
ភ្នំពេញ*៖ អ្នកយាមរថយន្តនៅក្នុងយានដ្ឋានម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ខណៈដែលបុរសនោះយករថយន្ត ដែលគេផ្ញើនៅយានដ្ឋានទៅឌុបសង្សារដើរលេង ហើយជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋ ខណៈកំពុងបើកបរនោះ ប្រឡែងគ្នាលេងភ្លេច មើលផ្លូវ ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ មករា ឆ្នាំ២០១១ នេះ នៅចំណុចមុខផ្ទះលេខ២១០,ផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
នគរបាលនិយាយថា ផ្ទះប្រជាពលរដ្ឋ ទាំង២គ្រួសារដែលត្រូវរថយន្តបុក រួមមាន ផ្ទះ២១០ រងការខូចខាតទ្វារកញ្ចក់ ខាងមុខ មួយផ្ទាំង មានម្ចាស់ឈ្មោះហេង សុធារី ភេទស្រី អាយុ៣៨ឆ្នាំ និងទី២- ផ្ទះលេខ ២០២ ខូចខាតទ្វារកញ្ចក់ខាងមុខមួយផ្ទាំង និងរានទេវតាមួយ ជាកម្មសិទ្ធរបស់ឈ្មោះ វិតា ភេទស្រី អាយុ៣៨ឆ្នាំ។ ចំណែករថយន្ត បង្កម៉ាកហៃឡែនឌ័រ ពណ៌ទឹកប្រាក់ បើកបរ ដោយបុរសម្នាក់ឈ្មោះឈុំ មុនី អាយុ ២៥ឆ្នាំ មុខរបរជាកម្មករយាមយានដ្ឋាន ស្នាក់នៅផ្ទះ លេខ៣៩ែ៣ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
នគរបាលបានបន្តថា រថយន្តដែលអ្នក យាមបើកយកទៅបង្កគ្រោះថ្នាក់នោះ គឺជារថយន្តទើបតែនិងទិញថ្មីៗហើយត្រូវបាន ម្ចាស់គេយកមកផ្ញើនៅយានដ្ឋានព្រោះគ្មានកន្លែងចត ។ អ្នកបើកបរស្ទើរភ្លើងដោយឃើញឱកាសល្អហើយថែមទាំងមានសោ ទៀតនោះ ក៏បានទូរស័ព្ទហៅស្រីស្នេហ៍ ជិះដើរលេង តាមផ្លូវលេខ៣៧១ ពីកើតទៅ លិចទៅទទួលសង្សារឌុបគ្នា បណ្តើរប្រឡែង គ្នាបណ្តើរ កំពុងតែសប្បាយជាមួយនិង រថយន្តលួចគេជិះលេងបង្អួតស្រីស្នេហ៍ភ្លេច មើលមុខជ្រុលចង្កូតបុកផ្ទះគេតែម្តង។ ក្រោយពេលកើតហេតុអ្នកបើករថយន្តត្រូវនគរបាលឃាត់ខ្លួន ព្រោះជារថយន្តដែលគេផ្ញើហើយត្រូវសងថ្លៃផ្ទះគេ និងសងថ្លៃការជួសជុលរថយន្តថែមទៀត ។
បច្ចុប្បុន្នអ្នកបើកបររថយន្តឈ្មោះ ឈុំ មុនី ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ នេះជាមេរៀនមួយសម្រាប់ម្ចាស់យានដ្ឋាន ដែលទទួលផ្ញើរថយន្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅរបស់ខ្លួន។
http://dap-news.com/index.php?option...news&Itemid=50