
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ មករា សមាគមសិស្ស-និស្សិត បញ្ញវន្ត ក្មេងវត្ត បាននាំយកសំភាររួមមាន អង្ករ កង់ ក្រមា អាវដៃវែង និងថវិកា ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ យកទៅចែកជូនដល់សិស្ស-និស្សិតដែលជាកូនអ្នកក្រីក្រមកពីបណ្តាខេត្ត ស្នាក់នៅតាមវត្តអារាម គឺវត្តទួលទំពូង វត្តដំបូកខ្ពស់ និងសន្សំកុសល ។ កម្មវិធីនេះបានរៀបចំឡើងនៅក្នុងព្រះវិហារវត្តទួលទំពូង សង្កាត់ទួលទំពូង ខណ្ឌចំការមន ដោយមានសិស្សក្រីក្រប្រមាណ២០០នាក់ ត្រូវបានទទួល ។
អញ្ជើញជាអធិបតីក្នុងពិធីនោះ មានលោកជុំ កុសល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាទីប្រឹក្សាបច្ចេកទេសសមាគមសិស្ស-និស្សិត បញ្ញវន្ត ក្មេងវត្ត លោកឈឹម សៅគី ព្រឹទ្ធបុរសសមាគម សិស្ស-និស្សិត បញ្ញវន្ត ក្មេងវត្ត និងក៏ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគមសិស្ស-និស្សិត បញ្ញវន្ត ក្មេងវត្ត និងមានការចូលរួមពីសំណាក់មជ្ឈដ្ឋានផ្សេងទៀត ដូចជាប្រធានសហជីពតាមរោងចក្រមួយចំនួន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។
លោកជុំ កុសល បានសំណេះសំណាលទៅកាន់ក្រុមសិស្ស-និស្សិត ប្រមាណជា២០០នាក់ ដែលសុទ្ធសឹងជាកូនកសិករក្រីក្រមកពីបណ្តាខេត្តស្នាក់នៅតាមវត្ត អារាមដែលកំពុងជួបការលំបាកចំនួន៣វត្ត ។ លោកបានបញ្ជាក់ថា ប្អូនៗ ខិតខំរៀនសូត្រទៅមិនខុសទេ ថ្វីដ្បិតតែយើងជាកូនកសិករក៏ដោយ ជាក់ស្តែងយើងឃើញស្រាប់ហើយ ថ្នាក់ដឹកនាំប្រទេសជាតិកំពូលរបស់យើងសព្វថ្ងៃនេះ គឺប្រសូត្រចេញពីកូនកសិករសុទ្ធសាធ និងក៏ជាសិស្សស្នាក់នៅរៀនសូត្រតាមទីអារាមដែរ ។ នេះមានន័យថា មិនមែនសំរាប់តែកូនអ្នកមាន ទើបរៀនសូត្រចេះ និងបានធ្វើការធំនោះទេ កូនអ្នកកសិករក្រីក្រក៏ដោយឱ្យតែមានចំណេះដឹងខ្ពង់ខ្ពស់ក៏ ធ្វើថ្នាក់ដឹកនាំប្រទេសបានដែរ ។
លោកជុំ កុសល បានលើកឧទាហរណ៍យ៉ាងខ្លីថា យើងឃើញស្រាប់ហើយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូត្រចេញពីកូនកសិករអ្នកស្រែ ចំការ និងកើតចេញពីការស្នាក់នៅសិក្សាក្នុងវត្តនាគវ័ន សម្តេចអគ្គមហាពញាចក្រីហេង សំរិន និងសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ក៏ជាកូនកសិករ និងមានឥស្សរជនគណបក្សប្រជាជនជាច្រើនរូបទៀតជាកូនកសិករ ដូច្នេះប្អូនៗប្រឹងប្រែងរៀនសូត្រទៅ ដើម្បីអនាគតប្អូនទាំងអស់គ្នា ។ លោកសង្កត់ធ្ងន់ថា ប្អូនៗត្រូវគេចឱ្យផុតពីការសេពគ្រឿងញៀន ទាក់ទងមិត្តភក្តិមិនល្អនាំឱ្យខូចអនាគតខ្លួន និងប៉ះពាល់ដល់សង្គមជាតិ ។
លោកឈឹម សៅគី ទីប្រឹក្សាសម្តេចតេជោ និងជាព្រឹទ្ធបុរសសមាគមសិស្ស-និស្សិត-បញ្ញវន្តក្មេងវត្ត ក៏បានថ្លែងទៅកាន់សិស្ស-និស្សិតនាឱកាសនោះថា ប្អូនៗខិតខំរៀនយកចំណេះដឹងព្រោះថា ចំណេះវិជ្ជានេះហើយជាទុនសំរាប់មុខរបរចិញ្ចឹមជីវិត ។ លោកបន្តថា ពេលនេះមិនមែនជាការឃោសនារកសន្លឹកឆ្នោតទេ ប៉ុន្តែប្អូនៗជាសិស្ស-និស្សិតយល់ដឹងគ្រប់គ្នាហើយថា យើងធ្វើអ្វីកុំឱ្យចាញ់ការភូតកុហករបស់បក្សនយោបាយមួយ ចំនួនដែលធ្វើឱ្យប្អូនលង់ខ្លួន ហើយដើរទៅរកផ្លូវខុស ក្រៅតែពីគណបក្សប្រជាជនកម្ពុជា ដែលនាំប្រទេសជាតិឱ្យមានសុខសន្តិភាព និងកំពុងអភិវឌ្ឍន៍ទៅមុខជាជំហានៗនោះ ។ ប្អូនៗឃើញហើយអ្នកថា បានតែថា អ្នកធ្វើគឺមានលទ្ធផលគួរជាទីមោទនៈ ដូច្នេះហេតុផលនេះសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ និងតំរូវឱ្យប្អូនៗជ្រើសរើសមុននឹងធ្វើអ្វីត្រូវសម្លឹងមើលឱ្យ បានវែងឆ្ងាយ ។
បន្ទាប់ពីកម្មវិធីសំណេះសំណាល គណៈអធិបតីបានប្រគល់អំណោយរបស់សម្តេចតេជោដល់សិស្ស-និស្សិត ចំនួន២០០នាក់ រួមមានអាវដៃវែង១ ក្រមា១ ថវិកា២០.០០០រៀល ដោយឡែកមានសិស្សក្រីក្រជាងគេ១២នាក់ ទទួលបានកង់ម្នាក់១គ្រឿង សំរាប់ជិះទៅរៀន ។ សំរាប់ប្រគេនដល់ព្រះសង្ឃក្នុងវត្តទួលទំពូង អង្ករ១តោន ថវិកា១.០០០.០០០ (មួយលានរៀល) ៕
http://kohsantepheapdaily.com.kh/art...31-023359.html