រាជធានីភ្នំពេញ ៖ ក្រុម​អ្នក​លេង​ដាវ និង​កាំបិត​ប័ុង​តោ​២​នាក់​ត្រូវ​កំលាំង​ប៉ូលិស​ប៉ុស្តិ៍​ចោម​​​ចៅ ឃាត់​ខ្លួន​រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ប៉ូលិស​ ខណ្ឌ​ដង្កោ ​ដើម្បី​ចាត់​​​​ការ​បន្ត​ បន្ទាប់​ពី​ជន​ទាំង​ពីរ​នាក់​នោះ ធ្វើ​សកម្ម​ភាព​ដេញ​កាប់​យុវជន​ម្នាក់​​​បណ្តាល​ឱ្យ​របួស​​ដេរ​ចំនួន​៣៦​ ថ្នេរ ។ ហេត​ុការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្បែរ​​រោង​ភាព​យន្ត​ផ្សារ​កាណា​ស៊ីធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ ដង្កោ រាជ​ធានី​ភ្នំពេញ ។

ប្រភព​​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​លេង​ខាង​លើ​ម្នាក់​ឈ្មោះ​​អ៊ូ ចិន្តា ​អាយុ​២០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​ហ៊ិន ឆៃ អាយុ​២០​ឆ្នាំ ​អ្នក​ទាំង​ពីរ​ជា​ជាង​ពិតាន ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​កើត​ហេតុ​ខាងលើ ។ ចំណែក​ឯ​យុវ​ជន​រង​គ្រោះ​ឈ្មោះ​ជា សុភាព អាយុ​២៣​ឆ្នាំ ​កម្មករ​រោង​ចក្រ​ មាន​ទី​លំនៅ​ផ្ទះ​ជួល​ផ្សារ​កាណា​ស៊ី​ធី រង​របួស​ក្បាល​មួយ​កាំបិត​ ចង្កា​​​១​កាំបិត ដៃ​​ស្តាំ​១​កាំបិត កែង​​​ដៃ​ឆ្វេង​១​កាំបិត និង​ជង្គង់​មួយ​កាំបិត ដេរ​ចំនួន​៣៦​ថ្នេរ កំពុង​សំរាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​រួម​ជា​មួយ​មិត្ត​​ភក្តិ​​ប្រុស និង​​ស្រី​៥​នាក់​ទៀត​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​ផ្ទះ​ជួល​​ទៅ​ដើរ​​កំសាន្ត​ នៅ​ម្តុំ​រោង​ភាព​យន្ត​ខាង​លើ ។ លុះ​មួយ​សន្ទុះ​ក្រោយ​មក ​ជន​រង​គ្រោះ​បាន​ទៅ​​ទិញ​អំពៅ​​សាង​ហូប បន្ទាប់​មក​ដើរ​ត្រឡប់​ទៅ​​ផ្ទះ​ជួល​វិញ ស្រាប់​តែ​​មាន​យុវ​ជន​​​ទំនើង​ដែល​អ្នក​លេង​ដាវ និង​កាំបិត​​ប៉័ង​​តោ​​ចំនួន​ពីរ​នាក់​​​ស្ទុះ​រត់​ទៅ​ដេញ​កាប់​​ខ្លួន​ទាំង ​កំរោល​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ បន្ទាប់​មក​ក្រុម​​នេះ​​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់ ។

ប្រភព​ដដែល​បាន​បន្ត​​ថា ក្រោយ​ពេល​មាន​ហេតុ​ការណ៍​​នេះ ​កើត​ឡើង​គេ​ឃើញ​កំលាំង​ប៉ូលិស​​ប៉ុស្តិ៍​ចោម​ចៅ​បាន​​ចុះ​ទៅ​កាន់​កន្លែង​ កើត​ហេតុ​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ចាប់​ខ្លួន​ជន​ទាំង​ពីរ​នាក់​ ខណៈ​​ដែល​ក្រុម​នេះ​​​កំពុង​ពួន​សំងំ​​នៅ​ក្នុង​ផ្ទះ​ជួល។ ប៉ូលិស​និយាយ​ថា ​ហេតុ​ការណ៍​នោះ​កើត​ឡើង​ដោយ​គ្មាន​មូល​ហេតុ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ដើរ​ ដោយ​មិន​ដឹង​ខ្លួន​ ស្រាប់​តែ​​ត្រូវ​​យុវ​ជន​​ទំនើង​​ស្ទុះ​ទៅ​កាប់​​ទាំង​កំរោល​តែ​ម្តង ហើយ​តាម​ការ​សន្និដ្ឋាន​ក្រុម​​នេះ ទំនង​ជា​មាន​​ទំនាស់​ជា​មួយ​អ្នក​ផ្សេង​ដែល​មាន​ភិន​ភាគ​ស្រដៀង​ជន​រង​គ្រោះ ​ទើប​​​ជន​​ទំនើង​​ទាំង​នេះ​​ស្មានថា ​ជា​សត្រូវ​របស់​ខ្លួន​ក៏​​កាប់​ដើម្បី​សង​​សឹក​តែ​ម្តង ។ ​ពេល​​នេះ​​ជន​​អ្នក​លេង​ទាំង​ពីរ​ត្រូវ​បាន​សាក​សួរ​នឹង​​កសាង​សំណុំ​​ ​រឿង ដើម្បី​បញ្ជូន​ទៅ​​កាន់​​តុលា​ការ។ ​ចំណែក​​ឯ​ជន​រង​គ្រោះ​​កំពុង​សំរាក​ព្យា​បាល​របួស​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ ៕

http://kohsantepheapdaily.com.kh/art...203-19111.html