ក្រុង​ប៉ោយ​ប៉ែត​​ ៖ ស្ត្រី​ម្នាក់​បាន​យក​ពស់​ថ្លាន់​២​ក្បាល​ទៅ​​ប្រគល់​ឱ្យ​ប៉ូលិស​នៅ​អធិការ​ ដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ​ និង​​ប្រាប់​ថា គាត់​ចាប់បាន​​នៅ​ខាង​ក្រោយ​ភូមិ​របស់​គាត់​។ ស្ត្រីរូប​​នោះ​​ឈ្មោះ​អៀម ម៉ាប់ អាយុ​៤៤​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ប៉ោយ​ប៉ែត​។ ចំពោះ​ពស់​ថ្លាន់​ទាំង​២​ក្បាល​នោះ​ទំងន់​ប្រហែល​២០​គីឡូ​ក្រាម​ និង​មួយ​ក្បាលៗ​មាន​ប្រវែង​​ប្រហែល​៣​ម៉ែត្រ​ តែ​​ពស់​ញី​ធំ​ជាង​ពស់​ឈ្មោល​។ តាម​ការ​រៀប​រាប់​របស់​ស្ត្រី​នោះ​​ឱ្យ​ដឹង​ថា គាត់​ និង​​កូន​ប្រុស​ឈ្មោះ​ម៉ៅ ទី អាយុ​១២​ឆ្នាំ បាន​​ចាប់​ពស់​ទាំង​២​ក្បាល​​កាល​ពី​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​១ កុម្ភៈ ​​នៅ​ខាង​ក្រោយ​ភូមិ​របស់​គាត់​នៅ​ពេល​គាត់​ដើរ​​រក​អុស​​​​។ គាត់​ជួបពស់​ទាំង​២​ក្បាល​ពេល​កំពុង​ស្គារ​គ្នា។

លោក​អនុ​សេនីយ៍​ឯក​អ៊ុំ​ សុផល អធិការ​នគរ​បាល​ក្រុង​​ពេល​ទទួល​ពស់​ទាំង​២​ក្បាល​ពី​ស្ត្រី​រូប​នោះ​ លោក​មាន​ការ​ត្រេក​អរ​​ ហើយបាន​ជូន​ប្រាក់​ចំនួន​​១៣​មឺុន​រៀល​ដល់​គាត់​ជា​ការ​លើក​ទឹក​ចិត្ត​ ព្រោះ​ប្រសិន​បើធ្លាក់​ដល់​ដៃ​ឈ្មួញ​នឹង​ក្លាយ​ជា​ចំណី​ ឬ​ក៏​ត្រូវ​គេ​នាំ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​មិន​ខាន​។ ស្ត្រី​ឈ្មោះ​អៀម​ ម៉ាប់ មុន​ពេល​ត្រឡប់​ទៅ​ផ្ទះវិញ​ត្រូវ​​លោក​អធិការ​ណែ​នាំ​កុំ​ឱ្យ​ចាប់​ពស់​ទៀត​ ដោយ​លោក​ពន្យល់​ថា សត្វ​ព្រៃ​​គួរ​តែ​នាំ​គ្នា​អភិរក្ស​ ព្រោះ​បច្ចុប្បន្ន​កាន់​តែ​ជិត​ដាច់​ពូជ​ហើយ​ ដោយ​សារ​តែ​ឈ្មួញ​ខិល​ខូច​លួច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ ពស់​ទាំង​២​ក្បាលនោះ​លោក​អធិការ​ប្រាប់​ថា លោក​នឹង​ប្រគល់​ឱ្យ​ផ្នែក​មេ​ព្រៃ​យក​ទៅ​អភិ​រក្ស​​ក្នុង​តំបន់​ធម្ម​ជាតិ​ វិញ​ក្រោយ​ពេល​​ធ្វើ​កំណត់​ហេតុ​រួច ៕

http://kohsantepheapdaily.com.kh/art...02-191842.html