
ខេត្តព្រះសីហនុ ៖ ជនសង្ស័យដែលសមត្ថកិច្ចចំរុះដឹកនាំដោយប៉ូលិសក្រសួងមហាផ្ទៃព័ទ្ធ ចាប់ខ្លួននៅក្នុងសណ្ឋាគារវិមានខ្សាច់មាស កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ មករា ២០១១ ស្ថិតនៅតំបន់ឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុនោះត្រូវបានក្របួចជាប់ហើយ និងនាំយកជនសង្ស័យ ព្រមទាំងចំណាប់ខ្មាំងនារីក្រមុំវ័យក្មេងចេញតាមផ្លូវ កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី២៨ មករា ២០១១ ដោយមិនបានផ្តល់ព័ត៌មានអ្វីមួយម៉ាត់ដល់អ្នកកាសែតដែលខិតខំរង់ចាំ នៅខាងក្រៅឡើយ ។
ព័ត៌មានជុំវិញការចាប់ជំរិតកូនស្រីក្រមុំអ្នក ធូរធារនៅឯរាជធានីភ្នំពេញនេះ បានធ្វើឱ្យអ្នកកាសែតស្ថិតក្នុងភាពស្រពិចស្រពិលយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី២៨ មករា ២០១១ នេះ...ព័ត៌មាននេះអាចដឹង និងយកជាការបាននៅវេលាល្ងាចនេះហើយ ។ សូមបញ្ជាក់ថា ចំណាប់ខ្មាំងនារីរងគ្រោះវ័យក្មេងត្រូវបាននាំមកកាន់រាជធានី ភ្នំពេញយ៉ាងប្រញាប់ប្រញាល់ ដោយមានឪពុក-ម្តាយទៅទទួលជាមួយសមត្ថកិច្ចផងដែរ បន្ទាប់ពីរំដោះចេញពីបន្ទប់សណ្ឋាគារវិមានខ្សាច់មាស...។
យោង តាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់កោះសន្តិភាពប្រចាំនៅខេត្តព្រះ សីហនុ បានឱ្យដឹងថា មុននេះបន្តិច សមត្ថកិច្ចចំរុះដឹកនាំដោយប៉ូលិសក្រសួងមហាផ្ទៃ បានចុះទៅសហការជាមួយអ្នកគ្រប់គ្រងសណ្ឋាគារវិមានខ្សាច់មាស ធ្វើការព័ទ្ធបន្ទប់មួយស្ថិតនៅជាន់ទី៤ នៃសណ្ឋាគារនេះ ដើម្បីឃាត់ខ្លួនជនសង្ស័យដែលគេអះអាងថា ចាប់នារីវ័យក្មេងម្នាក់ដែលជាកូនអ្នកធូរធារនៅរាជធានីយកទៅ លាក់ទុកនៅនោះ ដើម្បីជំរិតទារលុយពីឪពុក-ម្តាយ ។
សកម្មភាព សមត្ថកិច្ចបែបនេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ មករា ២០១១ ដោយមិនមាននរណាអះអាងឱ្យពិតប្រាកដថា តើការព័ទ្ធបន្ទប់ឃាត់ខ្លួនជនសង្ស័យចាប់ជំរិតនៅក្នុងសណ្ឋាគារ វិមានខ្សាច់មាសនេះជនរងគ្រោះមានអត្តសញ្ញាបែបណានៅឡើយទេ លុះត្រាតែបណ្តើរជនសង្ស័យចុះមកដល់ដីសិន ទើបសមត្ថកិច្ចផ្តល់ព័ត៌មាន ។ ដូច្នេះធ្វើឱ្យអ្នកតាមដានរឿងនេះហាក់ស្រពិចស្រពិលទៅនឹងការ ភ្ញាក់ផ្អើលអំពីសកម្មភាពចាប់ជំរិតកូនស្រីក្រមុំអ្នកធូរធារ ម្នាក់ នៅឯរាជធានីភ្នំពេញផងដែរ...និងចង់ដឹងពីការពិតយ៉ាងតក់ក្រហល់ ។
គួររំលឹកថា ប្រភពព័ត៌មានបានឱ្យដឹងថា មានយុវតីម្នាក់ជិះរថយន្តកាមរី ស៊េរីទំនើបបាឡែន ចេញពីសាលារៀន កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ មករា ហើយត្រូវបាត់ខ្លួនរហូតដល់ម៉ោង៥ល្ងាច ខណៈពេលឪពុកម្តាយទូរស័ព្ទសាកសួរ កូនស្រីនោះបានឆ្លើយតែ២ទៅ៣ម៉ាត់មកវិញថា ម៉ាក់គេចាប់កូនហើយ។
តាមព័ត៌មានពីមន្ត្រីប៉ូលិសរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា បន្ទាប់ពីអាណាព្យាបាលទទួលព័ត៌មានដ៏រន្ធត់នេះ ឪពុកម្តាយនារីវ័យក្មេងដែលបាត់ខ្លួននោះបានជូនដំណឹងទៅសមត្ថ កិច្ចយ៉ាងប្រញិបប្រញាប់ផងដែរ ប្រយោជន៍ឱ្យសមត្ថកិច្ចប្រកាសព័ត៌មាននេះទៅដល់កងកំលាំង ប្រចាំការគ្រប់គោលដៅជួយស្ទាក់ឃាត់រថយន្ត និងក្មេងស្រីនោះនាំមកកាន់លំនៅឋានវិញ និងត្រូវទទួលរង្វាន់លើកទឹកចិត្ត។ យុវតីនោះមានអាយុ១៩ឆ្នាំ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ មករា នាងបានចេញពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ ហើយដើរសំដៅរករថយន្តផ្ទាល់ខ្លួនរបស់នាង ខណៈពេលបំរុងបើកទ្វារចូលរថយន្ត ស្រាប់តែត្រូវមនុស្សប្រុសម្នាក់ដែលទំនងត្រៀមចាំជាស្រេច បានរុញបញ្ចូលរថយន្តហើយបើកចេញទៅបាត់ ។
លុះដល់ម៉ោងប្រមាណ ៥ល្ងាចឪពុកម្តាយរបស់នារីវ័យក្មេងបានទន្ទឹងមើលផ្លូវ កូនចេញពីសាលាមិនឃើញ ក៏បានទាក់ទងតាមទូរស័ព្ទទៅរកកូនជាច្រើនដង ចុងក្រោយបានចំលើយយ៉ាងខ្លីមកវិញថា
ម៉ាក់កូនត្រូវគេចាប់ទៅខេត្តហើយ។
http://kohsantepheapdaily.com.kh/art...28-022849.html