រាជ​ធានីភ្នំពេញ ៖ រថ​យន្ត​​មួយគ្រឿងម៉ាក​កូរ៉ូ​ឡា​ ស៊េរី​៩៤ ពណ៌​​​ក្រហម​ ពាក់ស្លាក​លេខ​ភ្នំពេញ 2B 8028 ​​បានបើក​បោះ​ពួយ​បុក​ក្បាល​​​របាំង​ថ្ម​ខណ្ឌ​ចែក​​​ផ្លូវ ​បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​​ត្រឡប់ឡើងលើ​ចិញ្ចើម​ផ្លូវ ។ ​ហេតុការណ៍ ​គ្រោះ​ថ្នាក់​នេះបានកើត​ឡើង​កាលពីវេលាម៉ោង​១០ និង​៤៥​នាទី​យប់​​ថ្ងៃទី៣០ មករា ​នៅតាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី មុខ​ក្រុម​ហ៊ុន​ដួង​ឈីវ ​ខាង​លិច​ស្តុប​អំបា​សា​ឌ័រ ក្នុង​សង្កាត់​ទឹក​ល្អក់​​ទី១ ​ខណ្ឌ​ទួលគោកទោះ​ជា​យ៉ាង​ណា​​ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​ ដល់​អាយុជីវិត​ឡើយ គឺ​មាន​តែ​អ្នកបើកបរ​​ដែលគេ​ពុំស្គាល់​ឈ្មោះ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា ​គេ​ឃើញ​រថ​យន្តកូរ៉ូឡា​ ពណ៌​ក្រហម​មួយ​គ្រឿង​​នេះដែលមាន​មនុស្ស​ជិះ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពីលិច​ទៅ​ទិសខាង​កើត ។ នៅពេលធ្វើដំណើរ​​ហួស​ខ្លោង​ទ្វារ​វិទ្យា​ស្ថាន​ បច្ចេកវិទ្យាកម្ពុជាបានបន្តិច ​មិន​ដឹង​មូល​ហេតុ​អ្វីទេ ក៏​ជ្រុល​​ចង្កូតទៅ​បុក​ក្បាល​របាំងថ្ម​ខណ្ឌ​ចែក​ផ្លូវ​ពេញ​ទំហឹង​បណ្តាលឱ្យ ​ក្រឡាប់​តែ​ម្តង ចំណែក​ក្បាល​របាំងថ្ម​ក៏​បាន​បាក់​អស់​​មួយកំណាត់​ដែរ ។

តាម​ព័ត៌​មានឱ្យ​ដឹង​ថា នៅពេល​បុក​ក្បាល​របាំថ្ម​នោះរថយន្ត​​​បានក្រឡាប់​ទៅ​ខាង​ស្តាំ​ដៃ​ ជាច្រើនត្រឡប់ឡើង​ទៅលើ​ចិញ្ចើម​ផ្លូវ ហើយ​បុរស​ម្នាក់​​ដែល​ជា​អ្នក​បើក​បរបាន​រងរបួស​ធ្ងន់ និង​ត្រូវ​រថយន្ត​បញ្ជូនទៅ​​កាន់​មន្ទីរព្យា​បាលឯក​ជន​ភ្លាមៗ ។ នៅ​យប់នោះ​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ហើយ​ទាក់ទង​រថ​យន្ត​ស្ទូច​របស់ការិយា​ល័យ​ចរា​ចរណ៍ជើង​គោក​ស្ទូច​យកទៅ​​កាន់ ​សាលា​រាជធានីភ្នំពេញ ដើម្បី​ដោះ​ស្រាយ​សង​ការខូចខាត ។ គួរ​បញ្ជាក់​ថា ​ក្បាល​របាំង​ថ្ម នៅចំណុច​​ខាង​លើ ​តែងកើត​មានគ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​បន្ត​​បន្ទាប់ ហើយ​នេះ​ជាលើក​ទី៣​បាន​បើក​បុក​ក្បាល​​របាំងថ្ម​ ហើ​យ​ក្រឡាប់ ៕

http://kohsantepheapdaily.com.kh/art...31-025016.html