បាត់ដំបង ៖ វា​ជា​រឿង​គួរ​ឲ្យ​ហួស​ចិត្ត​នៅ​ពេល​ដែល​រដូវ​សែន​ចូល​ឆ្នាំ​ចិន-វៀតណាម​ឈាន ​ចូល​មក​ដល់ ស្រាប់​តែ​ប៉ូលិស​បាន​ដៃ​ដេញ​ចាប់​បង្រ្កាប​បាន​ជ្រូក​ខ្វៃ​ប្រជាពលរដ្ឋ​១​ ក្បាល ដែល​ដឹក​បម្រុង​យក​ទៅ​សែន ជូន​ដូន​តា​​នា​រដូវ​បុណ្យ​ទាន។ ទោះ​ជា​ប្រជាពលរដ្ឋ​អង្វរ​យ៉ាង​ណា លើក​ដៃ​សំពះ​យ៉ាង​ណា ក៏​ប៉ូលិស​​រូប​នោះ​គ្មាន​ធម៌​មេត្តា​ដែរ​ លុះត្រាតែ​បង់​ប្រាក់​២០​ម៉ឺន​រៀល​ទើប​អនុញ្ញាត​ឲ្យ​យក​ជ្រូក​ខ្វៃ​នោះ​ទៅ​ សែន​បាន។

ការ​ដេញ​បង្រ្កាប​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨​និង​៤៥ ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​វត្ត​តាមឹម ឃុំ​វត្ត​តាមឹម ស្រុក​សង្កែ ខេត្ត​បាត់ដំបង គឺ​ធ្វើ​ឡើង​ដោយ​​ប៉ូលិស​ម្នាក់ ដែល​គេ​ស្គាល់​ថា​ឈ្មោះ ផា ​បាន​ដេញ​ចាប់​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ដឹក​ជ្រូក​ខ្វៃ​តាម​ផ្លូវ​បម្រុង​យក​ ទៅ​សែន​ជូន​ដូន​តា។​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​ផ្លូវ​ក៏​ត្រូវ​ប៉ូលិស​ រូប​នោះ កាក់​ជាប់​និង​ឃាត់​ជ្រូក​ខ្វៃ​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅ​ទៀត​បាន​ទេ ដោយ​គេ​សំអាង​ថា​គ្មាន​លិខិត​អនុញ្ញាត​ដឹក​ជ្រូក​ខ្វៃ​មួយ​ក្បាល​នោះ។



បុរស​ជា​ម្ចាស់​ជ្រូក​ខ្វៃ​ឈ្មោះ​បូ បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា រូប​គាត់​បាន​ចិញ្ចឹម​ជ្រូក​ចំនួន​៦ ក្បាល​នៅ​នឹង​ផ្ទះ ហើយ​ដល់​រដូវ​ចូល​ឆ្នាំ​ចិន-វៀតណាម ក៏​នឹក​ឃើញ​ចង់​សែន​ជូន​ដូន​តា ក៏​បាន​ខ្វៃ​ជ្រូក​មួយ ក្បាល រួច​ដឹក​ពី​ផ្ទះ​ទៅ​កន្លែង​សែន​នៅ​ផ្ទះ​បង​ប្អូន។ ប៉ុន្តែ​ជា​អកុសល​ស្រាប់​តែ​ធ្វើ​ដំណើរ​បាន​ត្រឹម​ពាក់​កណ្ដាល ផ្លូវ​ត្រូវ​ប៉ូលិស​ឈ្មោះ​ផា​ ឃាត់​ជ្រូក​ខ្វៃ​នោះ​ជាប់ ដោយ​គេ​អះអាង​ថា ចាប់​តាម​បញ្ជា​របស់​លោក​លឹម ភឿន​​ជា អ្នក​ម៉ៅ​ការ​កុង​ស៊ី​នៅ​ក្រុង​បាត់ដំបង។ លោក​បាន​បន្ត​ថា នៅ​ពេល​ចាប់​ភ្លាម​ៗ​លោក​បាន​លើក​ដៃ​អង្វរ​សុំ​ឲ្យ ប៉ូលិស​រូប​នោះ​អនុគ្រោះ ប៉ុន្តែ​គេ​នៅ​តែ​មិន​ព្រម រួច​រឹប​អូស​ជ្រូក​ខ្វៃ​មួយ​ក្បាល​នោះ យក​ទៅ​រក្សា​ទុក​នៅ​អធិការ ដ្ឋាន​នគរបាល​ស្រុក​សង្កែ។​ ជន​រង​គ្រោះ​បាន​បន្ត​ថា ប៉ូលិស​រូប​នោះ​បាន​និយាយ​ថា​​លុះ​ត្រា​តែ​​បង់​ប្រាក់​​ឲ្យ​លោក​ប៉ូលិស​ ជំនាញ​រូប​នោះ ចំនួន​២០​ម៉ឺន​រៀល ទើប​អនុញ្ញាត​ឲ្យ​ជ្រូក​ខ្វៃ​នោះ​មាន​សេរីភាព​ឡើង​វិញ។

ដោយ​មិន​ចង់​មាន​ទំនាស់ ជន​រង​គ្រោះ​ជា​ម្ចាស់​ជ្រូក​ខ្វៃ​ក៏​បាន​ប្រគល់​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល​ ​ឲ្យ​​លោក​ប៉ូលិស​​រូប​នោះ ទើប​បាន​យក​ជ្រូក​ខ្វៃ​ទៅ​សែន​ព្រេន​ជូន​ដូន​តា​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ ចិន​-វៀតណាម​នោះ​បាន៕

http://www.kampucheathmey.com/local-...-02-23-54.html