ភ្នំពេញ*៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ តាមបណ្តោយផ្លូវជាតិលេខ ៦ អា ត្រូវបានរលត់ទាំងស្រុងហើយ រហូតមក ដល់វេលាម៉ោង ២ និង ២៥ នាទី រសៀលថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១១ បន្ទាប់ពីមានអន្តរាគមន៍ ពីកម្លាំងពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយមាន ការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១ និង ៣០ នាទី ទៅលើផ្ទះប្រជាពលរដ្ឋពីរខ្នង ធ្វើអំពីថ្មក្រោម ឈើលើ ដែលពេល កើតឡើងនោះ ម្ចាស់ផ្ទះមិននៅនោះទេ ដោយចាក់សោរទ្វារជិត ។
ប្រភពបានបន្តថា អគ្គិភ័យនេះ អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលម្ចាស់ផ្ទះបិទទ្វារជិត រួច ធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យ ចូលឆ្នាំចិន-វៀតណាម ។ នៅកន្លែង កើតហេតុគេ សង្កេតឃើញរថយន្តពន្លត់អគ្គិភ័យ ចំនួន ៨ គ្រឿង ដែលបានអន្តរាគមន៍ពន្លត់ភ្លើងនៅទីនោះ ។
http://dap-news.com/index.php?option...news&Itemid=50