រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យរន្ធត់​មួយបង្កឡើង​​ដោយ​រថយន្តដឹក​ស្រាបៀរ​​​ មួយគ្រឿង បើកបោះពួយ​​​បុកម៉ូតូ​ពីក្រោយ​​​ បណ្តាល​ឱ្យ​​​អ្នក​បើក​​​​ម៉ូតូប៉ើង​ខ្ទាត​ចេញពីម៉ូតូ ហើយ​រថយន្ត​នោះក៏​​​បើកកិន​ពីលើបែក​ក្បាល​​ស្លាប់យ៉ាង​អាណោច​អាធ័ម ​កាល​ពី​វេលាម៉ោង​​៧​និង​​៣០នាទី​​ព្រឹកថ្ងៃទី​​​២៧ មករា លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ក្នុងភូមិ​​​បឹង​ឈូក សង្កាត់​​និរោធ​​ ខណ្ឌ​មានជ័យ ។​ ជនរងគ្រោះ​​នៅក្នុងគ្រោះថ្នាក់​​ចរាចរ​នេះ​ឈ្មោះ​​ឃុន រ៉ា ភេទប្រុស អាយុ​​២៨​ឆ្នាំ ស្នាក់នៅ​​​ភូមិ​កោះនារាណ៍ ​សង្កាត់​និរោធ ខណ្ឌ​មានជ័យ ត្រូវរថយន្ត​​កិន​បែក​ក្បាល​​ស្លាប់ភ្លាម​ៗនៅ​នឹង​កន្លែង ។​

តាមសាក្សី​ដែល​​ឃើញហេតុការណ៍​​បាន​ឱ្យ​ដឹងថា ​​នៅវេលាម៉ោង​​​ខាងលើ គេឃើញ​​​រថយន្ត​បង្ក​ហេតុ​​​ម៉ាកហ៊ី​យ៉ាន់​ដាយ ​ពណ៌លឿង ពាក់​ស្លាក​​លេខ​ ភ្នំពេញ 3A-0913 ដែលមាន​ដឹកស្រា​បៀរ​​ផងនោះ បើកបោះពួយ​​​យ៉ាងលឿន​​​​ស្រប​ពី​ក្រោយ​ម៉ូតូ​ ។ ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ មិន​ដឹង​​​ជាយ៉ាងម៉េច ស្រាប់តែ​រថយន្ត​នេះ​ជ្រុលទៅបុក​ម៉ូតូ​​របស់ជនរងគ្រោះ​ម៉ាក​ឌ្រីម C125 ពណ៌ខ្មៅ ​ពីក្រោយ​​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​​ឱ្យ​​ទាំង​មនុស្ស​​​ ទាំង​ម៉ូតូ​ខ្ទាត​ចេញពីគ្នា ​​​រួចហើយ រថយន្ត​​​ជាន់​ហ្វ្រាំងមិន​ទាន់ ក៏​​កិន​​ពីលើ​​បុរស​រងគ្រោះ​​បែកក្បាល​ស្លាប់​​ភ្លាមៗ​តែ​ម្តង ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ពីប្រជា​ពលរដ្ឋ​​​មក​ចោម​រោម​មើល ហើយចាប់​​ឃាត់​អ្នក​បើក​បរ​រថ​យន្ត​​ដឹក​​ស្រា​បៀរ​នោះជាប់ ។ ក្រោយ​​មក​ទាំង​អ្នក​បើក​​បរ និង​រថយន្តត្រូវ​​​សមត្ថ​កិច្ច​​បញ្ជូនទៅ​កាន់​អធិការ​ដ្ឋាន​​ខណ្ឌ​ដើម្បី​​ ​រង់ចាំ​​ធ្វើការ​ដោះស្រាយ៕

http://kohsantepheapdaily.com.kh/art...27-005219.html