
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបើកកិច្ចប្រជុំមួយនាព្រឹកថ្ងៃទី២៧ មករា ២០១១ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សារកទីតាំងសំរាប់ដាក់សំភារបណ្តោះអាសន្នរបស់ក្រុម ហ៊ុនឆាយណារ៉ូតប្រ៊ីដ ខូប៉ូរ៉េសិន សំរាប់បើកការសាងសង់ស្ពានជ្រោយចង្វាទី២ ដែលគ្រោងចាប់ផ្តើមនៅចុងឆ្នាំ២០១១ឆាប់ៗនេះ ។ កិច្ចប្រជុំនេះចូលរួមមានលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញនិងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយមន្ត្រីជំនាញក្រោមឱវាទក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ ។
តាមការសិក្សាពីមន្ត្រីជំនាញក៏ដូចតំណាង ក្រុមហ៊ុនខាងលើបានជ្រើសរើសយកគំរោងទីតាំងដំឡើងស្ពានចំនួន៣ កន្លែងមកពិភាក្សាគ្នា ហើយការសំរេចចុងក្រោយគឺគណៈកម្មការបានជ្រើសរើសយកគំរោងទី២ គឺស្ថាបនាស្ពាននៅចំណុចផ្លូវភ្លោះខាងជើងគល់ស្ពានជ្រោយចង្វា ចាស់ ព្រោះទីនេះមិនសូវមានការប៉ះពាល់ដល់ដី និងលំនៅឋានរបស់ប្រជាពលរដ្ឋច្រើនទេ ។ ស្ពានជ្រោយចង្វាទី២នេះបើតាមគំរោងមានប្រវែង១.២៦០ម៉ែត្រ រាប់ទាំងផ្លូវឡើងស្ពាន ឯតួស្ពានប្រវែង៧២៥ម៉ែត្រ មានទទឹង១៤ម៉ែត្រ ប្រើប្រាស់ថវិកាតាមរយៈកិច្ចសហប្រតិបត្តិការឥណទានកម្ពុជា ចិន ឬកម្ចីឥណទានពីចិន ៕
http://kohsantepheapdaily.com.kh/art...27-015648.html