ខេត្តព្រះសីហនុ*៖ សន្តិសុខបាឌីស្កូ អិលវី ដែលមានទីតាំង នៅក្នុងសង្កាត់លេខ ៤ ក្រុង-ខេត្ត ព្រះសីហនុ ចំនួន ៦ នាក់ ដោយគ្រាន់តែ ខឹងភ្ញៀវម្នាក់ ដែលផឹកស៊ីស្រវឹង ធ្លាក់កែវមួយបែក បែរជានាំគ្នាចាប់ភ្ញៀវ នៅក្នុងតុផឹកស៊ី នាំយកទៅវ៉ៃនឹងស្វាយកាំភ្លើង ស្ទើរស្លាប់ ថែមទាំងបានបាញ់គំរាមចំនួន ២ គ្រាប់ និងចាប់ភ្ញៀវដែលត្រូវពួកគេវ៉ៃបង្ខំឱ្យផ្តិតមេដៃ ទទួលកំហុស ដោយអយុត្តិធម៌ ខណៈដែល ភ្ញៀវរងគ្រោះទាំង ៣ នាក់ ត្រូវបានគេបញ្ជូនមកដល់មន្ទីរព្យាបាល ឯកជនមួយឈ្មោះ សេតេ នោះ ។

ហេតុការណ៍ឃោរឃៅ របស់ក្រុមសន្តិសុខបា អិលវី នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១១ នៅក្នុងបាឌីស្កូ អិលវី ដែលមានទីតាំងនៅក្នុងសង្កាត់លេខ ៤ ក្រុង-ខេត្ត ព្រះសីហនុ ។

តាមសំដីជនរងគ្រោះឈ្មោះ សៅ ប៊ុណ្ណា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី ៩ ភូមិ ២ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ១១ យប់ ថ្ងៃកើតហេតុ រូបគេ និងមនុស្សចំនួន ៨ នាក់ទៀត បាននាំគ្នាចូលទៅរាំ កំសាន្ត និងពិសារស្រាបៀរ នៅក្នុងមជ្ឈមណ្ឌលកំសាន្ត អិលវី ហើយពេលកំពុងពិសារស្រានោះ គឺបានអង្គុយតុមួយមានឈ្មោះ រាជរតនៈ ជាជាងកាត់សក់ នៅភូមិ ៣ សង្កាត់៣ ឈ្មោះ ទី ក្មួយថៅកែហាង ខារ៉ាអូខេ ៣៣៣ និងឈ្មោះ តាន់ បានមកជល់កែវចំនួន ៣ដង នៅតុរបស់ពួកគេ ហើយនៅពេលនោះរូបគេ ( សៅ ប៊ុណ្ណា ) និងឈ្មោះ សេង ថេង ក៏បានទៅជល់កែវដល់តុមិត្តភ័ក្តិនោះវិញ ។ ពេលនោះ ឈ្មោះ សេង ថេង បានធ្លាក់កែវពីដៃ បណ្តាលឱ្យបែក តែពុំមានបញ្ហាអ្វីធ្វើឱ្យភ្ញាក់ផ្អើលដលភ្ញៀ់វ ឬមានទំនាស់ជាមួយ នរណាទេ រួចក៏មកអង្គុយផឹកជាធម្មតាវិញ ។ រយៈពេល ៥ នាទីក្រោយមក ស្រាប់តែសន្តិសុខនៅទីនោះ ចំនួន ៦ នាក់ បានមកចាប់ ក្រៀកយកពួកគេទៅក្រៅ ពេលដើរបានបន្តិចមិនទាន់ចេញក្រៅបន្ទប់ផង ស្រាប់តែឈ្មោះ រាម ហៅ ០៧ មុខរបរ ជាសន្តិសុខ យក កាំភ្លើង អាកា មកវ៉ៃក្បាល ពួកគេ ហើយមានសន្តិម្នាក់ទៀត ចាប់យកអាវុធចេញ រួចពួកគេនាំគ្នាវ៉ៃ និងទាត់ធាក់មកលើក្រុមខ្លួន បណ្តាលឱ្យដេកដួលនៅលើដី របួសស្ទើរស្លាប់ ដូចជារូបខ្ញុំឈ្មោះ សៅ ប៊ុណ្ណា ជាពិសេសប្អូនប្រុស សៅ ប៊ុណ្ណី និង សេង ថេង ។ ដោយឈ្មោះ សៅ ប៊ុណ្ណី បានទទួលរងរបួសបែកក្បាលខាងលើក្បែរភ្នែក និងក្បាលផ្នែកខាងក្រោយ នាំមកសង្គ្រោះបន្ទាន់ នៅមន្ទីរ ព្យាបាល សេតេ ដោយដេរអស់ចំនួន ១៦ ថ្នេរ ដោយរូបគេដេរ ៣ថ្នេរ និងឈ្មោះ សេង ថេង ត្រូវ ៣ កំភ្លៀង ។

ក្រោយពីពួកគេបានវ៉ៃធ្វើបាប លើក្រុមខ្លួនរួចមក គេក៏បានយកកាំភ្លើង អាកា បាញ់គំរាមឡើងលើចំនួន ២ គ្រាប់។ ពេល ចេញមក ក្រៅ សន្តិសុខ ឈ្មោះ រាម បានដាក់ខ្នោះរូបគេ សៅ ប៊ុណ្ណា និងវ៉ៃធ្វើបាបតាមអំពើចិត្ត ចំណែកប្អូនប្រុសឈ្មោះ សៅ ប៊ុណ្ណី កំពុង អង្គុយនៅលើម៉ូតូខាងក្រោយ ត្រូវពួកគេវ៉ៃដោយអាវុធ អាកា ក្នុងនោះ មានឈ្មោះ ចំរើន និងឈ្មោះ រាម ហៅ ០៧ ធ្វើឱ្យរបួស ជាទម្ងន់ ដោយស្ថានភាពនេះ ក្រុមជនរងគ្រោះ ក៏បានសុំអង្វរសន្តិសុខចិត្តខ្លាទាំងនេះ ចេញមកព្យាបាល តែក្រុមសន្តិសុខមិន ព្រមឱ្យចេញ។

ក្រោយមកទើបមានក្រុមសាច់ញាតិជនរងគ្រោះមកធានា យកទៅព្យាបាល ទើបក្រុមសន្តិសុខទាំងនេះ ឱ្យចេញ ពេលមកដល់មន្ទីរព្យាបាល សេតេ ពួកសន្តិសុខ ទាំងនោះក៏បង្ខំឱ្យពួកគេផ្តិតមេដៃ លើកិច្ចសន្យាទទួលកំហុស ដោយមាននៅលើក្រដាស ដែលគេបានវាយដោយកុំព្យូទ័ររួចជាស្រេច ដោយទុកតែប្រឡោះសម្រាប់បំពេញឈ្មោះជនរងគ្រោះ តែប៉ុណ្ណោះ ។ ដោយនៅក្នុងខ្លឹមសារលិខិតរបស់សន្តិសុខ ដែលធ្វើមកឱ្យគេផ្តិតមេដៃ ទទួលកំហុសនោះ គឺបានដាក់ថា ជនរងគ្រោះបានផឹកស៊ីស្រវឹង បង្កលក្ខណៈអសន្តិសុខ នៅក្នុងមជ្ឈមណ្ឌលកំសាន្ត អិលវី ដូចជាបោកកែវ ពីសាឡុងមួយ ទៅសាឡុងមួយទៀត និងវាយបុគ្គលិកនៅក្នុងមជ្ឈមណ្ឌលកំសាន្តនេះ មួយចំនួនទៀត ព្រមទាំងធ្វើឱ្យភ្ញៀវ ដែលចូលមកមានការភ្ញាក់ផ្អើល និងរត់ចេញក្រៅអស់ ហើយប្រើឈ្មោះអ្នកដទៃគំរាមបុគ្គលិករបស់គេ ។

លោក សៅ ប៊ុណ្ណា បានថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នៅល្ងាចថ្ងៃទី ៣០ ខែ មករា ថា ដោយសារតែរូបលោក ក៏ដូចជាប្អូន ប្រុសឈ្មោះ សៅ ប៊ុណ្ណី បានសម្រេចដាក់ពាក្យបណ្តឹងចំនួន ២ ច្បាប់ ដើម្បីប្តឹងឈ្មោះ ចំរើន ឈ្មោះ រាម ហៅ ០៧ និងបក្ខពួក ម្នាក់ទៀត ដែលមិនស្គាល់ឈ្មោះ ជាសន្តិសុខរបស់មជ្ឈមណ្ឌលកំសាន្ត អិលវី នេះ ទៅលោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នង ការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ពីបទប្រើអំពើហិង្សាមកលើរូបគេ និង ប្អូនប្រុស ដោយចេតនា បណ្តាលឱ្យរងរបួសជាទម្ងន់នោះ ។ ព្រោះថាសកម្មភាពរបស់ក្រុមសន្តិសុខ អិលវី ខាងលើនេះ គឺពួកគេមិន អាចទទួលយកបាន ដោយបង្កឱ្យរូបគេ មានការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលមិនអាចបំភ្លេចបាន ដូច្នោះសុំឱ្យសមត្ថកិច្ចពាក់ ព័ន្ធទាំងអស់ ចាត់វិធានការលើសន្តិសុខ អិលវី នេះផង។

តាមមន្ត្រីនគរបាល ក៏ដូចជាមន្ត្រីអាវុធហត្ថជាច្រើនរូប ដែលសុំមិនឱ្យបញ្ចោញឈ្មោះ បានឱ្យដឹងថា កន្លងមកក្រុមសន្តិសុខទាំង នេះ តែងតែបង្កអំពើហិង្សាលើភ្ញៀវជាញឹកញាប់ រួមមានទាំងមន្ត្រីនគរបាលព្រហ្មទណ្ទខេត្តព្រះសីហនុផងដែរ តែក្រុមអ្នកដែលត្រូវគេវ៉ៃ បានត្រឹមតែឈឺសាច់តែប៉ុណ្ណោះ។ ក្រៅពីនោះក្រុមសន្តិសុខទាំងនេះ បានប្រើកាំភ្លើងបាញ់បោះយ៉ាងអនាធិបតេយ្យ បង្កភាព ភ័យខ្លាច ដល់អ្នកក្បែរខាងជាញឹកញាប់ ប៉ុន្តែ សមត្ថកិច្ចទាំងអស់មិនហ៊ានចូលក្បែរនោះទេ ព្រោះថា លោក ភេ មុន្នី មន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដែលជាម្ចាស់មជ្ឈមណ្ឌលកំសាន្ត អិលវី នេះ គឺមានអ្នកមានអំណាចជាខ្នងបង្អែកធំណាស់ ។ ដូច្នោះកូនចៅ ចង់ធ្វើអ្វីក៏ គ្មាននរណាហ៊ានក្អកដែរ។

http://dap-news.com/index.php?option...news&Itemid=50