
កំពត ៖ រថយន្តដឹកស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខេស៊ីមិន បានបើកកៀរម៉ូតូមួយគ្រឿងបណ្ដាល ឲ្យមនុស្សម្នាក់បាក់ជើងទាំងពីរ ពេលដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ក៏ត្រូវដាច់ខ្យល់ស្លាប់តែម្ដង។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១៩និង១០នាទី យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ នៅចំណុចភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជនរងគ្រោះមានឈ្មោះសេង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្រុងកំពត ខេត្តកំពត។ បានធ្វើដំណើរដោយ ម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ឆ្នាំ២០០៨ ពាក់ស្លាកលេខកំពត 1C5364 ពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៣៣ ពីក្រុងកំពតទៅកាន់ក្រុងកែប។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងជារបស់ក្រុមហ៊ុនស៊ីម៉ងត៍
ខេស៊ីមិន បានបើកយ៉ាងលឿនស្របទិសគ្នាពីក្រោយ ហើយកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលរួចកិនដាច់ជើងទាំង២ ក៏ត្រូវដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលមិនអាចជួយសង្រ្គោះបាន។
អ្នកបើកបររថយន្តឈ្មោះញ៉ កល្យាណ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិខ្លាវ ឃុំស្វាយ អន្ទរ ស្រុកព្រៃវែង ខេត្តព្រៃវែង មុខរបរអ្នកបើករថយន្តឲ្យក្រុមហ៊ុនស៊ីម៉ងត៍
ខេស៊ីមិន ពាក់ស្លាកលេខ 3A9401 ជាប្រភេទរថយន្តសណ្ដោងធុនវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពេលកើតហេតុ។
សមត្ថកិច្ចកំពុងដោះស្រាយករណីគ្រោះថ្នាក់ចរាចរខាងលើទៅតាមផ្លូវច្បាប់៕
http://www.kampucheathmey.com/local-news/3847--lr-.html