ខេត្តស្ទឹងត្រែង ៖ ក្រុមក្មេងទំនើង​៣នាក់​បាន​ដេញវាយតប់គ្នារត់ចូលក្នុងហាងខារ៉ា​អូខេ​ រាត្រីសប្បាយៗ មាន​ទីតាំងស្ថិតនៅក្នុង​ភូមិស្ពាន​ថ្ម សង្កាត់ស្ទឹង​ត្រែង ក្រុងស្ទឹងត្រែង កាលពី​វេលា​ម៉ោង១១និង​៥នាទីយប់ថ្ងៃទី១ កុម្ភៈ ។ ​ហេតុ​ការណ៍ដេញវាយគ្នាយ៉ាង​អនាធិប​តេយ្យ​នេះ​​ក្រុម​ក្មេង​ទំនើង​ ទាំងនោះបានយកដំបង​ឈើ​ជ្រុងវាយ​កំទេចម៉ូតូស៊េរីទំនើប​ដែលគេទុកក្នុងហាងអស់​ ៣គ្រឿង​ ធ្វើឱ្យមានការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋរស់នៅក្បែនោះ ។

លោកសាយ ស៊ុន ម្ចាស់ហាងខារ៉ាអូខេ រាត្រី​សប្បាយៗបានឱ្យដឹងថា មុនពេលកើត​ហេតុជន ម្នាក់ក្នុងចំណោម៣នាក់ឈោ្មះយ៉ុង បានមកសួរ រកឈ្មោះស៊ី ណាត ជាមេការខារ៉ា​អូខេ តែគាត់ បានឆ្លើយថា មិននៅទេ ហើយពួក​គេក៏បានដើរ ចេញទៅ​វិញ ។ លុះមួយសន្ទុះ​ក្រោយ​​មកស្រាប់ តែឃើញពួកគេដេញវាយ​ជនម្នាក់ទៀតរត់​ចូលមក​ក្នុងហាង​ របស់គាត់ហើយក៏មានការប្រវាយប្រតប់ គ្នា និង​វាយកំទេច​​ម៉ូតូ​៣គ្រឿងរបស់ភ្ញៀវក្នុងហាង​របស់គាត់​ថែមទៀត​ ។

លោកសាយ ស៊ុន បានបន្តថា ពេលជន​ទាំង​៣នាក់កំពុងវាយកំទេច​ម៉ូតូ សមត្ថកិច្ច​កង​រាជអាវុធហត្ថម្នាក់​នៅក្បែរនោះបានផ្ទុះអាវុធ​ចំនួន​ ២គ្រាប់ដើម្បីគំរាម ហើយ​ពេលឮស្នូរ​កាំ​ភ្លើង​ពួកគេបាន​រត់គេចខ្លួនបាត់​អស់​។ ក្នុងពេល​កើតហេតុនោះ គាត់ជា​ម្ចាស់​ហាងក៏បានរាយ​ការណ៍​ដល់សមត្ថកិច្ចប៉ូលិស​ឱ្យមកជួយអន្តរា​គមន៍​ ផងដែរ តែទំរាំមកដល់ក្រុមក្មេង​ទំនើង​ទាំងនោះ​បានរត់​បាត់​អស់ទៅហើយ។ ចំណែក​ប៉ូលិសបាន ត្រឹមតែធ្វើ​កំណត​់ហេតុ និងដឹក​ម៉ូតូ​ទាំង៣គ្រឿង មកកាន់ស្នង​ការដ្ឋាននគរបាលខេត្ត ។

មន្ត្រីប៉ូលិសបានឱ្យដឹងថា ម៉ូតូ៣គ្រឿង ​ដែល​ត្រូវ​ក្រុម​ក្មេង​ទំនើង​វាយកំទេច​​នោះ១-ម៉ូតូម៉ាក ហុងដា ស៊េរី២០១០ ពណ៌ខ្មៅ គ្មាន​ស្លាក​លេខ កម្មសិទ្ធិរបស់ឈ្មោះស៊ី ណាត ភេទ​ស្រី​ ជាមេការ ខារ៉ាអូខេរាត្រីសប្បាយៗបែក​ចង្កៀងមុខក្រោយ និងក្បាំង​ខាងស្តាំ។ ២-ម៉ូតូ​ម៉ាកហុងដា ស៊េរីឆ្នាំ​២០១០ ពណ៌ខ្មៅ ពាក់​ស្លាក​​លេខ 1A-3807 ស្ទឹង​ត្រែង កម្មសិទ្ធិ​របស់ឈ្មោះចាយ ភេទប្រុស ជា​ភ្ញៀវ​​មកច្រៀង​កំសាន្តបែកចង្កៀងខាងមុខ និង៣ -ម៉ូតូម៉ាក​ហុងដា ស៊េរីឆ្នាំ២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ 1A-4882 ស្ទឹងត្រែង កម្មសិទ្ធិរបស់​ឈ្មោះ​ពៅ ភេទប្រុស ជាភ្ញៀវមកច្រៀងកំសាន្ត​បែក​ចង្កៀងខាងមុខ ។ មន្ត្រីប៉ូលិសបានបន្តឱ្យដឹងទៀតថា ក្មេង​ទំនើងទាំងនោះ​គឺជាមុខសញ្ញាចាស់ធ្លាប់​អុកឡុក​ក្នុងក្រុងស្ទឹងត្រែង ក្នុងនោះមាន​ម្នាក់ឈ្មោះយ៉ុង ​ធ្លាប់​ជាប់ពន្ធនាគារម្តងរួចមកហើយ ហើយពេល​ចេញ​វិញបាន២ថ្ងៃក៏បាន​ធ្វើការអុកឡុកទៀត។ បច្ចុប្បន្ន​ សមត្ថកិច្ច​​ប៉ូលិសកំពុងស្វែងរកចាប់​ខ្លួន​ក្រុមក្មេងទំនើងទាំងនោះ ដើម្បីយកមក​ផ្ទន្ទា​ទោសតាមច្បាប់ ៕

http://kohsantepheapdaily.com.kh/art...03-190241.html