ខេត្តកំពង់ធំ​ ៖ យ៉ាងហោចណាស់មាន​មនុស្ស​ម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសំរាក​ព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីពុលពងគីង្គក់​កាលពីថ្ងៃទី២៨ ខែធ្នូ នៅភូមិចំណា ​ឃុំ​សាលា​វិស័យ ស្រុកប្រាសាទបល្ល័ង្ក ។ ទាក់ទិនករណី​ពុល​ខាងលើនេះ លោកវរ​សេនីយ៍​ត្រី អ៊ុំ អ៊ាត អធិការនគរបាលស្រុកប្រា​សាទ​​បល្ល័ង្ក បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​​ជន ថន អាយុ៤៩ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិកើតហេតុខាងលើ​​និង​បានស្លាប់បន្ទាប់ពី​ក្រុមគ្រួសារដឹក​យកមកព្យា​បាលនៅមន្ទីរពេទ្យ​ខ េត្ត ក្រោយពីហូបសត្វគីង្គក់អស់ជិត១០ក្បាល កាល​ពី​វេលាម៉ោង៥ល្ងាច​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១០ ។ ដោយឡែកជនរងគ្រោះម្នាក់ទៀត​ឈ្មោះទី តុល អាយុ២៥ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិ​ជាមួយគ្នាកំពុង​សំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​បង្អែកស្រុក​ស្ទោង ។
ពាក់ព័ន្ធករណីខាងលើនេះ លោកអធិការ​បាន​បន្តឱ្យដឹងទៀតថា តាមការស្រាវជ្រាវ​របស់​សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា មុនពេលកើតហេតុ​គេឃើញជនរងគ្រោះទាំងពីរនាក់ជាឪពុកមានិងក្មួយបាននាំគ្នាយកសត្វគីង្គក់​ចំនួន​ជិត១០ក្នុង​​នោះ ​ក៏​មានគីង្គក់ពងផងដែរ​មកធ្វើជាគ្រឿងក្លែម​ទឹក​ត្នោតជូរ ។ ក្រោយពីហូបបានមួយសន្ទុះ​ស្រាប់​​តែ​ពួកគាត់ទាំងពីរហាក់ដូចជាពុលព្រោះ​មាន​អាការក្អួតចង្អោរ ឃើញដូច្នោះអ្នកជិតខាង​បាន​​បង្ខំ​ឱ្យ​​ជនរង​គ្រោះឈ្មោះជន ថន ទៅមន្ទីរ​ពេទ្យ​តែគាត់​ប្រកែក​​ថាមិនអីទេ ។​ ដោយឃើញ​អាការ​ជនរងគ្រោះ​កាន់​តែធ្ងន់ធ្ងរ​ក្រុមគ្រួសារ​បានបញ្ជូន​ទៅព្យាបាលនៅ​មន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារ​ជាតិពុលពីសត្វ​គីង្គក់បានជ្រាប​សព្វសាច់ហើយ​នោះគ្រូពេទ្យពុំ​អាចជួយ​សង្គ្រោះ​​បានឡើយ​ហើយន ៅវេលាម៉ោង​ប្រមាណ១២​យប់​ជន​រង​គ្រោះ​រូបនេះក៏​បានស្លាប់បាត់​ទៅ​ ដោយឡែក​ឈ្មោះ​ទី តុល បានរួសរាន់ទៅមន្ទីរ​ពេទ្យ​​ទាន់​​ពេល​វេលា ។
សមត្ថកិច្ចដដែល​បាន​បន្តថា ជន​រងគ្រោះទាំងពីរនាក់​ត្រូវបានគេសន្និ​ដ្ឋាន​ថា ទំនង​ជាហូបសត្វគីង្គក់ប៉ះចំពងរបស់វា ទើប​បណ្ដាលឱ្យពុលស្លាប់បែបនេះ​ ។ ជាមួយ​គ្នា​នេះ​ដែរ​ឈ្មោះទី តុល បាននិយាយថា ខ្លួន​ហូប​សត្វ​គីង្គក់ក្លែមជាមួយទឹកត្នោតជូរ ព្រោះ​គិតថា​សត្វ​គីង្គក់ជាថ្នាំត្រជាក់ជួយព្យាបាលជំងឺគ្រាំគ្រា​ក្នុង​ទើបខ្លួន​និង​ឪពុក​មា​នាំគ្នា​ហូប ដោយមិនបាន​គិតដល់​ពងរបស់វាពុលទេ ។ សពជនរងគ្រោះដែល​បាន​ស្លាប់​ដោយសារ​ពុល​ពង​គីង្គក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាម​ប្រពៃណី ៕