
ខេត្តកំពត ៖ រថយន្តម៉ាកកាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០២ មួយគ្រឿង ត្រូវបានកងរាជអាវុធហត្ថខេត្តកំពត ប្រទះឃើញកាលពីវេលាល្ងាចថ្ងៃទី៣១ មករា នៅចំណុចភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក បន្ទាប់ពីមានសេចក្តីរាយការណ៍មកពីរាជធានីភ្នំពេញថា មានក្រុមចោរប្លន់យករថយន្តនេះបើកឆ្ពោះមកកាន់ខេត្តកំពត ។
លោកឧត្តមសេនីយ៍ត្រីទេព វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ថា រថយន្តម៉ាកកាមរី ស៊េរីឆ្នាំ២០០២ នេះ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តរកឃើញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រថយន្តនេះត្រូវក្រុមចោរភ្ជង់ប្លន់ម្ចាស់វាបើកចេញ ពីភ្នំពេញទៅកាន់ខេត្តកំពត ហើយទំនងជាទាល់ច្រកមើលទៅ ទើបទុកចោលក្នុងព្រៃបែបនេះ ចំណែកក្រុមដៃដល់បានរត់គេចខ្លួនបាត់អស់ ។
រីឯម្ចាស់រថយន្តឈ្មោះនុត ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ នៅផ្ទះលេខ១៨ ភូមិ៨ ក្រុម៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី១ កុម្ភៈ ថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ មករា ភ្ញៀវបានទូរស័ព្ទហៅរថយន្តឱ្យមកដឹកពួកគេនៅក្រោយផ្សារ សំណង់១២ ។
លុះពេលគាត់បើករថយន្តទៅជិតដល់ផ្ទះម៉ូយដែល ធ្លាប់ហៅជិះទៅខេត្តបាត់ដំបងនោះ ស្រាប់តែមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿង មកដល់ ហើយដកកាំភ្លើងខ្លីភ្ជង់រូបគាត់ឱ្យចូលក្នុងរថយន្តវិញ និងប្លន់ដោះយកគ្រឿងអលង្ការអស់...។ ចំណែកពួកចោរចូលជិះក្នុងរថយន្តតែ២នាក់ទេ គឺ២នាក់ទៀតបានជិះ ម៉ូតូម្នាក់មួយគ្រឿងត្រឡប់ទៅក្រោយវិញ ។
http://kohsantepheapdaily.com.kh/art...01-010323.html