
ក្រុងប៉ោយប៉ែត ៖ អាជីវករលក់មាស ប្តូរប្រាក់ និងទទួលរបស់បញ្ចាំចំនួន៣ទូ បានត្រូវក្រុមចោរអាកាចំនួន៤នាក់ ក្នុងនោះ២នាក់បានចូលធ្វើសកម្មភាពប្លន់កាលពីវេលាម៉ោង៦និង ៥០នាទីល្ងាចថ្ងៃទី២៨ មករា នៅផ្សារសមាគម ស្ថិតក្នុងភូមិបាលិលេយ្យ ដែលម្ចាស់ទូទាំង៣ត្រូវចោរវាយឱ្យរបួសគ្រប់ៗគ្នា ប៉ុន្តែមិនធ្ងន់ធ្ងរទេ ព្រោះជាការសម្លុតគំរាមដើម្បីប្លន់ ។ ដោយឡែក របស់របរក្នុងទូត្រូវក្រុមចោរប្រមូលយកម៉ដ្ឋ ។
ម្ចាស់ទូទាំង៣រួមមាន ១-ឈ្មោះថេង បុប្ផា ភេទស្រី អាយុ២៦ឆ្នាំ ២-ឈ្មោះស ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ និង៣-ឈ្មោះជី សុខជា និងប្រពន្ធឈ្មោះសា ចាន់ធា ។ ក្នុងហេតុការណ៍នេះបុរសអាជីវករម្នាក់ត្រូវចោរបាញ់ តែសំណាងល្អគ្រាប់មិនផ្ទុះហើយបានវាយឱ្យជាំចង្កេះផងដែរ ឯឈ្មោះស ចិន្តា ត្រូវចោរវាយឱ្យរបួសចង្កេះខាងស្តាំ និងឈ្មោះជី សុខជា ត្រូវចោរវាយមួយស្វាយកាំភ្លើង ពកក្បាលខាងស្តាំ ។ ចំណែកទ្រព្យសម្បត្តិត្រូវចោរវេចយកទាំងអស់ រួចរត់ទៅខាងមុខផ្សារ ហើយឡើងម៉ូតូបក្សពួករបស់ខ្លួនដែលរង់ចាំនៅខាងក្រៅជិះ ចេញទៅបាត់ ។ នៅកន្លែងកើតហេតុ គេឃើញចិញ្ចៀនប្រហែល១០វង់បានជ្រុះរាយប៉ាយពេញដងផ្លូវ ហើយត្រូវប៉ូលិសព័ទ្ធខ្សែការពារ ប៉ុន្តែចោរបានរត់គេចទៅបាត់ស្រមោល ។
មុនការរត់គេច ក្រុមចោរក៏បានបាញ់មកលើប៉ូលិសដែលធ្វើអន្តរាគមន៍ ហើយប៉ូលិសក៏តាមបាញ់វិញដែរ ប៉ុន្តែដោយខ្លាចត្រូវប្រជាពលរដ្ឋដែលភ័យស្លន់ស្លោក៏មិនហ៊ាន បាញ់ផ្តេសផ្តាសទេ ទោះបីជាបែបណា ប៉ូលិសកំពុងតាមប្រមាញ់ពីក្រោយ ។ ចំពោះចំនួនមាស និងលុយដែលចោរប្លន់នៅមិនទាន់ដឹងថាអស់ប៉ុន្មាននៅឡើយទេ ក្នុងព័ត៌មានជំហានដំបូងនេះ ។ ក្រុមចោរដែលមានអាវុធ បានដើរភ្ជង់គេឯង ធ្វើឱ្យអ្នកលក់រត់ព្រោងព្រាតទាំងភ្នែកនៅកញ្ចឹងក ៕
http://kohsantepheapdaily.com.kh/art...28-055153.html