
ភ្នំពេញ*៖ ដោយសារតែភាពទីទាល់ក្រ ខ្វះមុខខ្វះក្រោយ ធ្វើ់ឱ្យបុរសម្នាក់តូចចិត្ត ហើយគិតខ្លីសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹកកាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាច ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១១ ស្ថិតនៅក្នុងបន្ទប់លេខ៤ ផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពពីមន្ត្រីនគរបាល ប៉ុស្តិ៍ចោមចៅ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អួង ចន្ថា ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិ-ឃុំកើតហេតុ ប្រពន្ធឈ្មោះ ពេជ្រ ស្រីមុំ អាយុ៣០ឆ្នាំ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ មានទីកំណើតនៅភូមិ ព្រៃទាប សង្កាត់ចោមចៅ ខណ្ឌដង្កោ បច្ចុប្បន្នរស់នៅជាមួយប្តី។
ប្រភពពីភរិយាជនរងគ្រោះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ មុនពេលគាត់ចេញទៅធ្វើការគាត់ឃើញទឹកមុខប្តី ស្រង៉ូតស្រង៉ាត់ គាត់បាននិយាយទៅកាន់ប្តីថា
បើសិនជាបងពិបាកចិត្តរឿងអ្វីមួយ ឬក៏ពិបាកចិត្ត និងគ្មានប្រាក់ចាយ សូមបងទៅនៅផ្ទះម៉ែសិន ក៏បានដែរ។ ពេលនោះប្តីរបស់គាត់មិនបានឆ្លើយតបនឹងគាត់វិញទេ គឺនៅអង្គុយសំកុក មិនខ្ចីមាត់ ។ ក្រោយមកគាត់ក៏បានចេញ ទៅធ្វើការបាត់ទៅ។ លុះដល់ពេលត្រឡប់មកវិញ គាត់បានច្រានទ្វារចូលបន្ទប់ តែទ្វារបន្ទប់ជាប់គន្លឹះ គាត់ក៏បានគោះទ្វារ ស្រែកហៅប្តី តែមិនឮឆ្លើយតបមកវិញ គាត់គិតថាប្រហែលជាប្តីសម្រានលក់ គាត់ក៏អើតមើលតាមចន្លោះទ្វារ ស្រាប់តែឃើញ ប្តីចងកស្លាប់ នៅនឹងមាត់បន្ទប់ទឹកទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមានបច្ចេកទេស បានទៅដល់ ហើយក៏ធ្វើការពិនិត្យសាកសព និងធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជា បានចងករធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
http://dap-news.com/index.php?option...news&Itemid=50