
ខេត្តកណ្តាល ៖ តាមប្រភពព័ត៌មានពីអាជ្ញាធរ និងប៉ូលិសស្រុកកោះធំបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ មករា មានជនមិនស្គាល់អត្តសញ្ញាណប្រមាណ១៥នាក់ ក្នុងនោះមានខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថបានជិះ រថយន្តទំនើបៗចំនួន៤គ្រឿង ទៅជីកកកាយដីនៅចំណុចទួលសំរោង ជាប់រោងអ្នកតាក្រហម.កខាងលិចសាលាបឋមសិក្សាកំពង់សំបួរ និងខាងក្រោយវត្តកំពង់សំបួរ ស្ថិតនៅភូមិកំពង់សំបួរ ឃុំព្រែកថ្មី ស្រុកកោះធំ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរ ឬសមត្ថកិច្ចណាឡើយ ។
ទាក់ទិននឹងការជីកកកាយដោយមិនមានការសុំអនុ ញ្ញាតនេះត្រូវបានគេសង្ស័យថា ជាការជីករកកំណប់ដែលជារបស់មានតំលៃដែលបានកប់ទុកកាលពីសម័យ ប៉ុល ពត ឯប្រភពខ្លះទៀតនិយាយថា ជីករកអដ្ឋិធាតុ ។ ប៉ុន្តែបើតាមអ្នកវិភាគពីសកម្មភាពខាងលើនិយាយថា បើសិនជាការជីកគាស់កកាយរកអដ្ឋិធាតុពិតមែននោះប្រាកដជា ក្រុមជនទាំងនោះមកសុំការអនុញ្ញាតពីអាជ្ញាធរឃុំស្រុកតាមគោល ការណ៍ច្បាប់មិនខាន តែផ្ទុយទៅវិញពួកគេមកជីកគាស់កកាយដីហាក់បីដូចជាមានការលាក់ លៀមជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរ ទើបគេសង្ស័យថា ពិតជាជីកគាស់រកកំណប់ច្រើនជាង ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរកន្លែងជីកនោះបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ មករា គេឃើញជនមិនស្គាល់អត្តសញ្ញាណប្រមាណ១៥នាក់ ក្នុងនោះខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងមានអាវុធទុកនៅក្នុងរថយន្ត ។ ពួកគេជិះរថយន្តចំនួន៤គ្រឿង ម៉ាក VIGO ពីរគ្រឿង ម៉ាក CRV មួយគ្រឿង និងម៉ាកហ្ស៊ីប ពណ៌ត្រេអ៊ីមួយគ្រឿង ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីក្រុមជនទាំងនោះទៅដល់គេឃើញមានជ្រូកខ្វៃចំនួនពីរ ក្បាល ដាក់អុជធូបសែនព្រេនក្បែរតូបអ្នកតាក្រហមក ដែលជាកន្លែងជីកកកាយដីនោះផងដែរ។ ក្រោយពីធ្វើពិធីសែនព្រេនរួចហើយគេឃើញក្រុមជនទាំងនោះខ្លះទៅ កាប់ឆ្ការព្រៃដើម្បីជីកដី ហើយខ្លះទៀតនៅយាមក្បែរៗនោះ។ ខណៈមានការជីកដីនោះមានប្រជាពលរដ្ឋខ្លះទៅមើលក៏ត្រូវពួកគេ បណ្តេញចេញបានត្រឹមលួចមើលពីចំងាយប៉ុណ្ណោះ។ ក្រោយពីជីកកកាយនៅទីនោះអស់មួយព្រឹកធំ ទើបដំណឹងនេះបានបែកធ្លាយដឹងដល់អាជ្ញាធរឃុំ ស្រុក និងប៉ូលិស ។
បើតាមអ្នកឃើញហេតុការណ៍និយាយថា ក្នុងការជីកកកាយដីនៅទីនោះពួកគេបានប្រើឧបករណ៍សំរាប់រាវរក លោហៈធាតុផងដែរ ។ លោកកែវ ប៊ុនលី មេឃុំព្រែកថ្មីបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សជាង១០នាក់ ជិះរថយន្ត៤គ្រឿង មកជីកដីនៅចំណុចទួលខាងលើដោយពុំមានការអនុញ្ញាតពីអាជ្ញាធរ លោកបានរាយការណ៍ទៅលោកអភិបាលស្រុកកោះធំ ដើម្បីសុំយោបល់ចាត់ការរឿងនេះ ។
លោកអ៊ិន ឃុន អភិបាលស្រុកកោះធំ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ក្រុមអ្នកមកជីកកកាយដីនៅចំណុចខាងលើមិនបានសុំច្បាប់អនុ ញ្ញាតពីអាជ្ញាធរស្រុកឡើយ ។ បើតាមសេចក្តីរាយការណ៍ថា អ្នកទាំងនោះជិះរថយន្តស៊េរីទំនើប ព្រមទាំងមានអាវុធទុកនៅក្នុងរថយន្តទៀតផង ។ បើទោះបីជាពួកគេមកជីករកអដិ្ឋធាតុក៏ដោយ ក៏ត្រូវសុំច្បាប់ពីអាជ្ញាធរដែនដីដែរ ហេតុដូចនេះហើយទើបគេសង្ស័យថា មកជីករកកំណប់មានតំលៃច្រើនជាង ។ លោកអភិបាលស្រុកបន្តទៀតថា ក្រោយពីទទួលបានសេចក្តីរាយការណ៍នៅរសៀលថ្ងៃទី ២៦ មករា ដដែល លោកបានបញ្ជាឱ្យប៉ូលិសស្រុកកោះធំ សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅកន្លែងដែលមានការជីកដី នោះ ដើម្បីធ្វើការហាមឃាត់បញ្ឈប់សកម្មភាពពួកគេ បើទោះបីជាជីករកអដ្ឋិធាតុក៏ដោយ ។
លោកភន សារឿន អធិការនគរបាលស្រុកកោះធំ បានឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលស្រុក លោកបានបញ្ជាឱ្យកំលាំងប៉ូលិសស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុនៅ រសៀលថ្ងៃដដែល ហើយបានប្រទះឃើញរណ្តៅទំហំប្រហែលមួយម៉ែត្រ ជំរៅជាង១ម៉ែត្រ នៅជាប់រោងអ្នកតាក្រហមក។ ខណៈពេលសមត្ថកិច្ចចុះទៅសាកសួរ ពួកអ្នកជីកកកាយដីនោះបានប្រាប់ថា ជីករកអដ្ឋិធាតុសាច់ញាតិ តែរកមិនឃើញទេ។ ពេលនោះសមត្ថកិច្ចប៉ូលិស និងអាជ្ញាធរបានប្រាប់ឱ្យពួកគេបញ្ឈប់សកម្មភាព ដោយមិនបានធ្វើការឃាត់ខ្លួនជនណាម្នាក់ឡើយ ហើយពួកគេក៏បាននាំគ្នាប្រមូលអីវ៉ាន់មានចបជីក ចបកាប់ ប៉ែល និងបង្គីដាក់រថយន្តរួចនាំគ្នាបើកចេញបាត់ទៅ។
សមត្ថកិច្ចស្រុកឱ្យដឹងតាមការស្រាវជ្រាវថា ក្រុមជនទាំងនោះគឺបំរើការងារនៅកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ។ នៅក្នុងការជីកដីនោះ មិនមានព័ត៌មានណាឱ្យដឹងថា ជីករកឃើញកំណប់អ្វី ឬអដិ្ឋធាតុអ្វីនោះទេ ។ ទួលអ្នកតាក្រហម.ក ឬទួលសំរោងនេះតាមអ្នកភូមិបានឱ្យដឹងថា ជាទួលព្រៃមួយនៅខាងក្រោយវត្តកំពង់សំបួរ ដែលអ្នកភូមិគោរពបូជាតៗគ្នាតាំងពីសម័យដើមរហូតមក ។ កាលពីសម័យប៉ុល ពត វត្តកំពង់សំបួរជាកន្លែងឃុំឃាំងមនុស្សបណ្តោះអាសន្នមុនពេលនាំ ទៅកាន់មន្ទីរសន្តិសុខ។ អ្នកភូមិនិយាយទៀតថា ពីដើមទួលនេះមានព្រៃក្រាស់ណាស់ តែបច្ចុប្បន្នមានព្រៃដែរ តែមិនក្រាស់ដូចពីដើមនោះទេ ៕
http://kohsantepheapdaily.com.kh/art...27-041353.html