឃើញ​​​ផ្ទាល់​ភ្នែកបាន​ប្រាប់​សមត្ថ​ កិច្ច​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​​រថ​យន្ត​​បើក​យ៉ាង​លឿន​ក្នុង​ទិស​​ដៅ​ពី​កើត​ទៅ​ លិច ស្រប​ពេល​នោះ​ជន​រង​គ្រោះ​​បានជិះ​ម៉ូតូ​ចេញ​ពី​រោង​​ម៉ាស៊ីន​កិនស្រូវ​ឆ្លង ​ផ្លូវជិត​ផុតទ្រូងថ្នល់​ទៅហើយ ក៏​ត្រូវ​​រថ​យន្ត​វាក់ជាន់ហ្វ្រាំង​រេ​ចង្កូត​​មកបុក​អ្នក​ជិះ​ម៉ូតូ​ទាំង២ ​នាក់​ពេញ​មួយទំហឹង​​បណ្តាល​ឱ្យ​មនុស្ស​ផ្លោង​ខ្ទាត​ទៅ​បោក​នឹងកញ្ចក់​រថ​ យន្តរង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ចំណែក​​ម៉ូតូខ្ទាត​ចំងាយ​៧០ម៉ែត្រ​ពី មុខ​រថ​យន្ត ។ ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ទាំង​២នាក់​ត្រូវ​បាន​សាច់​ញាតិ​ដឹកយក​ទៅ​​មន្ទី​រ​ពេទ្យ​ ដើម្បីសង្គ្រោះ​បន្ទាន់​ ។

​មន្ត្រី​ប៉ូលិសបានឱ្យដឹង​ទៀតថា អ្នកបើក​បរ​ម៉ូតូមានភាពស្រវឹង​បើក​​ម៉ូតូ​ឆ្លង​ផ្លូវ​ខ្វះការ​​ប្រុង​ ប្រយ័ត្ន ។ ​ចំណែក​ជនជាតិ​កូរ៉េ ក៏​មាន​សភាព​​ស្រវឹង​​ស្រាដែរ ព្រោះគេ​បាន​សារភាព​ថា ​រូបគេ​ទើបមកពី​កន្លែង​កម្មវិធី​​ជប់​លៀងសែន​ចូលឆ្នាំ ចិន​កូរ៉េ ។ បច្ចុប្បន្ន​​ វត្ថុតាង​បង្កគ្រោះថ្នាក់ខាង​លើ ​ត្រូវបាន​សមត្ថ​កិច្ចយកទៅរក្សា​ទុក​នៅស្នង​ការ​ដ្ឋាននគរបាល​ខេត្ត ដើម្បីមាន​វិធានការ​តាម​ច្បាប់​ ។ នេះ​ជា​ការ​បើក​បរ​ស្រវឹង​ទាំងអស់​គ្នា​ទើប​​ខ្វះ​ស្មារតីប្រុងប្រយ័ត្ន ៕

http://kohsantepheapdaily.com.kh/art...03-194548.html