ភ្នំពេញ: បុរស​ជា​ឪពុក​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​កូនប្រុស​របួស​បាក់ជើង ដោយសារ​រថយន្ត​មួយគ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន​បុក នៅ​ផ្លូវ​ជាតិ​លេខ​៥ មុខ​ផ្ទះ​លេខ​១០A ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ កាលពី​ម៉ោង ២១:០០​យប់​ថ្ងៃ​ទី ២៨ មករា ២០១១ ។​

​ ​ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ គឹម នី​រ៉ុង អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង ឃុំ​ស្នោ ស្រុក​ព្រៃ​កា​បាស់ ខេត្តតាកែវ មុន​របរ​សន្តិសុខ​បញ្ញា​សាស្ត្រ ស្នាក់​នៅ​កន្លែងធ្វើការ បើក​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1W0384 បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ជនរងគ្រោះ​ម្នាក់ទៀត ត្រូវជា​កូន​ឈ្មោះ គឹម វិ​មុត អាយុ ២៥​ឆ្នាំ មុខរបរ​និស្សិត​នៅ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ របួស​បាក់​ជើងឆ្វេង ស្នាក់នៅជាមួយឪពុក កំពុងសំរាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ។

​ចំណែក​រថយន្ត​បង្ក​ម៉ាក COROLLA ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2B 0745 បើកបរ​ដោយ​ជនជាតិ​ចិនម្នាក់ឈ្មោះ AOENG MENA អាយុ៤១ឆ្នាំ មុខរបរជាង សំណង់វិមានសន្តភាព ស្នាក់នៅផ្ទះជួល លេខ៨៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌដង្កោ និងមានអ្នករួមដំណើរមម្នាក់ទៀតក៏ជាជនជាតិចិនដែរ ។

​ ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចូល​ក្រុងភ្នំពេញ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​ជនរងគ្រោះ បើកបរ​ចេញពី​ក្រុងភ្នំពេញ ក្នុងទិសដៅ​បញ្ជ្រស​គ្នា លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​ក៏​បាន​បុក​ជាមួយ​ម៉ូតូ បណ្តាល​ជនរងគ្រោះ​ជា​ឪពុក​ស្លាប់​នៅ​កន្លែងកើតហេតុ និង​កូនប្រុស​របួស​បាក់​ជើងឆ្វេង ។​

​ ​ក្រោយ​កើតហេតុ​ជន​បង្ក​បាន​ហៅ​ម៉ូតូឌុប​ជិះ​រត់គេច​ខ្លួន​មក​ដល់​អតីត​ ស្ថានីទូរទស្សន៍​ប៉ុស្តិ៍លេខ​៣ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​បាន​តែ​ម្តង ។​

​ ​សព​ជនរងគ្រោះ​ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​ទាំងយប់ ៕

http://cen.com.kh/localnews/show_det...c4YTRiMWZmZGVl