
ភ្នំពេញ*៖ បុរសស្រវឹង ៤ នាក់ បន្ទាប់ពីជ្រុលចង្កូត រថយន្តទៅបុករនាំងវិមានឯករាជ្យ បានព្យាយាមបើកគេច ទាំងបែកកង់ តែទីបំផុតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងខណ្ឌចំការមន ធ្វើការស្ទាក់ជាប់ នៅចំណុចម្តុំខាងក្រោយព្រឹទ្ធសភា ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ នៅម៉ោងប្រមាណជិត ៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ ។
ពុំមានសាក្សីណាម្នាក់ អាចបញ្ជាក់ពីអត្តសញ្ញាណបុរស ដែលជាម្ចាស់រថយន្ត ម៉ាកវីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២្ញ-៥៤៤៨ រួមទាំងអ្នកដំណើរទាំង ៣ នាក់ទៀតនោះ បានទេ ដែលបានបើករថយន្តបុកខឿនវិមានឯករាជ្យនេះ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តនេះ បានបើកបុកខឿនវិមានឯករាជ្យនៅម៉ោង ប្រមាណ ២ និង ៣០ នាទី រំលងអាធ្រាត្រ ខណៈដែលរថយន្តនេះ បានបើកមកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង រួចក៏រ៉េចង្កូតជ្រុលទៅបុកចំរនាំងខឿន វិមានឯករាជ្យ ត្រង់ចំណុចខាងជើងឈាងខាងលិច របើកអស់ ២-៣ ដុំ ហើយភ្លាមនោះអ្នកបើកបររថយន្ត មិនបានឈប់នោះទេ ហើយបានព្យាយាមរត់គេច ដោយបន្ថែមល្បឿនយ៉ាងលឿនជិះទាំងកង់បែក ។
សាក្សីបន្តថា បន្ទាប់ពីបានទទួលដំណឹងភ្លាម សមត្ថកិច្ចបានធ្វើការអន្តរាគមន៍ដោយ ប្រើកម្លាំងដេញស្ទាក់រថយន្តបង្កនោះ រហូតដល់ចំណុចខាងក្រោយព្រឹទ្ធសភា ទើបរថយន្តនោះឈប់ រួចសមត្ថកិច្ចក៏ឃាត់ខ្លួនម្ចាស់រថយន្ត និងនាំយករថយន្តនោះ ទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីចាត់ការ និងផាកពិន័យ។
http://dap-news.com/index.php?option...news&Itemid=50