
ពោធិ៍សាត់ ៖ រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ទើបតែចាប់ផ្ដើមបានរយៈពេល២ថ្ងៃប៉ុណ្ណោះ មានគ្រោះថ្នាក់ចរាចរ៥ករណី របួសមនុស្ស១០នាក់ធ្ងន់៤នាក់ ស្រាល៦នាក់ បណ្ដាលឲ្យបាក់ជើងមនុស្ស២នាក់។
ប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរជើងគោកបានប្រាប់ កម្ពុជាថ្មីថា គ្រោះថ្នាក់ចរាចនៅខេត្តពោធិ៍សាត់ គឺភាគច្រើនបង្កឡើងដោយម៉ូតូនិងម៉ូតូ ហើយអ្នកបើកបរភាគច្រើនស្រវឹងជោកជាំ ព្រោះប្រហែលជាពួកគេអបអរបុណ្យចូលឆ្នាំចិន-វៀតណាមផង។ ប្រភពដដែលបន្តថា អ្នកបើកបរគ្រោះថ្នាក់ចរាចរទាំងនោះ បណ្ដាលមកពីធ្វេសប្រហែស បើកបរល្បឿនហួសកំណត់ ស្រវឹងជោកជាំ និងមិនបានគោរពច្បាប់ចរាចរ។ ប្រភពដដែលបានឲ្យដឹងទៀតថា អ្នករងគ្រោះទាំងនោះមានចំនួន១០នាក់ កើតឡើង៥ករណី ហើយសុទ្ធតែមិនបានពាក់មួកការពារសុវត្ថិភាពទាំងអស់។
ប្រភពដដែលក៏បានរៀបរាប់ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរនោះ បានកើតឡើងរយៈ ពេល២ថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០១១ កើតនៅស្រុកកណ្ដៀងចំនួន១ករណី នៅក្រុង ពោធិ៍សាត់៣ករណី និងនៅស្រុកក្រគរ១ករណី។
សមត្ថកិច្ចបានសំណូមពរដល់អ្នកបើកបរយានយន្តគ្រប់ ប្រភេទឲ្យគោរពច្បាប់ចរាចរឲ្យបាន គ្រប់គ្នា និងជាពិសេសមិនត្រូវពិសាជាតិស្រវឹងនៅពេលបើកបរនោះទេ ទើបអាចចៀសផុតពីគ្រោះ ថ្នាក់ចរាចរណាមួយជាយថាហេតុ៕
http://www.kampucheathmey.com/local-...-10-33-31.html