រាជ ​ធានី​ភ្នំ​ពេញ​ ៖ ផ្សារ​ធំៗខ្លះ​​ក្នុង​រា​ជ​ធានី​មាន​ផ្សារ​​ធំ​ថ្មី​ ផ្សារ​អូរ​ឫ​ស្សី​ និង​ផ្សារ​អូ​ឡាំ​ពិក​បាន​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ​ដោយ​សារ​តែ​តូប​លក់​ដូរ ​ទាំង​អស់​ត្រូវ​បាន​បិទ​ទ្វារ​។ មិន​មែន​តែ​ផ្សារ​ ធំៗ​ទាំង​នេះ​ទេ ដែល​បិទ​​ការ​លក់​ដូរ ​នៅ​តាម​ផ្សារ​ផ្សេងៗ​ទៀត​ក៏​មាន​ស្ថាន​ភាព​ដូច​គ្នា​នេះ​ដែរ​។ បញ្ហា​នេះ​បាន​ក្លាយ​ជា​រឿង​ធម្ម​តា​មួយ​ ដែល​ឱ្យ​តែ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀត​ណាម​​ផ្សារ​ធំៗ​ទាំង​នេះ និង​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​ធ្លាប់​តែ​បើក​ មនុស្ស​ចេញ​​ចូល​មិន​ដាច់​ និង​មាន​សភាពអ៊ូរ​អរ​នោះ​​បែរ​ជា​ស្ងាត់​ជ្រងំ ។ ​

អាជីវ​ករ​មួយ​រូប​បាន​និយាយ​ថា ការ​ប្រកប​មុខ​របរ​រក​ស៊ី ត្រូវ​តែ​ប្រកាន់​ទំនៀម​ទំលាប់​ដើម្បី​ឱ្យ​រក​ស៊ីមាន​បាន​ក្នុង​​ឆ្នាំ​ថ្មី ​។ ដូច្នេះ​បន្ទាប់​ពី​ថ្ងៃ​សែន​ហើយ​តាម​ទំនៀម​ទំលាប់​គឺ​ត្រូវសំរាក​នៅ​ក្នុង​ ផ្ទះ​ឱ្យ​បាន​មួយ​ថ្ងៃ​ជួប​ជុំ​បង​ប្អូន ហើយ​បន្ទាប់​មក​ទើប​​អាច​ដើរ​កំសាន្ត​​បាន​។ ការ​ប្រកាន់​ខ្ជាប់​ទំនៀម​ទំលាប់​តាម​ជំនឿ​ជន​ជាតិ​ចិន​តាំង​ពី​បុរាណមក​នោះ ​ បាន​ធ្វើ​ឱ្យ​​ជន​ជាតិ​ចិន​នៅ​គ្រប់​ទី​កន្លែង ​រក​ស៊ីមាន​បានធូរ​ធារ​​គ្រប់​ៗ​គ្នា។​ ដូច្នេះ​ហើយ​មិន​ថាតែ​ជន​ជាតិ​ចិន​សុទ្ធ​នោះ​ទេ​ដែល​ប្រកាន់​ទំនៀម​ទំលាប់​ នេះ សូម្បី​តែ​អ្នក​​ជាប់​សែ​ស្រឡាយ​ចិន​ ក៏​បាន​នាំ​គ្នា​គោរព​ប្រតិ​បត្តិ​​ដែរ ។ ហេតុ​នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​ពេល​នេះ​ មើល​ទៅ​ស្រុក​ខ្មែរ​ ឬ​រាជ​ធានី​សុទ្ធ​តែ​ចិន ។

មិន​មែន​តែ​​ផ្សារ​ធំៗ​ទេ ដែល​បិទ​ទ្វារ​ផ្អាក​សកម្ម​ភាព​ធ្វើ​អាជីវ​កម្ម​ សូម្បី​តែ​ហាង​តូច​ធំ​ឬ​កន្លែង​លក់​ដូរ​ផ្សេងៗ​ទៀត​ក៏​បិទ​ទ្វារ​ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​កត់​សំគាល់​​ផង​ដែរ​នោះ​ គឺ​សាលា​រៀន​គ្រប់​​ភូមិ​សិក្សា​​ទាំង​រដ្ឋ​ ទាំង​ឯក​ជន​ក៏​​មិន​មាន​ដំណើរ​ការ​រៀន​សូត្រ​​ដែរ ដូច​ជាសាលា​​រដ្ឋ​ជា​ដើម។ ទោះ​បី​កាល​វិភាគ​សិក្សា​មិន​បាន​រាប់​បញ្ចូល​ជា​ថ្ងៃ​ឈប់​សំរាក​ក៏​ដោយ ក៏​ជា​ស្វ័យ​ប្រវត្តិ​​មិន​មាន​សកម្ម​ភាពរៀន​សូត្រ​នោះ​ទេ​។ គ្រូ​បង្រៀន​មួយ​រូប​បាន​និយាយ​ថា សាលា​អត់​បាន​ឱ្យ​សិស្ស​ឈប់​ទេ តែ​សិស្ស​ភាគច្រើន​បំផុត​ពួក​គេ​មិន​មក​សាលា​រៀន​តាំង​ពី​ថ្ងៃ​សែន​មក​ ហើយ​លោក​គ្រូ​អ្នក​គ្រូ​ខ្លះ​ក៏​សែន​ដែរ ទើប​ការ​សិក្សា​មាន​សភាព​រហេត​រហូត។ ​លុះ​ចូល​មក​ដល់​ថ្ងៃ​​ទី​៣​ កុម្ភៈ ជា​ថ្ងៃ​ដែល​ចិន​ហៅ​ថា ថ្ងៃ​ ឈីវ​អ៊ិត គឺ​គ្រប់​សាលា​គ្មាន​សកម្ម​ភាព​តែ​ម្តង​។ ដោយ​សារ​សកម្ម​ភាព​តាម​ទី​ផ្សារ​ត្រូវ​ផ្អាក​សាលា​រៀន​ក៏​គ្មាន​សិស្ស​មក​ រៀន​ បាន​ធ្វើ​ឱ្យ​តាម​ដង​ផ្លូវ​​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​ មិន​ចោទ​ជា​បញ្ហា​កក​ស្ទះ​ចរា​ចរណ៍​​ឡើយ ហើយ​​ស្ថាន​ភាព​ផ្លូវ​ទូលាយ​ជាង​ថ្ងៃ​ធម្មតា​ដែល​តែង​តែ​កក​ស្ទះ​នៅ​វេលា​ ព្រឹក​និង​ល្ងាច​នោះ៕

http://kohsantepheapdaily.com.kh/art...203-18441.html