ខេត្តកំពង់​ស្ពឺ ៖ ​សំរែកដែល​​លាន់ឮ​គ្រលួច​ក្នុង​ភាព​រន្ធត់​​ញាប់ញ័រ​​ពីសំណាក់​​ ស្ត្រីម្នាក់​​ដែល​ស្រែក​​ឱ្យ​​អ្នក​ភូមិ​​​ជួយ​ បាន​បង្ក​​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​ និងឆោឡោ​ទាំងព្រឹក​​ព្រលឹម​ថ្ងៃទី​​២៧ មករា ។ ហេតុការណ៍​គួរ​ឱ្យ​តក់ស្លុត​ទាំង​ព្រឹក​នេះ ​បង្កឡើង​​ដោយ​​បុរស​ឈាមក្តៅ​​​ឆ្កួត​លេលា​ម្នាក់​​ដែល​បានខ្ទប់ទ្វារ​ ផ្ទះជាប់ហើយ​ធ្វើ​​សកម្ម​ភាព​វាយប្រពន្ធ​​ដូច​កំរោល​ចូល​​ ។ ទោះ​បីជា​​ដឹង​ថា ​ខ្លួន​​ជា​ស្ត្រី​ទន់ខ្សោយ​​​ និង​​កំពុង​ប្រឈម​នឹង​​សេច​ក្តីស្លាប់​​ដោយ​សារតែ​​​​​ការ​វាយ​​​​ របស់ប្តីក៏​ដោយ ក៏នៅតែ​គិត​ដល់​កូន​តូចៗ ៤នាក់ដែល​ជាប់​នៅ​ក្នុងផ្ទះ​​ដែរ ហើយ​​​ក៏​អាច​ប្រឈម​​នឹង​ការ​វាយ​សម្លាប់​​​​ពីសំណាក់​បុរស​ជា​ឪពុក ទើបស្ត្រី​​​ជា​ប្រពន្ធ​​​បានស្រែក​​​ឱ្យ​​បងប្អូន​​​ក្បែរ​ផ្ទះ​ជួយ​ជំលៀស​ កូនតូចៗ​ចំនួន​៤នាក់​ចេញ​ពី​ផ្ទះ​​ ចំណែក​​ខ្លួន​ឯង​​ត្រូវ​ប្តី​​​វាយ​​រហូតដល់​​ស្លាប់​ដោយ​ពុំ​​​មានអ្នកភូមិ ​ណា​ម្នាក់​​ហ៊ាន​ចូលជួយ​​​សង្គ្រោះ​​​ឡើយ​ ។

មន្ត្រី​ប៉ូលិស​​​ស្រុក​ភ្នំស្រួច​​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​​​​នេះ​បានកើតឡើង​​នា​វេលាម៉ោង​​៥​ព្រឹក​ នៅ​​ក្នុង​ភូមិ​​​ច្រេស ឃុំ​អូរ​ ស្រុក​ភ្នំ​ស្រួច ។ ដោយ​សារ​​មានការ​ភ្ញាក់​ផ្អើល​​ជ្រួលច្របល់​​ពេញភូមិ​​​ សមត្ថ​កិច្ច​​​ប៉ូលិស​​ស្រុក​-ខេត្ត និង​​កងរាជ​អាវុធ​ហត្ថ​​​​បាន​​ចុះ​​ទៅធ្វើ​អន្តរាគមន៍​​បន្ទាន់ ឃើញ​ស្ថានភាព​វាយ​គ្នា​ក្តុង​​ក្តាំងលើ​ផ្ទះ​​ដោយបិទ​ទ្វារ​​ជិត​ ។ ពេលនោះ​សមត្ថ​កិច្ច​​​បាន​ហៅ​​​ឱ្យ​​បើកទ្វារ​​ចុះមក​ក្រោម ប៉ុន្តែ​បុរស​​ជាប្តី​មិនព្រម ​ហើយ​ដោយ​នៅតែ​បង្ក​ភាព​គ្រោះ​ថ្នាក់​ដល់​សមត្ថ​​កិច្ច​ ទើបមានការ​​សំរេច​​ចិត្ត​នាំគ្នា​​​ដាក់​ជណ្តើរ​​​គាស់​ជញ្ជាំង​​ផ្ទះចូល​​ ទៅចាប់​បុរស​នោះ ​ដែលមាន​ដំបង​​​ដើម​ខ្លុងមួយកំណាត់​​ប្រវែង​​ប្រហែល​៨តឹក គ្រវី​គ្រវាត់​​​សំដៅ​សមត្ថ​កិច្ច តែ​ទី​បំផុត​​​ មន្ត្រី​សមត្ថ​កិច្ច​​​ច្រើន​​នាក់បាន​ចាប់​វាយ​ខ្នោះ​​​បុរស​នោះ​ទាំង​ជើង​ ​ទាំងដៃ​ជាប់ក្រញង់ ។ ​​​ឯ​ប្រពន្ធ​​​​បាន​ដេកស្តូកស្តឹង​​ស្លាប់​ក្នុងថ្លុក​ឈាម​​បាត់​ទៅ​​ហើយ ។

​មន្ត្រី​​ប៉ូលិស​ព្រហ្មទណ្ឌ​​ផ្នែក​​​បច្ចេក​​​​ទេស រួម​ទាំង​កង​រាជអាវុធហត្ថ​​ដែល​បានធ្វើ​ការ​ត្រួត​ពិនិត្យ​​​​​នៅ​លើ​ផ្ទះ​ កើតហេតុ​​​នោះ​ឱ្យ​ដឹង​​ថា ជន​ល្មើស​​​​ជា​ប្តី​​សំលាប់ប្រពន្ធ​​​​​ឈ្មោះ​អ៊ុក​​ ឃីម ហៅ​ផុន ហ៊ីម អាយុ​​៣៥​ឆ្នាំ ឯ​ប្រពន្ធ​​​​ដែលស្លាប់​​​ឈ្មោះ​ស៊ឹម ស៊ីម អាយុ​​៣៤ឆ្នាំ មានកូន​តូចៗ​ចំនួន​​៤​នាក់ ដែល​ត្រូវបាន​​បង​ប្អូន​អ្នកភូមិ​​ច្រេស​ជំលៀស​រួចផុតពី​​សេច​ក្តី​ស្លាប់ ។ អ្នកភូមិ​​​បាន​​និយាយ​ថា ប្តីប្រពន្ធ​​នេះ​​មាន​របរ​ធ្វើ​ស្រែ​​ ជួនកាល​​ពេលទំនេរ​​ទៅកាប់ឈើ​​កាប់​អុសលក់ ។ ​បុរសជា​ប្តីនេះ​​មាន​ជំងឺ​ម្តងៗ​ធ្ងន់​ធ្ងរ ដោយសារ​គ្រុនចាញ់ និង​ហាក់ដូច​ជា​កំរោល​ចូល​ ដែល​បង្ក​​ឱ្យកាចមិន​ដឹង​ខុសត្រូវ​យូរៗ​ម្តង ពុំអាច​​​​ឃាត់​បាន ។ ​អ្នក​ភូមិ​​និយាយទៀត​​ថា ពេលប្តី​ឈឺ​ប្រពន្ធ​​បាន​ជូន​ទៅ​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យអស់​ជា​ច្រើនខែ តែពុំជា និង​​បាន​​លក់​​គោ ​ព្រមទាំង​​ទ្រព្យ​សម្បត្តិ​​​​ចង់អស់​ពី​ផ្ទះទៅ​ហើយ ។ ​​ប្តីកំណាច​កំរោលចូល​រូបនេះ​​បាន​​វាយ​សម្លាប់​​ប្រពន្ធ​​​ទាំងវ័យក្មេង​​ ព្រមទាំង​​បន្សល់​ទុក​​កូន​​​តូចៗ​ចំនួន​​៤​នាក់ ដែលកូនច្បង​អាយុ​១២​ឆ្នាំ ​និង​កូន​ទី​៤ អាយុត្រឹម​តែ​៩​ខែប៉ុណ្ណោះ ។ ជារឿង​អាណោច​អាធ័ម​​បំផុតដែល​​ម្តាយ​ស្លាប់​​ ឪពុកត្រូវ​ជាប់​ពន្ធនាគារ តើ​ពួកក្មេងៗ​ដែល​ជាកូន​ត្រូវរស់​នៅ​បែបណា ?​

http://kohsantepheapdaily.com.kh/art...127-19133.html