រាជធានីភ្នំពេញ ៖ យោ​ង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់សាលាក្តី​ចេញផ្សាយ​​នៅ​ថ្ងៃ​ទី​​២១ ធ្នូ ឆ្នាំ​២០១០ ឱ្យ​​ដឹង​ថា ​រដ្ឋាភិបាល​​​នៃ​​សាធារណរដ្ឋ​​សហព័ន្ធ​​​​អាល្លឺម៉ង់​​ បានចូល​រួម​ចំណែក​ថវិកា​​ចំនួន​១,២លានអឺរ៉ូ ​សំរាប់គំរោង​​លើក​​កំពស់​​​ការ​ចូលរួម​របស់ជនរងគ្រោះ​​នៅ​ក្នុង​​កិច្ច​ដំណើរ​ការ​​នីតិវិធី​​នៅអង្គ​ជំន ុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​តុលាការ​​កម្ពុជា​ហៅ​កាត់​ថា ​តុលាការ​ខ្មែរ​ក្រហម ។ សេចក្តីប្រកាសព័ត៌​មាន​​​ឱ្យ​​ដឹង​ទៀត​ថា ​ឯក​​សារ​ត្រូវ​បានចុះហត្ថ​លេខា​​​នៅថ្ងៃទី​​១៦ ធ្នូ ឆ្នាំ​​២០១០ ដោយ​នាយក GTZ ប្រចាំនៅ​​តំបន់​អាស៊ី​​ខា​ងត្បូង ឡាវ​ និងកម្ពុជា​ និងលោក​ក្រាញ់ តូនី ​ប្រធាន​រដ្ឋ​បាល​ស្តីទីនៃ​សាលាក្តី នៅថ្ងៃទី​២០ ធ្នូ ឆ្នាំ​២០១០ ។
សេចក្តីប្រកាស​​ព័ត៌មាន​​​របស់សាលាក្តី​​​ដដែល​បាន​បន្ថែមថា ថវិកា​រួម​ចំណែក​នេះ​​ត្រូវបាន​ផ្តល់ជូនសំរាប់​គំរោង​រយៈ​ពេល​​១៦ខែ ​គិតចាប់ពីខែ​​កញ្ញា ឆ្នាំ​​២០១០​ ហើយ​នឹង​​ត្រូវបញ្ចប់​​ត្រឹមថ្ងៃទី​៣១ ធ្នូ ឆ្នាំ​​២០១១ ដោយ​ផ្តោត​លើ​សកម្មភាព​នៃការ​ចាត់​ចែង​​លើ​ឯកសារ​​ កម្មវិធី​ចុះ​ផ្សព្វ​ផ្សាយ​ និងការ​​តំណាង​តាម​​ផ្លូវច្បាប់​​នៅ​ចំ​ពោះ​មុខ​សាលា​ក្តី ។ ​សេចក្តីប្រកាស​​របស់សាលាក្តី​​បានគូសបញ្ជាក់​​ថា ការ​ចូលរួម​​របស់ជនរងគ្រោះ​ គឺជា​ការ​​ងារ​​មួយ​ក្នុង​ចំណោម​​​ការងារ​ជា​​ច្រើន​ទៀត ​ដែលសាលា​ក្តី​​​បាន​បំបែក​​ឯតទគ្គ​កម្ម ហើយបង្កើត​​ជា​បទ​ដ្ឋាន​ថ្មីៗ​សំរាប់​តុលាការ​​ទាំងឡាយ​ដែល​ទទួលការ​គាំទ្រ​ និង​ចូលរួម​ពីអន្តរជាតិ ។ ​គំរោងនេះ​​នឹង​ជួយ​បន្ត​​ជំរុញ​ឱ្យ​​មាន​យុត្តិធម៌ និងការផ្សះផ្សា​​ជាតិ តាម​រយៈ​​ការអនុវត្ត​​សិទ្ធិយ៉ាង​​ពេញលេញ​​របស់ជន​រង​គ្រោះ​​ចំពោះមុខ​​សាលាក្តី ។​
មន្ត្រីសាលា​ក្តី​​​ឱ្យ​ដឹងទៀត​ថា ​ប្រទេស​​អាល្លឺ​ម៉ង់​​គឺជា​ប្រទេស​​ផ្តល់ជំនួយ​​សំខាន់មួយ​​ក្នុង​ចំណោម​​បណ្តា​ប្រទេស​​ផ្តល់​ជំនួយដទៃ​ ទៀត​​ ដែល​ផ្តល់​​ការគាំទ្រ​ដល់​​សាលាក្តី​​ជាហូរហែ​​មក ចាប់តាំងពី​​ពេលសាលាក្តី​នេះ​ត្រូវបាន​​បង្កើត​ឡើង​​នៅក្នុងឆ្នាំ​​២០០៦ ។ ​ចាប់ពីឆ្នាំ​​២០០៥ ​រហូត​ដល់​​​ពេលនេះ ប្រទេស​​អាល្លឺម៉ង់​បាន​ផ្តល់​ថវិកា​​សរុប​ជាង​៧លាន​​អឺរ៉ូ សំរាប់​ទាំង​​ផ្នែក​​​ជាតិ ​និងអន្តរជាតិនៃសាលាក្តី ។ ​នៅក្នុងឆ្នាំ​​២០១០ ក៏ដូច​ជា​ឆ្នាំ​​​​២០០៩ដែរ ប្រទេស​អាល្លឺម៉ង់​​បាន​ផ្តល់​ថវិកា​​ចំនួន​១,៥លាន​អឺរ៉ូ ដល់​សាលាក្តី ៕​