
ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទវាយប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុប កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ មករា នៅតាមផ្លូវទៅសាលាពីរជាន់ក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមការបំភ្លឺពីសមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែត បានឱ្យដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះម៉ឺន ឧត្តម អាយុ១៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានមកប៉ោយប៉ែត កាលពីថ្ងៃទី២៨ មករា មកដេកស្នាក់នៅក្នុងវត្តត្រាចមួយយប់ លុះព្រឹកឡើងថ្ងៃទី២៩ មករា រូបគេបានហៅម៉ូតូឌុបរបស់ឈ្មោះនាង ហុង អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យនោះជិះទៅសាលាពីរជាន់រួចវាយប្លន់ យកម៉ូតូ តែមិនបានសំរេចក៏ត្រូវប៉េអឹមឃាត់ខ្លួនតែម្តង ។
ក្រោយពេលឃាត់ខ្លួនជននោះបានសារភាពថា ខ្លួនពិតជាបានវាយប្លន់អ្នករត់ម៉ូតូឌុបនោះមែន ដោយសារតែខ្លួនអត់លុយចាយ ។ ពេលធ្វើសកម្មភាពខ្លួនយកដំបងជ្រុងប្រវែង៦តឹក វាយទៅលើអ្នករត់ម៉ូតូឌុបនោះចំនួន២ដំបង ចំស្មាខាងឆ្វេងរហូតបាក់ដំបងនោះ ហើយដោយដឹងថា មិនអាចប្លន់បានខ្លួនក៏រត់គេចចេញពីទីនោះ តែរត់មិនរួច ព្រោះត្រូវម្ចាស់ម៉ូតូនោះដេញតាម និងហៅឱ្យគេជួយ ហើយសមត្ថកិច្ចប៉េអឹមក៏បានមកដល់ចាប់ឃាត់ខ្លួនតែម្តង ។
លោក វរសេនីយ៍ទោ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ និងជាប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះជនសង្ស័យដែលឃាត់ខ្លួនរួមជាមួយវត្ថុតាងមានដំបងឈើ ជ្រុង និងកាំបិតប៉័ងតោមួយដែលគេធ្វើសកម្មភាពប្លន់ទៅលើអ្នករត់ ម៉ូតូឌុបនោះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ ចំណែកម៉ូតូដែលចោរប្លន់មិនបានសំរេចម៉ាកហុងដា ធុន C125 ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ហើយក្រោយពេលសួរនាំរួចសមត្ថកិច្ចបានប្រគល់ម៉ូតូទៅឱ្យ ម្ចាស់វិញផងដែរ៕
http://kohsantepheapdaily.com.kh/art...31-004837.html