រាជធានីភ្នំពេញ ៖ តាមទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី​​៣១ មករា គេ​សង្កេត​ឃើញ​​​​មានដាក់តាំង​លក់​​របស់របរ​​ដែលពាក់ព័ន្ធ​​​នឹង​ពិធីបុណ្យ​ ចូលឆ្នាំ​​​ប្រពៃណី​ចិន-វៀតណាម ​មានតាំង​ពី​​ក្រដាសសែន ផ្កាស្បៃរឿង​ពណ៌លឿង ផ្កា​​អង្គារសីល បន្លែ​ ផ្លែឈើ សាច់ជ្រូក សាច់​មាន់ ជាដើម ។​

បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​ចិន​​-វៀតណាម​​ត្រូវ​នឹង​ ថ្ងៃទី​២ មករា​ ខាង​មុខ​នេះ នៅផ្សារ​ដើម​​គ ដែលជា​ទីផ្សារ​​ចែកចាយ​​ដ៏ធំ​​កណ្តាលក្រុង​​ បាន​​សំរុកនាំ​ចូលស្តុក​​បន្លែ​​ផ្លែឈើ​​គ្រប់ប្រភេទ ​សំរាប់​បំពេញ​តំរូវការ​របស់​អតិថិជន​ ។ អ្នក​យក​ព័ត៌​មាន​​​​យើង​​បាន​ជួបសំភាសន៍​​ជាមួយអាជីវករ​​លក់​បន្លែ​​​ ម្នាក់ឈ្មោះ​​លាង ហេង ភេទស្រី អាយុ​​​៤៤​ឆ្នាំ បាន​ឱ្យ​ដឹង​​ថា បន្លែ​​ដែលគាត់​លក់​បច្ចុ​ប្បន្ន​​​​នាំ​មក​ពី​ប្រទេស​វៀតណាម​​មានស្ពៃបូកគោ ​ស្ពៃ​ក្តោប ​ការ៉ុត ​ប៉េងប៉ោះ ម្ទេស​ហាវ៉ៃ​ ខ្ទឹមបារាំង ​សណ្តែក​​បារាំង ដំឡូង​បារាំង ផ្លែស៊ូ ។

ចំណែក​ទំនិញ​ដែល​ពេញ​និយម​សំរាប់​ប្រជាពលរដ្ឋ​​​មាន​ សែ​ស្រឡាយ​កាត់​ចិន​ដែរ​នោះ​ដូច​ជា ក្រដាសសែន ផ្កា​អង្គារសីល ផ្កា​ស្បៃរឿង​ពណ៌​លឿង ផ្លែ​ឈើ​ពណ៌​ក្រហម ផ្លែ​ប៉ោម ក្រូច​ពោធិ៍សាត់​ចិន ទំពាំងបាយជូរ ផ្លែ​ឪឡឹក​សាច់​ក្រហម​ ផ្លែ​ឪឡឹក​សាច់​លឿង ផ្លែ​ល្មុត ជាដើម ។

ចំពោះ​តម្លៃ​ទំនិញ​ក្នុង​ផ្សារ​ដើម​គ​វិញ​ឡើងថ្លៃ​ខុស ​ពី​ថ្ងៃ​ធម្មតា​បន្ដិច គឺ​សាច់​ជ្រូក​១​គីឡូក្រាម ១៥.០០០​រៀល សាច់​មាន់​ធ្វើ​ហើយ​១​គីឡូក្រាម​២០.០០០​រៀល មាន់​រស់​១​គីឡូក្រាម​២០.០០០​រៀល ផ្លែ​ឪឡឹក​ធំ​១​ថ្លៃ​៣០.០០០​រៀល ឪឡឹក​ពណ៌​​លឿង​​១​ថ្លៃ​២០.០០០​រៀល ក្រូចពោធិ៍​សាត់​​ចិន​១​គីឡូក្រាម​៨.០០០​រៀល ប៉ោម​១​គីឡូក្រាម​១២.០០០​រៀល (​លេខ​១) ស្ពៃក្ដោប​១​គីឡូ​​ក្រាម​​២.៥០០​រៀល កា​រ៉​ុត​១​គីឡូក្រាម​៣.០០០​រៀល ស្ពៃបូកគោ​១​គីឡូក្រាម​៤.០០០​រៀល ។

គួរ​កត់សំគាល់​ផង​ដែរ​ថា អាជីវករ​បាន​អះ​អាង​ថា ​ការរៀប​​រាប់​នេះគឺ​តំលៃ​​សំរាប់​លក់​ថ្ងៃ​នេះ​​ ហើយ​អាច​ឡើងថ្លៃ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀត​ណា​មខាង​មុខ​នេះ​ ។ អ្នក​​លក់និយាយ​​ថា មិនអាច​​ប៉ាន់​ប្រមាណ​បាន​ទេ ព្រោះ​ជា​រដូវ​បុណ្យ​ដែល​ក្នុង​​មួយ​ឆ្នាំ​មាន​តែ​ម្ដង ចៀស​មិន​​រួច​ត្រូវ​​ឡើង​ថ្លៃ​​​អ៊ីចឹង​ហើយ​ ៕

http://kohsantepheapdaily.com.kh/art...31-022117.html