
រាជធានីភ្នំពេញ ៖ យុវជនជាកម្មកររោងចក្រកាត់ដេរយីហោ វេងហួ ម្នាក់ត្រូវជនមិនស្គាល់មុខលបកាប់ចំនួន២កាំបិតនៅពេលទៅឈរមើលគេ រាំធុងបាស់នៅវេលាម៉ោង៨យប់ថ្ងៃទី២៩ មករា ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ។ ជនរងគ្រោះត្រូវគេកាប់នោះឈ្មោះញាញ់ រិទ្ធី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បច្ចុប្បន្នមកធ្វើការនៅរោងចក្រកាត់ដេរយីហោ វេងហួ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ (ផ្លូវទំនប់ថ្មី) ហើយស្នាក់នៅផ្ទះជួលក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះបាននិយាយថា ពេលចេញពីធ្វើការនៅវេលាម៉ោង៥ល្ងាច ក៏ទៅមើលគេចាក់ធុងបាស់នៅជិតបន្ទប់ជួលនោះ ពេលកំពុងតែឈរមើលគេរាំ ស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ លបកាប់ពីក្រោយចំឆ្អឹងដងកាំបិតខាងស្ដាំមួយកាំបិត ហើយកាប់់ថែមមួយកាំបិតទៀត តែខ្លួនបានយកដៃរង ទើបបណ្ដាលឱ្យរយះចង្អុលដៃកណ្ដាលខាងឆ្វេង ។
ប្រភពព័ត៌មានពីឈ្មោះចឹល រ៉ា អាយុ៣១ឆ្នាំ ភេទប្រុស ត្រូវជាបងថ្លៃជនរងគ្រោះដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នាបានឱ្យដឹង ថា នៅម្ដុំបន្ទប់ជួលនេះរៀងរាល់ចុងខែត្រូវនឹងពេលបើកប្រាក់ខែ កម្មកររោងចក្រតែងតែជួបជុំមិត្តភក្ដិផឹកស៊ី និងចាក់ធុងបាស់រាំកំសាន្ដ រីឯជនរងគ្រោះឈ្មោះញាញ់ រិទ្ធី ក៏ទៅលេងនឹងគេដែរ មិនដឹងមូលហេតុអ្វីស្រាប់ តែមានមិត្ដភក្ដិមកប្រាប់ថា ត្រូវគេកាប់បែបនេះ ចំណែកជនដៃដល់រត់គេចខ្លួនបាត់អស់ ។ នេះជាប្រភពព័ត៌មានដែលទទួលបានពីការអះអាងរបស់អ្នករងរបួស ប៉ុណ្ណោះ ចំណែកទាក់ទិននឹងជនបង្ករបួសនោះមិនត្រូវបានដឹងពីមូលហេតុនៅឡើយទេ ៕
http://kohsantepheapdaily.com.kh/art...131-02014.html