ក្រុងប៉ោយប៉ែត ​ ៖ ​ស្ត្រីមាន​ផ្ទៃពោះ​​​៥ខែ ម្នាក់​ស្ថិត​​ក្នុង​បន្ទប់ជួល​នៃ​​​លំនៅឋាន​​របស់​ប្រជា​ពលរដ្ឋ​​​ដែល​សង់​ ​ជាប់​គ្នា​​​​២ល្វែង ​នៅ​ភូមិ​ក្ប​ាល​​ស្ពាន​​​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​បាន​ក្លាយ​​​​ជា​ចំណី​ព្រះអគ្គី​​យ៉ាង​អាណោច​អាធ័ម​​​​​ ដោយសារ​​​ទ្វារ​​ជាប់​សោ​​រកច្រក​ចេញ​​​មិន​រួច​​កាលពីវេលាម៉ោង​​​១០​និង​​ ៤៥​នាទីយប់ថ្ងៃទី​​​២ កុម្ភៈ ​​ចំណែក​​កូន​ប្រុស​​របស់នាង​អាយុ​​​៣​ឆ្នាំ​​​​ម្នាក់ទៀត​​​ត្រូវ​ បានអ្នកជិត​ខាង​ជួយ​សង្គ្រោះ​ចេញ ពី​​អណ្តាត​ភ្លើង​​​​ទាន់ពេល​វេលា ដោយ​ហែក​ទ្វារ​ស័ង្កសី​​យ៉ាង​ប្រផិត​ប្រផើយ​​​ជា​ទីបំផុត ។​
លំនៅ​ឋាន​​​ ២​ល្វែង​​នឹង​បន្ទប់ជួល​​​នោះជា​របស់​ម្ចាស់​​តែ​មួយ ហើយល្វែង​​ខាង​​ម្ចាស់​​រស់​នៅ​​ពុំត្រូវបាន​ឆេះ​​ទាំងស្រុង​​នោះទេ គឺ​គ្រាន់តែ​​​ឆេះ​​អស់ជញ្ជាំង​មួយ​ចំហៀង​​ និង​ផ្នែក​​ខាងក្រោយ​​​​បន្តិច​បន្តួច​​តែប៉ុណ្ណោះ ​ចំណែក​​​ឯល្វែង​​មួយទៀត ​​​ដែល​ខណ្ឌ​ជា​បន្ទប់ជួល​​​ជាប់ៗ​គ្នា​នោះ មាន​​​៦​
ប​ន្ទប់​​​​ ត្រូវបាន​​ក្លាយ​ជា​ផេះ​ផង់​​​ទាំង​ស្រុង ហើយ​ស្ត្រី​​ដែល​មានផ្ទៃពោះ​​​​៥ខែ ​ស្នាក់នៅ​​ក្នុងនោះ​​​ក៏​បាន​​​ស្លាប់​យ៉ាងអា​ណោច​អាធ័ម​​​ ព្រោះ​​តែ​ភ្លើង​​ឆេះ​រួញ​​មើល​​លែង​​យល់​ថា ជា​អ្នកណា​​ទៅ​ហើយ។ សព​ស្ត្រី​​​រងគ្រោះ​​ឈ្មោះ​កែវ វណ្ណា អាយុ​​២៩​ឆ្នាំ ​ជា​ជាង​​​ដេរ​ខោអាវ​ ស្នាក់នៅ​​បន្ទប់ជួល​​​កន្លែងកើតហេតុ​​ ​មានប្តី​​​ឈ្មោះ​​ជាម បញ្ញា ​អាយុ​​​៣០​ឆ្នាំ ​ជា​សន្តិសុខ​​នៅ​​ហាង​ខារ៉ាអូខេ ​ពន្លឺ​​នាគ​ទិព្វ ។​ ខណៈ​​​ព្រះ​អគ្គីភ័យ​​កំពុង​​ឆាបឆេះ​​គេ​ឃើញ​​រថ​យន្ត​ពន្លត់​​អគ្គីភ័យ​ របស់​ក្រុមហ៊ុន​កាស៊ីណូ​២​គ្រឿង​​ ព្រម​ជា​មួយ​​កង​កំលាំង​ប៉ូលិស​​​​​​​ ប៉េអឹម​ក្រុង ​ចូលទៅធ្វើអន្តរាគមន៍​​​​បាញ់ពន្លត់​​​យ៉ាង​ញាប់ដៃ​​​ញាប់ជើង​​​ ក្រោម​​សម្រែក​​​ទ្រហោ​យំ​​របស់​បុរស​​ជា​ប្តី​​ស្វែង​រក​​ប្រពន្ធ និង​កូន​​ប្រុស​តូច​​ យ៉ាង​កង​រំពង​​គួរ​ឱ្យ​រន្ធត់​​​​ដែល​​កំពុង​តែ​​តតេះ​តតះ​​ក្នុង​បន្ទប់ជួល ​យ៉ាង​​លំបាក​បំផុត ។​
បុរសជា​ប្តី​បានប្រាប់​​ថា ពេល​ហេតុការណ៍​​កើតឡើង​​ ខ្លួន​មិន​​​​នៅ​​ក្បែរប្រពន្ធ​​​នោះទេ គឺ​រវល់​​នៅ​យាមកាម​​ឯហាង​ខារ៉ាអូខេ ពន្លឺ​នាគ​ទិព្វ នោះ។​ លុះពេល​​អណ្តាត​ភ្លើង​​ត្រូវបាន​ពន្លត់​​​ទាំង​ស្រុង​​​​ខ្លួន​បាន​​សុំ​ឱ្យ ​​សមត្ថ​កិច្ច​​ជួយដើរ​​វែក​រក​​​​ប្រពន្ធ និង​​កូន​ប្រុស​របស់ខ្លួន​អាយុ​​​៣​ឆ្នាំ ​ម្នាក់​ទៀត​​ដែលបាត់​​ក្នុង​​ហេតុការណ​៍​​​អគ្គីភ័យ​​ ប៉ុន្តែ​ភ្លាមៗ​នោះ​​​រកឃើញតែសព​ប្រពន្ធ​​​​​ក្លាយ​ជា​​ចំណី ភ្លើង​​ឡើង​រួញ​ក្រញង់​​ទៅហើយ ។ ចំណែក​កូន​ប្រុស ​សំណាង​ល្អ​​​ត្រូវ​បាន​​អ្នក​​ស្នាក់នៅ​​បន្ទប់ជួល​​​ជាប់​គ្នា​​​ជួយហែក​​ ស័ង្កសី​​ទ្វារ​យក​​​ចេញមក​ក្រៅ​​​ទាន់​ពេលវេលា​​ ខណៈ​​​អណ្តាត​ភ្លើង​​​កំពុង​ឆាប​ឆេះ​​នោះ ៕
http://kohsantepheapdaily.com.kh/art...02-233534.html