រាជធានីភ្នំពេញ​​ ៖ ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​​ឡើង​រវាង​រថយន្ត​ពាក់​ស្លាក​​លេខ​ ខេមរភូមិន្ទ​ និង​ម៉ូតូ​អ្នក​ដំណើរ​​មួយ​គ្រឿង​​​បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដោយសារ​តែ​​ខាង​ភាគី​ទាហ ាន​មិន​និយាយ​ពី​ច្បាប់​ទំលាប់​អាង​ខ្លួន​​ជាទាហាន​គំរាម​កំហែង​អ្នក​បើក​ម៉ូតូ ។ មិនតែ​​ប៉ុណ្ណោះ​​បាន​លើក​យក​ម៉ូតូ​​របស់​ភាគី​ម្ខាង​ទៀត​​ដាក់​​លើ​រថយន្ត​​​​របស់​ខ្លួន​​ដឹក​យក​ចេញ​ទៅ ទាំង​តក់​ក្រហល់​ ដែល​សកម្មភាព​ខាង​លើ​​មិន​ខុស​ពី​ចោរ​ប្លន់​នោះឡើយ ។ #ហេតុការណ៍​​នោះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០នាទី​យប់​ថ្ងៃទី​១៨ ខែធ្នូ​ ឆ្នាំ​២០១០​ នៅ​ចំណុច​​ផ្លូវ​ខ្វែង​ភូមិ​​ចំការ​​ឪឡឹក​ សង្កាត់​កាកាប ខណ្ឌ​ដង្កោ​ ។ ប្រជាពលរដ្ឋ​និយាយ​ថា រថយន្ត​មួ​យគ្រឿង​​នោះ​ម៉ាក​តូយ៉ូតា​ វីហ្គោ​ ពណ៌​ស ពាក់​ស្លាក​លេខ​​​ខេមរភូមិន្ទ​ ០២-២-១៩៣០ បើក​បរ​ដោយ​​មន្ត្រី​យោធា​ម្នាក់​និង​​មាន​ដឹកប្រពន្ធ​កូន​ព្រមទាំងទាហាន​ស្លៀក​ពាក់​ស៊ីវិល​ម្នាក់​ ផង ។ ​រថយន្ត​នោះ​មាន​បំពាក់​ស៊ីរ៉ែ​ន​ទៀត​ផង ចំណែក​ឯម៉ូតូ​រងគ្រោះ​ម៉ាក​វ៉េវ​អាល់​ហ្វា​ ពណ៌​​ខ្មៅ​ បើកបរ​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​​ម្នាក់​ ហើយថាម៉ូតូនោះ​​ខ្ចី​គេជិះ​ទៀតផង ។
ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា មុន​​​ពេល​កើត​ហេតុ​គេ​បាន​​ឃើញ​រថយន្ត​១គ្រឿង​នោះ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​​ពីជើង​ទៅ​ត្បូង​ ​ ចំណែក​​ឯ​ម៉ូតូ​ជិះ​ម្នាក់​ឯង ​​ក្នុង​ទិស​ដៅ​​ពីលិចទៅ​កើត ។ លុះ​ពេលទៅ​ដល់​ត្រង់​ចំណុច​​ផ្លូវ​​ខ្វែង​ខាង​លើ​ម៉ូតូ​បាន​បត់​ឆ្វេងសំដៅទៅទិសខាងជើងវិញ​ ក៏​បាន​បុក​ជាមួយ​​រថយន្ត​បណ្តាល​ឱ្យ​រថយន្ត​ទាហាន​នោះ​រង​ការ​ខូច​ខាត​កាងខាងមុខ​បន្តិច​បន្តួច ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ម៉ូតូ​ក៏រងនូវ​ការ​ខូចខាតខ្លះៗ​ដែរ ហើយ​ខាង​ទាហាន​បាន​ទាមទារ​ឱ្យ​ភាគី​អ្នកជិះ​ម៉ូតូ​សងថ្លៃ​ខូចខាត​​រថយន្ត​ ប៉ុន្តែ​​ដោយ​ទារ​ច្រើន​​ពេក​ភាគី​ម៉ូតូ​អត់​លុយ​សង​ទើប​ក្រុម​ភាគី​រថយន្ត​បាន​លើក​​យក​ម៉ូតូ​នោះ ដាក់​លើ​រថយន្ត​រួច​បើក​ចេញ​ទៅ​​យ៉ាង​​តក់​ក្រហល់​​ដូច​ចោរ​ប្លន់​មិន​បាន​ទុក​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​ចុ ះវាស់​វែង​តាម​ច្បាប់​​ឡើយ ។​
ប្រជាពលរដ្ឋ​បាន​បន្ត​ថា ភាគី​រថយន្តអាង​អំណាច​ទោះដឹងថា​ធ្វើ​បែប​នេះ​ខុស​ច្បាប់​​ក៏នៅ​តែ​ធ្វើ​ដែរ ហើយ​ការលើ​កម៉ូតូ​ភាគី​ម្ខាង​ទៀត ដាក់​​លើ​រថយន្ត​ដឹកចេញ​ទៅ​នោះ​គឺដើម្បី​កាត់​កង​ថ្លៃ​​ខូច​ខាតកាង​រថយន្ត​បន្តិច​បន្តួចប៉ុណ្ណោះ ។​ ពេល​ដែល​រថយន្ត​ដឹក​ម៉ូតូ​ចេញ​ទៅ​ ម្ចាស់​ម៉ូតូ​បាន​ខំប្រឹង​រត់​ដេញ​តាម​និង​តោង​​ឡើង​ជិះ​រថយន្ត​នោះ​ទៅ​ជាមួយដែរ ​ព្រោះ​ខ្លាច​បាត់​ម៉ូតូ​ ហើយ​ទំរាំ​តែ​​ឡើង​​​ជិះ​បាន​ស្ទើរ​តែ​ធ្លាក់​ស្លាប់​ទៀត​ផង ។ ប្រភព​​​ដដែល​​បាន​បន្ត​ទៀតថា ក្រោយ​ពេលមាន​ហេតុ​ការណ៍​​កើតឡើង​បែបនេះ​ ប្រជាពលរដ្ឋ​​បាន​សំដែង​នូវ​ការ​មិនពេញ​ចិត្ត​​​គ្រប់​ៗគ្នាដោយ​និយាយ​ទាំង​កំហឹង​ថា​ ប្រសិន​បើ​ចៃដន្យ​​រថយន្ត​នោះ​បែរ​ជា​ខូច​ទៅមុខ​មិន​រួច​ពួកគាត់​នឹង​ដុត​កំទេច​ចោល​ជាមិន​ខាន​ ​​។ ម្យ៉ាង​ទៀត​ពេល​ដែល​រថយន្ត​នោះ​ដឹក​យក​ម៉ូតូ​គេរត់​បែប​នោះ ​ប៉ូលិស​ខណ្ឌ​ដង្កោ​​បាន​​បើក​រថយន្ត​ស៊ីរ៉ែន​​មួ​យគ្រឿង​ដេញតាម​ឃាត់​យក​ម៉ូតូ​មកវិញ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ដូច​ខ្សែ​​ភាពយន្ត​ភាគ​ហុង​កុង ។​ ប៉ុន្តែ​ដេញតាម​រហូត​ដល់​​សង្កាត់​ព្រែក​កំពិស​ ខណ្ឌ​ដង្កោ​ ក៏ដេញ​លែងទាន់​​​ហើយ​រថយន្ត​នោះ​បាន​បើក​បុក​បារ៉ាស់​របស់​ប៉ូលិស​ជា​ច្រើន​កន្លែង​គេច​ខ្លួន​បាត់​ស្រមោល ​ ដោយ​នាំយក​ទាំង​ម៉ូតូ​និង​ម្ចាស់​​ម៉ូតូ​ទៅជាមួយ​ផង ប៉ុន្តែ​​ពុំ​ដឹង​ថា នាំយក​ទៅ​​ដល់​ណា​ឡើយ ។ ប្រជា​ពលរដ្ឋ​បាន​និយាយ​ថា ពេល​ឃើញ​​បែបនេះ​ពួកគាត់​​ភ័យ​ញាក់​​សាច់​មិន​ចង់​ឱ្យជួប​ហេតុ​ការណ៍​បែបនេះ​ឡើយ ​​ព្រោះ​ពេល​នោះ​ភាគី​អ្នក​ជិះ​រថយន្ត​អត់​និយាយ​ពី​ច្បាប់​ទេ ហើយ​ក៏មិន​ចាំបាច់់​ឱ្យ​ប៉ូលិស​​​ចរាចរ​វាស់​វែង​​ដែរ ពួកគេ​ប្រើ​អំណាចដោយ​​អាង​ពាក់​ស្បែក​ខ្លាគួរឱ្យស្អប់ខ្ពើម​បំផុត ៕