
កំពង់ចាមៈ ចោរស្រីម្នាក់ត្រូវសមត្ថកិច្ចនគរបាល ចាប់ខ្លួនក្រោយពីចោរស្រីនោះ បានធ្វើសកម្មភាពកាត់ ខ្សែកពីកុមារម្នាក់ នឹងចោរស្រីម្នាក់ទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទផ្សំគំនិតជាមួយ នឹងបក្ខពួកម្នាក់ទៀត ប្រើល្បិចលួចលុយពីស្ត្រីរងគ្រោះ នៅក្នុងផ្សារអូរាំងឪ ស្ថិតក្នុងឃុំគងជយ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ចោរស្រីទាំងពីរនាក់ខាងលើ ត្រូវសមត្ថកិច្ចចាប់ខ្លួន បានជាបន្តបន្ទាប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ។
លោក កែវ សេងហ៊ន់ អធិការរងនគរបាលស្រុកអូរាំង ឪបានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះម្នាក់ឈ្មោះ តូច ដាលីស រស់នៅភូមិ សង្ក្រំជុំ ឃុំគងជយ ស្រុកអូរាំងឪ បានចេញពីផ្ទះ នាំកូនមកផ្សារអូរាំងឪ ហើយក្នុងខណៈពេល ដែលស្ត្រីរងគ្រោះកំពុងទិញពងទា ស្រាប់តែមានអ្នករត់ម៉ូតូឌុបស្រែកប្រាប់ថា ចោរលួចកាត់ខ្សែក កូនហើយ! ក្រោយមកស្ត្រីជាម្តាយក៏ងាកទៅឃើញចោរស្រីនោះ កំពុងតែទាញខ្សែកចេញពីក កូនរបស់គាត់ បន្ទាប់មកក៏មានការស្រែកឆោឡោ ហើយភ្លាមៗនោះ សមត្ថកិច្ចនគរបាល យាមនៅទីនោះស្រាប់ ក៏ធ្វើការចាប់ខ្លួនបានចោរស្រីដៃឆើត ដែលមានឈ្មោះ ហេង ស្រីពៅ អាយុ១៧ឆ្នាំ រស់នៅក្បែរវត្តជម្ពូវ័ន្ត ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចយើងបានយកខ្សែក មានទម្ងន់២ជីកន្លះប្រគល់ជូនជនរងគ្រោះវិញ នឹងចាប់បានវត្ថុតាងមានកន្ត្រៃដែលកាត់ខ្សែកនោះ ។
លោកអធិការរងបានបន្តទៀតថា ដោយឡែក ចំពោះចោរស្រីម្នាក់ទៀត មានឈ្មោះ រឹក អ៊ីវ អាយុ២៤ឆ្នាំ មានទីលំនៅភូមិ អូរចក ឃុំបឹងកេត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោក បានបន្តទៀតថា ចោរស្រីម្នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង ១២ ថ្ងៃដដែល ក្រោយពីចោរស្រីនោះបានប្រើល្បិចឱ្យស្ត្រីរងគ្រោះម្នាក់ទៀតឈ្មោះ ឡាច មុំ ពាក់ក្រវិលឱ្យខ្លួន ហើយឆ្លៀតពេលដែលស្ត្រីរងគ្រោះកំពុងពាក់ក្រវិលឱ្យនោះ បក្ខពួកចោរស្រីម្នាក់ ទៀតនោះ លួចថង់លុយរបស់ស្ត្រីរងគ្រោះ អស់ចំនួន២លាន៥០ម៉ឺនរៀល ដោយភ្លាមៗនោះ ស្ត្រីរងគ្រោះមិនទាន់ពាក់ក្រវិល ឱ្យចោរស្រីនោះរួចនៅឡើយទេ គាត់ក៏មានអារម្មណ៍ថា បាត់លុយពីខ្លួន ក៏លូកដៃស្ទាបរកថង់លុយស្រាប់តែបាត់ គាត់ក៏មានការឆោឡោ ខណៈនោះស្ត្រីរងគ្រោះក៏បានដឹងថា ចាញ់ល្បិចចោរស្រីនោះ ហើយក៏ស្រែកឱ្យសមត្ថកិច្ច ចាប់ខ្លួនចោរស្រីនោះតែម្តង។
លោកអធិការរង បានបន្តទៀតថា ចំពោះចោរស្រីដៃឆើតទាំងពីរនាក់នោះ ក្រោយពីសមត្ថកិច្ចនគរ បាលស្រុកអូរាំងឪបានសួរចម្លើយ ពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព កាត់ខ្សែក នឹងម្នាក់ទៀត ពិតជាបានផ្សំគំនិតជាមួយនឹងចោរស្រីម្នាក់ទៀតឈ្មោះ ល័ក្ខ ដែលបានរត់គេចខ្លួន ប្រើល្បិចលួចលុយ ពីស្ត្រីរងគ្រោះឈ្មោះឡាច មុំពិតប្រាកដមែន។
លោកអធិការរង បន្តថាជនសង្ស័យទាំងពីនាក់ខាងលើនោះសមត្ថកិច្ច យើងបានកសាងសំណុំរឿង តាមនិតិវិធីរួចហើយ ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។
http://dap-news.com/index.php?option...news&Itemid=50