ប៉ោយប៉ែត ៖ រថយន្ត​ប្រភេទ​ដឹក​ទំនិញ​សណ្ដោង​មួយ​គ្រឿង ត្រូវ​បាន​ឆេះ​ខ្ទេច​ម៉ដ្ឋ​អីវ៉ាន់ និង​រថយន្ត នៅ​​ច្រក​ប៉ោយប៉ែត ត្រង់​ចំណុច​ក្លោង​ទ្វារ​ខាង​ភាគី​ថៃ​ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ កម្ពុជា។ ការ​ឆេះ​នោះ គឺ​បណ្ដាល​ឲ្យ​ចរាចរ​ចេញ​ចូល​នៅ​ច្រក​នោះ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ដោយ​សារ​តែ​រថយន្ត​ដែល​ត្រូវ​ឆេះ នោះ​នៅ​​កណ្ដាល​ផ្លូវ​តែ​ម្ដង។

ហេតុការណ៍​ឆេះ​រថយន្ត​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ​១​និង​៣០​នាទី ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ត្រង់​ចំណុច​ក្លោង​ទ្វារ​ព្រំដែន​ថៃ នៃ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា ការ​ឆេះ​រថយន្ត​ប្រភេទ​សណ្ដោង​ផ្ទុក​ទៅ​ដោយ​កង់​រថយន្ត​នោះ បណ្ដាល​មក​ពី​កម្មករ​ផ្សារ​ដែក​នៅ​ក្លោង​ទ្វារ​ព្រំដែន​ថៃ​នោះ បាន​ផ្សារ​ដំបូល​ហើយ​ព្រាយ​ផ្កា​ភ្លើង​ធ្លាក់​ចូល​ក្នុង រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​នោះ។ មួយ​រំពេច​ក្រោយ​មក​ក៏​កើត​ជា​អគ្គិភ័យ​មួយ​លេប​ត្របាក់ រថយន្ត​ដែល​ផ្ទុក​សំបក​កង់​រថយន្ត​ថ្មី​ៗ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ជា​របស់​ក្រុមហ៊ុន ត្រូពិកកាណា របស់​សមាគម កម្ពុជា-ចិន។

ការ​ឆេះ​រថយន្ត​នៅ​កណ្ដាល​ក្លោង​ទ្វារ(ខាង​ភាគី​ថៃ)​ច្រក​អន្តរ​ជាតិ​ប៉ោយប៉ែត​នេះ បណ្ដាល​ឲ្យ​ចរាចរ​ត្រូវ​បាន​បិទ​មួយ​រយៈពេល៕

http://www.kampucheathmey.com/local-...-07-59-10.html