ខេត្តកំពង់ឆ្នាំង ​ ៖ ​បុរស​មាន​ជំងឺ​ប្រចាំកាយ​ម្នាក់បាន​​ត្រដរខ្យល់​​ ខណៈ​ធ្វើដំណើរ​​​តាម​រថ​យន្ត​ក្រុង​ពីខេត្ត​​ពោធិ៍សាត់ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះមកដល់​ចំណុច​​ភូមិ​​ដំណាក់​​​ពពូល​​ សង្កាត់​​កំពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ក៏ស្រាប់​តែ​​រក​កល់​​ដាច់ខ្យល់​​ ។ ប្រពន្ធ​​ឃើញ​​​ដូច្នេះ​​ក៏បាន​​ឃាត់​រថ​យន្ត​​ឱ្យឈប់​ ហើយក៏​​បានដាក់​ប្តីគាត់​ចុះ​​ និង​បន្តិច​ក្រោយ​មក​​ បុរស​នោះក៏បាន​ដាច់​ខ្យល់​​ស្លាប់​ទៅ នៅតាមចិញ្ចើម​ផ្លូវ​ ។​ ហេតុការណ៍​​នេះធ្វើ​ឱ្យមានការ​ភ្ញាក់​ផ្អើល​​នា​វេលាម៉ោង​​១​និង​៤៥​នាទី​ រសៀលថ្ងៃទី​​២ កុម្ភៈ ។ ​មនុស្ស​ម្នា​​បានចោមរោម​​​មើល​បុរស​ដែលស្លាប់​ក្នុង​រង្វង់​​ដៃ​ប្រពន្ធ​​ ដោយខ្លះ​​បានចូលរួម​​ជួយ​ឧបត្ថម្ភ​​​ជា​ប្រាក់​​ទៀតផង ។

​ស្ត្រី​​ជា​ប្រពន្ធ​​​បានរៀបរាប់​​​ថា រូបគាត់​​ឈ្មោះ​​ហ៊ុន តឹង អាយុ​​​៤២​ឆ្នាំ ចំណែក​​ប្តីគាត់ឈ្មោះ​​ផាត់ ផល អាយុ​៣៨​ឆ្នាំ ​។ ប្តី​​គាត់មាន​ជំងឺ​​ប្រចាំកាយ​​ គឺ​ខូច​​ផ្នែក​តម្រងនោម​​ បានសំរាកព្យាបាល​​នៅ​​​​មន្ទីរ​ពេទ្យ​ភ្នំពេញបានធូរ​ស្រាល​​មួយរយៈ​​ ពេទ្យ​ក៏​​ឱ្យទៅ​ផ្ទះវិញ​ ។ ផ្ទះ​គាត់​ស្ថិត​នៅ​ភូមិអន្លុង​ហាប ​ឃុំកោះ​ជុំ ស្រុក​កណ្តៀង ខេត្ត​​ពោធិ៍សាត់ ។ នៅ​​ថ្ងៃ​ទី​២ កុម្ភៈ នេះ​ ពេទ្យ​ភ្នំពេញ​​បាន​ឱ្យគាត់​​នាំប្តី​​ទៅពិនិត្យ​​ជា​ថ្មី ទើប​គាត់​​នាំ​ប្តី​ជិះរថយន្តក្រុង​​​ចេញ​ពីពោធិ៍​សាត់​​ ទៅ​ភ្នំពេញ ដើម្បី​ចូល​​មន្ទីរ​ពេទ្យ​ពិនិត្យ​ជំងឺ​ជា​ថ្មី ។ លុះ​​មក​ដល់​​ខេត្តកំពង់​ឆ្នាំង ប្តីគាត់​បាន​​ត្រដរខ្យល់​ ឃើញ​​ដូចនេះ គាត់​ក៏​​បាន​​ឱ្យ​រថយន្ត​​ក្រុងឈប់​​​ដើម្បី​ដាក់​ប្តីគាត់​ចុះ ហើយ​បាន​​បន្តិច ​ប្តី​​ក៏​ដាច់​ខ្យល់​ស្លាប់​​តែ​ម្តង ។​ ប៉ូលិស​​បានចាត់ចែង​​ហៅ​រថយន្ត​​​ពេទ្យ​ដឹក​​សព​បុរស​នោះ​ទៅដាក់​នៅ​​វត្ត​ ខ្សាម​​ជា​បណ្តោះ​អាសន្ន​ រង់ចាំ​​រថយន្ត​ដឹក​​សព​​បន្ត​ទៅ​​ផ្ទះ​ឯ​ខេត្ត​​ពោធិ៍​សាត់​​វិញ ៕​

http://kohsantepheapdaily.com.kh/art...02-190216.html