
ភ្នំពេញ : នៅក្នុងការិយាល័យ នាម៉ោងសម្រាកទទួលទានអាហារថ្ងៃត្រង់ កញ្ញា ចាន់ រស្មី ដែលអង្គុយលើកៅអីវិល កំពុងតែសម្លឹងមិនដាក់ភ្នែកទៅទំព័រទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) លើអេក្រក់កុំព្យូទ័រ ដើម្បីជ្រែមើលរូបភាពរ៉ូបស៊េរីខ្លី សម្រាប់ស្លៀកទៅពិធីជប់លៀង មុននឹងវាយសារបញ្ជាទិញផ្ញើទៅកាន់អ្នកលក់ ដែលកញ្ញាមិនដែលស្គាល់មុខទាល់តែសោះ។
ដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាបានកើនឡើងដល់ទៅ ២២៧ ២៨០ នាក់ នៅ ៦ ខែចុងក្រោយនេះ សកម្មភាពលក់ផលិតផលតាមបណ្ដាញទំនាក់ទំនងសង្គម កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ខណៈដែលបច្ចេកវិទ្យាបានសម្រួលភាពមមាញឹករបស់ស្ត្រី ពីការដើរផ្សារតថ្លៃក្រោមកម្ដៅថ្ងៃក្ដៅហែង ទៅជាការអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ហើយបញ្ជាទិញដោយប៊ូតុងទូរស័ព្ទទៅវិញ។
ក្នុងចំណោមអ្នកដែលនិយមទិញខោអាវតាមអ៊ីនធឺណិត កញ្ញា រស្មី ដែលជាបុគ្គលិកបម្រើការនៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ បានជាខ្ញុំចូលចិត្តទិញខោអាវតាមហ្វេសប៊ុក ពីព្រោះវាងាយស្រួលនិងអត់ចំណាយពេលច្រើនដូចការដើរទិញតាមផ្សារ។
កញ្ញាវ័យ ២៥ ឆ្នាំរូបនេះ បានបង្ហើបពីគុណសម្បត្តិប៉ុន្មានចំណុចទៀតថា ការទិញខោអាវតាមហ្វេសប៊ុក គឺសន្សំសំចៃពេលវេលា មិនចាំបាច់បង់ថ្លៃសេវាដឹកជញ្ជូននិងជួនកាលទទួលបានទំនិញ ដែលប្លែកជាងនៅតាមទីផ្សារទៀតផង។
យោងតាមស្ថិតិរបស់ហ្វេសប៊ុក ៨០ ភាគរយនៃចំនួនអ្នកប្រើប្រាស់វិបសាយនេះគឺជាមនុស្សអាយុចន្លោះពី ១៨ ទៅ ៣៤ ឆ្នាំ ខណៈដែលអ្នកប្រើប្រាស់ជាស្ត្រីមាន ៤០ ភាគរយ ស្មើនឹង ៧២៧៣០ នាក់។ នេះបើយោងតាមវិបសាយ Facebakers.com ដែលប្រមូលនូវទិន្នន័យអ្នកប្រើប្រាស់វិបសាយដ៏ពេញនិយមចំណាត់ ថ្នាក់លេខ ២ មួយនេះ បន្ទាប់ពីគេហទំព័រស្រាវជ្រាវ Google.com។
ការពេញនិយមសឹងមិនគួរឲ្យជឿនៃវិបសាយហ្វេសប៊ុក បានធ្វើឲ្យកញ្ញា សុភា ជាម្ចាស់ហាង ត្រេនឌី សប (Trendy Shop) ដែលជាអ្នកបម្រើការឲ្យក្រុមហ៊ុនមួយ សម្រេចចិត្តទាញយកចំណូលបន្ថែមពីការលក់សម្លៀកបំពាក់តាមបណ្ដាញ ទំនាក់ទំនងសង្គមនេះ។
ជួបជាមួយភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទ កញ្ញា សុភា បានថ្លែងពីមូលហេតុនៃការបើកហាងរបស់ខ្លួនកាលពីចុងឆ្នាំ២០១០ នេះថា៖
ខ្មែរយើងភាគច្រើនចូលចិត្តទិញខោអាវតាម អ៊ីនធឺណិត ប៉ុន្តែអ្នកខ្លះគេអត់ដឹងថា ត្រូវទិញរបៀបណាទេ ពីព្រោះការទិញពីវិបសាយបរទេសត្រូវបង់ថ្លៃវេចខ្ចប់ និងពន្ធច្រើន។
កញ្ញាវ័យម្ភៃស្ដើង រូបនេះបានបន្តថា៖
អ៊ីចឹង ខ្ញុំក៏បង្កើតការលក់ខោអាវតាមហ្វេសប៊ុក ធ្វើជាអ្នកចែកចាយលក់ ក្នុងតម្លៃមួយសមរម្យវិញ ហើយម៉្យាងទៀត ហ្វេសប៊ុក ឥឡូវក៏មានភាពល្បីណាស់ដែរ។
អតិថិជនរបស់កញ្ញាភាគច្រើនគឺជាមនុស្សអាយុក្រោម ៣០ ឆ្នាំ ហើយខោអាវដែលលក់ដាច់ជាងគេ គឺម៉ូដស្លៀកទៅធ្វើការ និងឈុតពិធីជប់លៀង ដែលនាំចូលពីប្រទេសចិន ក្នុងតម្លៃលក់ជាមធ្យមចាប់ពី ១០ដល់ ៥០ ដុល្លារ ជាមួយនឹងសេវាដឹកជញ្ជូនដល់កន្លែងដោយឥតគិតថ្លៃ។
យ៉ាងណាមិញ បន្ទាប់ពីប្រកបអាជីវកម្មក្រៅម៉ោងនេះ អស់ជាងបីខែ ចំនួនអតិថិជនមានការធ្លាក់ចុះ ដោយសារទីផ្សារកាន់តែមានការប្រកួតប្រជែង ជាមួយនឹងវត្តមានអ្នកលក់ដទៃទៀតតាមហ្វេសប៊ុក។
ម្ចាស់ហាង ស៊ូព័រ ខូលិចសិន (Supor Collection) ដែលសុំមិនបង្ហាញអត្តសញ្ញាណខ្លួននោះ បានឲ្យដឹងថា ការធ្វើជំនួញតាមហ្វេសប៊ុកនេះចាប់ផ្ដើមឡើងនៅខែវិច្ឆិកាឆ្នាំមុន ដោយសារតែកញ្ញា ឃើញមនុស្សកាន់តែច្រើននិយមរកស៊ីដូច្នេះ។
សម្រាប់ហាង ស៊ូព័រ ខូលិចសិន សម្លៀកបំពាក់គឺនាំចូលពីប្រទេសចិន ហើយអតិថិជនត្រូវបង់ថ្លៃសេវាបន្ថែមសម្រាប់ការដឹកជញ្ជូនដល់ កន្លែង។
ប៉ុន្តែអាជីពដែលដកដង្ហើមរស់ដោយសារប្រាក់ធ្លាក់ពីដៃអ្នក ធ្វើការ និងសិស្សសាលា បែបនេះ ត្រូវបានម្ចាស់ហាងសារភាពថា៖
វាលក់ដាច់មែន ប៉ុន្តែមិនសូវចំណេញដូចលក់នៅផ្សារទេ។
ផ្ទុយទៅវិញ កញ្ញា រស្មី ដែល មានបទពិសោធខាងជ្រែមើលខោអាវរកតម្លៃថោកនោះ បានឲ្យដឹងថា៖
តម្លៃខោអាវលក់តាមហ្វេសប៊ុក វាថ្លៃជាងទីផ្សារតិចតួចប៉ុណ្ណោះ ហើយវាជារឿងធម្មតាទេ។
ក្នុងនាមអតិថិជនចាស់ខែមួយរូប កញ្ញា ចង់ឲ្យមានហាងលក់តាមហ្វេសប៊ុកឲ្យកាន់តែច្រើន ដើម្បីផ្ដល់ភាពងាយស្រួល សម្រាប់សុភាពនារីទាំងឡាយ ដែលគ្មានពេលដើរផ្សារ។
ដោយគ្រាន់តែចូលវិបសាយហ្វេសប៊ុក ហើយវាយឈ្មោះហាងខាងលើ លោកអ្នកអាចចុចមើលរូបភាពម៉ូដសម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងអលង្ការកាឡៃជាច្រើន ជាមួយនឹងការពិពណ៌នាទំហំ ពណ៌ តម្លៃ និងលេខកូដ។ នៅពេលដែលឃើញទិញទំនិញណាមួយទាក់ភ្នែកនោះ លោកអ្នកគ្រាន់តែចុចទូរស័ព្ទ ផ្ញើសារ តាមហ្វេសប៊ុក ឬអ៊ីមែល ទៅកាន់អ្នកលក់នោះវាជាការស្រេច។
ក្នុងចន្លោះពី ៥ ទៅ ៧ ថ្ងៃក្រោយ លោកអ្នកគ្រាន់តែត្រៀមប្រាក់សម្រាប់ទូរទាត់ពេលទំនិញមកដល់ដៃនិង ត្រៀមចិត្ត ត្រៀមអារម្មណ៍ ដោយសារជួនកាលទំនិញជាក់ស្ដែង អាចខុសគ្នាបន្តិចបន្តួចពីរូបភាពនៅលើអេក្រង់កុំព្យូទ័រ។
ដូចដែលអ្នកលក់បានសរសេរលើវិបសាយរបស់ពួកគេថា៖
សូមបញ្ជាក់ថា ដោយសារការពិពណ៌នាមានព្រំដែន ដូច្នេះរូបភាព និងទំនិញជាក់ស្ដែងអាចមានភាពខុសគ្នា ដោយមិនអាចចៀសរួច។ ពណ៌បង្ហាញលើវិបសាយ មិនដូចពណ៌ផលិផលមែនទែន ១០០ ភាគរយនោះទេ៕
http://khmer.phnompenhpost.com/index...tyle&Itemid=79