
រាជធានីភ្នំពេញ ៖ នៅជុំវិញផ្សារអូរប្ញស្សីព្រឹកថ្ងៃទី១ កុម្ភៈ ២០១១ ជ្រូកខ្វៃ និងទាខ្វៃ ត្រូវគេដាក់តាំងលក់ក្រហមច្រាល ហាក់បីដូចជាគ្រឿងលំអតាមដងវិថី ។ ឆ្នាំនេះសេដ្ឋកិច្ចគ្រួសារមិនឡើងមិនចុះ តែជំនឿ និងការគោរព
ទំនៀមទំលាប់របស់ប្រជាពលរដ្ឋដែលមានសែស្រឡាយចិនពេញចិត្ដពេញថ្លើម នឹងការរៀបចំពិធីសែនព្រេនរៀងៗខ្លួន ។ ចំណែកហាងឆេងជ្រូកខ្វៃថ្ងៃធម្មតាទំងន់ពី៣ទៅ ៦គីឡូក្រាម ក្នុង១គីឡូក្រាមថ្លៃ៣ម៉ឺន៥ពាន់រៀល ឯទំងន់ពី៨ទៅ១៣គីឡូក្រាមក្នុង១គីឡូក្រាមថ្លៃ៣ម៉ឺនរៀល ។
ជួបជាមួយអាជីវករលក់ជ្រូកខ្វៃឈ្មោះខាំ វ៉ាន់ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឱ្យដឹងថា គាត់ប្រកបមុខរបរលក់ជ្រូកខ្វៃជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំលក់បានបីដង គឺថ្ងៃចូលឆ្នាំចិន ថ្ងៃឆេងម៉េង និងថ្ងៃសែនក្បាលទឹក ។ ជ្រូកខ្វៃលក់ដាច់ជាងគេនៅរដូវបុណ្យចូលឆ្នាំចិន។ សំរាប់ហាងឆេងលក់ថ្ងៃទី១ កុម្ភៈ គឺជ្រូកខ្វៃទំងន់៣ទៅ៦គីឡូក្រាមក្នុងមួយគីឡូក្រាម៤ម៉ឺន ៥ពាន់រៀល ឯទំងន់៨ទៅ១៣គីឡូក្រាម ក្នុងមួយគីឡូក្រាមថ្លៃ៣ម៉ឺន៥ពាន់រៀល ។
អាជីវករលក់ជ្រូកខ្វៃរូបនេះឱ្យដឹងទៀតថា តម្លៃនៅឱកាសបុណ្យចូលឆ្នាំចិននេះអាចឡើងឬប្រែប្រួលទៅតាមអតិថិជន ដែលមកទិញច្រើន ឬតិច ។ ជារៀងរាល់ឆ្នាំក្នុងថ្ងៃសែននេះ គាត់លក់អស់ជ្រូកខ្វៃ៥០ទៅ៦០ក្បាល ប៉ុន្ដែឆ្នាំនេះមិនទាន់់ដឹងទេ ព្រោះទើបតែចាប់ផ្ដើមលក់ ។
អាជីវករលក់ជ្រូកខ្វៃ ទាខ្វៃ និងមាន់ស្ងោរឈ្មោះដោស ពៅ ភេទប្រុស អាយុ២៧ឆ្នាំ បានឱ្យដឹងថា ថ្ងៃ១ កុម្ភៈ ទាខ្វៃ១គីឡូក្រាម៣ម៉ឺន៥ពាន់រៀល មាន់ស្ងោរ១គីឡូក្រាម៣ម៉ឺន៥ពាន់រៀល ជ្រូកខ្វៃតូចជាងគេមួយថ្លៃពី១២ម៉ឺនរៀលទៅ១៣ម៉ឺនរៀល និងជ្រូកខ្វៃធំទំងន់១០ ទៅ១៣គីឡូក្រាមមួយថ្លៃ៣៥ម៉ឺនរៀល ជ្រូកខ្វៃទំងន់២០ ទៅ២៣គីឡូក្រាមមួយថ្លៃ៧០ម៉ឺនរៀល ។ ចំពោះនៅថ្ងៃសែនអាចឡើងថ្លៃក្នុងមួយគីឡូក្រាម៥ពាន់រៀល ឬច្រើនជាងនេះ ទៅតាមតំរូវការរបស់អ្នកទិញ ។ ឆ្នាំកន្លងមក នៅថ្ងៃសែនចិនគាត់លក់ជ្រូកខ្វៃអស់៤០ក្បាល ទាអស់៥០ក្បាល និងមាន់ស្ងោរ៥០ក្បាល ។
អាជីវករលក់ជ្រូកខ្វៃម្នាក់នេះបានត្អូញត្អែរថា ឆ្នាំនេះជ្រូករស់ឡើងថ្លៃ ដោយទិញមក១គីឡូក្រាម៣ម៉ឺនរៀលទៅហើយ ។ គាត់ធ្វើដំណើរទៅទិញនៅផ្សារប៉ាំងកាសី ខេត្ដតាកែវ ក្នុងជ្រូករស់១ ទំងន់២០គីឡូក្រាម តែដល់ខ្វៃហើយនៅសល់តែ១០គីឡូក្រាម ឬ១១គីឡូក្រាមប៉ុណ្ណោះ ។ ចំណែកនាងស្រី អូន អាយុ២៣ឆ្នាំ ជាអ្នកលក់នំពងទាឱ្យដឹងថា នំពងទាមានពីរប្រភេទគឺដុត និងចំហុយ ។ នំពងទាដុតតូច១ថ្លៃ២ពាន់រៀល ឯនំធំ១ថ្លៃ១ម៉ឺន២ពាន់រៀល ។ នំពងទាចំហុយតូច១ថ្លៃ២ពាន់៥រយរៀល ឯនំធំលេខ១ថ្លៃ៣ម៉ឺន៥ពាន់រៀល ។ អ្នកទិញជ្រូកខ្វៃម្នាក់ សូមមិនបញ្ចេញឈ្មោះឱ្យដឹងថា ជារៀងរាល់ឆ្នាំ គាត់ទិញជ្រូកខ្វៃមួយទំងន់១៥គីឡូក្រាម ទៅសែនកុងម៉ាទោះថ្លៃ
ឬថោកក៏ទិញដែរ ព្រោះជាទំលាប់សែនទៅហើយ ៕
http://kohsantepheapdaily.com.kh/art...201-01559.html