រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជាមានប្រសាសន៍ថា អ្នក​ប្រជា​ធិប​តេយ្យ​មែនទែនគេអត់និយាយទេ គេអត់ចាំបាច់​ប្រកាសតំាងខ្លួនថាជាអ្នកប្រជាធិបតេយ្យ​ទេ​ អ្នក​ស្នេហាជាតិពិត​ប្រាកដ​ក៏អត់ចាំបាច់​និយាយ​ថា ខ្ញុំអ្នកស្នេហាជាតិដែរ អ្នកការពាររាជ​បល្ល័ង្ក​ណាស់​ក៏គេ​មិនចាំបាច់ប្រកាសថា គេជាអ្នករាជា​និយម​ទេ។ សម្តេចតេជោបានមានប្រសាសន៍​បែបនេះ ក្នុងឱកាសអញ្ជើញជា​អធិប​តី​​ដ៏ខ្ពង់ខ្ពស់​​​ក្នុង​ពិធី​បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០១០ និង​លើក​ទិសដៅឆ្នាំ២០១១ របស់ក្រសួងអភិវឌ្ឍន៍​ជន​បទ កាលពីថ្ងៃទី២៩ ខែធ្នូ នៅសាល​សន្និសីទ​ចតុមុខ។
ទាក់ទិននឹងបញ្ហាខាងលើ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានលើករំលឹកថា ការ​ឃោស​នា​កាល​ពីឆ្នាំ២០០៨ មានគណបក្សនយោ​បាយ​ខ្លះ​គេ​ហ៊ានឃោសនាថា បើសិនជាគណ​បក្ស​របស់​គេ​មិនជោគជ័យទេ រាជានិយមនៅ​កម្ពុជា នឹង​ចុះ​ខ្សោយ។ ឥឡូវនេះ សូមពិនិត្យមើល​តើ​មាន​សភាព​ដូចម្តេច? នៅពេលដែលគណបក្សប្រជា​ជន​កាន់កាប់​ជាង២ភាគ៣ នៅក្នុង​​សភា​ គឺ​រាជា​និយម​នៅ​​កម្ពុជា កាន់តែខ្ពង់ខ្ពស់។ នេះ​គឺ​ជា​រឿង​ពិត។ ចំពោះ​អ្នក​ដែលអួតនោះ គឺគ្មានកៅអីក្នុង​សភា​ផង តើធ្វើអ្វី​កើត? ចំណែកគណបក្ស​ដែល​មានកៅអីក្នុងសភា​ច្រើននោះ គេគោរពព្រះ​មហា​ក្សត្រ គេការពារ​រាជបល្ល័ង្ក​ គេការពាររាជា​និយម គេមិនចាំបាច់​និយាយថា គេជា​មនុស្ស​រាជា​និយមទេ។ សម្តេច​មានប្រសាសន៍​បន្តថា ឥឡូវ​យើងគិតយ៉ាងម៉េច យើងមានកន្លែង​ណា​ឈរ បើគេមានអ្នក​ជាតិ​និយម អ្នករាជានិយម អ្នក​សីហនុនិយម ​អ្នក​ប្រជាធិបតេយ្យ អ្នក​សិទ្ធិ​មនុស្ស គេយក​អស់​រលីង​ទៅហើយ យើង​នៅ​សល់​អ្វីទៀត។ ដូច្នេះយើងនៅសល់តែមួយ​គត់ គឺនៅក្នុងប្រជា​ជន ​អ្នកប្រជាជននិយម។
​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា ការ​ពិត ការ​អនុវត្ត​គោល​នយោបាយកន្លងទៅ ទោះ​បីជា​យើងមិន​ប្រើក៏ដោយ យើង​ក៏​ជា​អ្នក​ប្រជា​ជននិយម នេះ​ជា​គោលនយោបាយពិត​ប្រាកដ​​របស់គណ​បក្ស​ប្រជា​ជន គេ​ហៅ​ប្រជា​ធិប​តេយ្យប្រជាជន​ដែល​វា​ស្ថិតនៅ​ក្នុងមូល​ដ្ឋាន​ចំបង​​នៃ​និក្ខេបបទបណ្ឌិត​របស់​ខ្ញុំន ោះ។ រឿង​វា​ដូច្នេះ​ យើងមិនបានតាំងខ្លួន​ជាអ្វីទេ ក៏ប៉ុនែ្ត​យើង​បាន​ធ្វើ​សកម្មភាពជាក់ស្តែង​ក្នុងនាមជាអ្វីនោះ គេ​អាចយល់បានអាចដឹងបាន​អំពី​បញ្ហា​ហ្នឹង ទស្សន​វិជ្ជារបស់យើង​គឺច្បាស់​លាស់​មិន​ចាំ​បាច់​មោទន:ទេ។ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​បញ្ជាក់ថា គណ​បក្ស​របស់យើង គឺ​គណ​បក្ស​ប្រជាជន​ យើង​ធ្វើផ្លូវ​លំ​ជន​បទ​ដែល​យើង​បានធ្វើពីមុន​ឱ្យ​ក្លាយទៅជា​ផ្លូវ​ចាក់​កៅស៊ូ​នៅ​​ជនបទ៕