ខេត្ត​ក្រចេះ ៖ ទារក​​​អាយុ​​១០​ខែ​ម្នាក់​​​បាន​​ស្លាប់ក្នុង​​អណ្តាត​ភ្លើង ខណៈ​ពេល​ដែល​ម្តាយ​​ដាក់​ឱ្យ​ដេក​ក្នុ​ង​អង្រឹង​ ហើយ​ក៏​ត្រូវ​ភ្លើង​ចង្ក្រាន​​រាល​ឆេះ​ផ្ទះ​គ្មាន​សល់ ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ កុម្ភៈ ទៅ​លើ​​លំនៅ​ឋាន​របស់​​​ពល​រដ្ឋ​ក្រីក្រ​មួយ​មាន​ទីតាំង​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ខា​ងក្រោយ​បន្ទាយ​អង្គ​ភាពវរ​សេនា​តូច​លេខ​២ ។ លោក​​អនុ​សេនីយ៍​ទោ ភិន ម៉ុល នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​​សង្កាត់​អូរ​ឫស្សី បាន​ឱ្យ​ដឹង​ថា ផ្ទះ​របស់​​គ្រួសារ​រងគ្រោះ​ដែល​ជួប​ឧប្បត្តិ​ហេតុ​នេះ​មាន​ទំហំ​៤​​ម៉ែត្រ​ គុណ​៦​ម៉ែត្រ ធ្វើ​​ពី​ឈើ​ប្រក់​ស្បូវ​ ជញ្ជាំង​ស្លឹក​ងាយ​ឆាប​ឆេះ​បំផុត ។ ​មហន្ត​រាយ​នេះ​បណ្តាល​ឱ្យ​បាត់​បង់​សំភារ​ប្រើ​ប្រាស់​​ទាំង​​ស្រុង រួម​ទាំង​អង្ករ​១​បាវ លុយ​ចំនួន​៤០​ម៉ឺន​រៀល ព្រម​ទាំង​ជីវិត​ទារក​ម្នាក់​​អាយុ​១០​​ខែ​ផង​ដែរ ។

​បុរស​ជា​ប្តី​ឈ្មោះ​យឹម សយ អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​​ណន សល់ អាយុ​៤២​ឆ្នាំ មាន​កូន​ចំនួន​បី​នាក់ ទាំង​កូន​តូច​រងគ្រោះ។ ​កាល​ពី​ថ្ងៃ​កើត​ហេតុ​គាត់​ជាប់​រវល់​​នៅ​អង្គ​ភាព ឯ​​ប្រពន្ធ​របស់​គាត់​បាន​បំបៅ​កូន​ឱ្យ​ដេក​​ក្នុ​ងអង្រឹង​លើ​ផ្ទះ ហើយ​ដាក់​ដាំ​បាយ​ទុក​ចោល​រួច​ក៏​ដើរ​ទៅ​ទិញ​គ្រឿង​សម្ល​​នៅ​​​ចំងាយ​ប្រមាណ ​ជិត​២​រយ​ម៉ែត្រ​ពី​​ផ្ទះ។ ពេល​នោះ​​ភ្លើង​ចង្ក្រាន​ដែល​ខ្ទាត​​ដោយ​កំលាំង​ខ្យល់​បក់​​ឡើង រាល​ឆេះ​ផ្ទះ ដោយ​មិន​មាន​នរណា​​ជួយ​ទាន់​​ឡើយ​បណ្តាល​ឱ្យ​កូន​តូច​ឈ្មោះ​សុខ នី ភេទ​ប្រុស ​មាន​អាយុ​ទើប​តែ​១០​ខែ​ដែល​​ម្តាយ​​បាន​ដាក់​​ឱ្យ​ដេក​ក្នុង​អង្រឹង​បាន​​ ស្លាប់​ក្នុង​អណ្តាត​ភ្លើង​​យ៉ាង​អាណោច​អាធ័ម​​​បំផុត។

ចំណែក​​កូន​ពីរ​នាក់​ទៀត​ដែល​មាន​អាយុ​៣​ឆ្នាំ និង​​៩​ឆ្នាំ បាន​រត់​ចេញ​ផុត​ពី​អណ្តាត​ភ្លើង​ទាន់​ពេល ។ តាម​ប្រភព​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​រង​គ្រោះ​​ខាង​លើ​នេះ ឧស្សាហ៍​ទុក​កូន​​តូចៗ​ចោល​នៅ​ផ្ទះ​ជា​​ញឹក​ញាប់​ណាស់ ហើយ​កាល​ពី​ថ្ងៃ​កើត​ហេតុ​​ប្រជា​ពល​រដ្ឋ​​បាន​ស្ទុះ​ចូល​ទៅ​ជួយ​យក​ទារក​ ដែល​ដេក​ក្នុង​អង្រឹង​ដែរ តែ​មិន​អាច​​ចូល​​បាន​ដោយ​សារ​តែ​អណ្តាត​ភ្លើង​ឆេះ​សន្ធោ​​សន្ធៅ​​រួច​ទៅ​ ហើយ ៕

http://kohsantepheapdaily.com.kh/art...02-191125.html