រាជ​ធានី​ភ្នំពេញ​ ​៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀនដ៏​ធំ​មួយ​ក្រុម​​ត្រូវ​​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហ ា​ផ្ទៃ​បើក​ប្រតិ​បត្តិ​ការ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់ ​រួម​ជាមួយ​នឹង​​ការ​ឆែក​ឆេរផ្ទះ​ស្នាក់​នៅ​​យ៉ាង​សកម្ម​ផង​ដែរ​​ក្នុង​ការ​ស្វែង​រក​វត្ថុ​តាង​។ រហូត​មក​​ដល់​ព្រឹក​ថ្ងៃ​ទី​២១​ ធ្នូ សមត្ថ​កិច្ច​ពុំ​បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​នៅ​ឡើយ​​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ តាម​​ព័ត៌​មាន​​​មិន​ទាន់​ផ្លូវ​ការ​បាន​ឱ្យ​ដឹង​ថា មាន​ជន​សង្ស័យ​ចំនួន​៧​នាក់​ហើយ ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​​​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​ក្តៅ​គគុក​រយៈ​ពេល​៣​ថ្ងៃម ក​នេះ​​ រួម​ទាំង​​ដក​ហូត​បាន​គ្រឿង​ញៀន​​ជា​សារធាតុ​ផ្សំ​ ប្រភេទ​កេត​តាឡាមួយ​ចំនួន​ធំ​។ នៅ​ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ ជន​ម្នាក់​មាន​ឋានៈ​ជា​ទី​ប្រឹក្សា​ និង​ម្នាក់​ទៀត​ជា​អតីត​តារា​ភាព​យន្ត​ផង​ដែរ​។ ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​ត្រូវ​បាន​ដឹងថា ១-ឈ្មោះ​សៀង សុខន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ ​រស់​នៅ​ផ្ទះ​លេខ​​៨៨ បុរី​ពិភព​ថ្មី ភូមិ​រោង​ចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ, ២-ឈ្មោះ​សេង វុត្ថា, ៣-ឈ្មោះ​ស៊ិន កាមុល​, ៤-ឈ្មោះ​លី ​ជា​ជន​ជាតិ​វៀត​ណាម​។ ចំណែក​៣​នាក់​ទៀត​ពុំ​ត្រូវ​គេ​បង្ហើប​ឱ្យ​ដឹងឈ្មោះ​​ឡើយ​។
តាម​ព័ត៌​មាន​នានា​ឱ្យ​ដឹង​​ជាជំហាន​ដំបូង​ថា នៅ​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​សមត្ថកិច្ច​បាន​ដក​ហូត​​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​ ពណ៌​ខ្មៅ​ ស៊េរី​២០១០ របស់​ឈ្មោះ​សៀង សុខន និង​ដកហូត​បាន​រថ​យន្ត​ម៉ា​ក​មែរ​សឺ​ដែស​ស្ព័រ ពណ៌​ខ្មៅ​ទំនើប​របស់​ឈ្មោះ​សេង វុត្ថា ដែល​ជា​អតីត​តារា​ភាព​យន្ត ផង​ដែរ​ ព្រម​ទាំង​ឈាន​ទៅ​ធ្វើ​ការ​ឆែក​ឆេរ​លំនៅ​ឋាន​​របស់​ឈ្មោះ​សៀង សុខន នៅ​វេលា​ម៉ោង​៥ និង​៤០​​នាទី​ល្ងាច​ ថ្ងៃ​ទី​២០ ធ្នូ រហូត​ដល់​យប់​​។
តាម​ប្រភព​ព័ត៌​មាន​ដដែល​​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​សេង វុត្ថា ត្រូវ​បាន​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ព្រម​ទាំង​ដក​ហូត​បាន​រថ​យន្ត​មែរ​សឺ​ដែស​ ស្ព័រ​ ពណ៌​ខ្មៅ​មួយ​គ្រឿង​។ តាម​ចំលើយ​សារភាព​របស់​ឈ្មោះ​សេង វុត្ថា ទើប​សមត្ថ​កិច្ច​បាន​សុំ​ដីកា​នាំ​ខ្លួន​លោក​សៀង សុខន ដែល​ជា​មន្ត្រី​ធំ​ដុំ​ម្នាក់​ដែល​មាន​លំនៅ​ឋាន​លេខ​៨៨​ បុរី​ពិភព​ថ្មី​ ភូមិ​រោង​ចក្រ​​ ​ព្រម​ទាំង​ធ្វើ​ការ​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែ​ធ្នូ នៅ​ភោជនីយ​ដ្ឋាន​ចំការ​​ននោង ស្ថិត​នៅ​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ឫស្សី​កែវ​ ខណៈ​ពេល​ដែល​ជិះ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​ពណ៌​ខ្មៅ​ ស៊េរី​២០១០​​ទៅ​ផឹក​សីុ​ក្នុង​ភោជនីយ​ដ្ឋាន​នោះ​។ នៅ​ក្នុង​ការ​ចាប់​ខ្លួននេះ​សមត្ថ​កិច្ច​មន្ទីរ​​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​​ផ្ទុះ​អាវុធ​​១​គ្រាប់​គំរាម​ ជន​សង្ស័យ​ផង​ដែរ​ដើម្បី​ឱ្យ​ប្រគល់​ខ្លួន​តាម​សំរួល ព្រោះ​ឮ​ថា មាន​ឋានៈ​ជា​ទី​ប្រឹក្សា​។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិ​បត្តិ​ការ​នោះ​អង្គ​រក្ស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ តែ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ដោយ​សារ​គ្មាន​ពិរុទ្ធ​ភាព​។
បន្ទាប់​ពី​ការ​ចាប់​ខ្លួន ​សមត្ថ​កិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​ក៏​បាន​ទៅ​សហ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដោយ​មាន​ការ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​​អាជ្ញា​រង​ឯក ឆេង​ហួត ចុះ​ទៅ​ឆែក​ឆេរ​លំនៅ​ឋាន​ឈ្មោះ​សៀង សុខន ដើម្បី​រុក​រក​វត្ថុ​តាង​។ ទោះ​បី​ជា​យ៉ាង​ណា​ ការ​ឆែក​ឆេរ​រហូត​ដល់​ម៉ោង​៧​យប់​ សមត្ថ​កិច្ច​រក​ពុំ​ឃើញ​វត្ថុ​តាង​អ្វី​នោះ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ការ​ដក​ហូត​កុំ​ព្យូ​ទ័រ​យួរ​ដៃ​១​គ្រឿង និង​លិខិត​ឆ្លង​ដែន​ចំនួន​២​ច្បាប់​ប៉ុណ្ណោះ។ តាម​ព័ត៌​មាន​មួយ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ​សៀង សុខន ថា បុគ្គល​នេះ​តែង​តែ​ឱ្យ​ឈ្មោះ​សេង វុត្ថា ជួយ​រក​ម៉ូយ​ទិញ​ថ្នាំញៀន​ដោយ​លក់​ឱ្យ​ក្នុង​១​ខាំ​តំលៃ​ជាង​៤​ពាន់​ដុល្លារ​។ ឈ្មោះ​សេង វុត្ថា ក៏​ធ្លាប់​យក​ថ្នាំ​ញៀនពី​ឈ្មោះ​សៀង សុខន ទៅ​លក់​ឱ្យ​ឈ្មោះ​​រ៉ា ជា​ច្រើន​លើក​មក​ហើយដែរ។ តាម​ព័ត៌​មាន​បន្ត​ទៀត​ថា នៅ មុន​ពេល​ចាប់​ខ្លួន​ ឈ្មោះ​សេង វុត្ថា បាន​យក​ថ្នាំ​ញៀន​ពី​ឈ្មោះ​​សៀង សុខន ចំនួន​៦​ខាំ​យក​ទៅ​លក់​ឱ្យ​ឈ្មោះ​រ៉ា បាន​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​ ព្រម​ទាំង​ទំនាក់​ទំនង​ប្រគល់​ប្រាក់​ទៀត​ផង។​ លុះ​ក្រោយ​មក​ទៀត​ឈ្មោះ​សេង វុត្ថា ​បាន​ទៅ​ជួប​ទំនាក់​ទំនង​ឈ្មោះ​សៀង​ សុខន ទទួល​យក​គ្រឿង​ញៀន​នៅ​ម្តុំ​ផ្សារ​ថ្មី​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង។
  • តុលា​ការ​សំរេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មន្ត្រី​យោធា​ម្នាក់ និង​ជន​ជាតិ​​​​វៀត​ណាម​២​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​១.៥០០​ក្រាម
តុលា​ការ​​សាលា​ដំបូង​រាជ​ធានី នៅ​ថ្ងៃ​ទី​២១ ធ្នូ បាន​សំរេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​លើ​ជន​សង្ស័យ​៣​នាក់ ក្នុង​នោះ​មាន​មន្ត្រី​យោធា​ម្នាក់ និង​ជន​ជាតិ​វៀត​ណាម​​២​នាក់ ពាក់​ព័ន្ធ​ជួញ​​ដូរ​​គ្រឿង​ញៀន​ឆ្លង​ដែន​។ ​ជន​សង្ស័យ​​ម្នាក់​ជា​មន្ត្រី​យោធា​​ឈ្មោះ​ហៃ ចាន់​ភារិទ្ធ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​​ផ្ទះ​លេខ​១៣៥C ផ្លូវ​លេខ​១១៨ ​សង្កាត់​មនោរម្យ​ ខណ្ឌ​៧​មករា និង​២​នាក់​ទៀត​ជន​ជាតិ​យួន ម្នាក់​ឈ្មោះ​លី វ៉ាន់​ឡាញ់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាយ ជុង​​ហ៊ីវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ពួក​គេ​មាន​អាសយ​ដ្ឋាន​នៅ​ប្រទេស​វៀត​ណាម ។ តាម​ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​ទី​១៧ ធ្នូ សមត្ថ​កិច្ច​​នគរ​បាល​មន្ទីរ​​ប្រឆាំង​​​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​បាន​តាម​​​​ចាប់​មុខ​សញ្ញា​​ជួញ​ដូរ ​​គ្រឿង​ញៀន​ឆ្លង​ដែន​​ដែល​ពេល​នោះ​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ​​ឈ្មោះ​ហៃ ចាន់​ភារិទ្ធ​ កំពុង​​ដើរ​​ចេញ​ពី​ក្រុម​ហ៊ុន​ទទួល​បញ្ជី​មួយ​ឈ្មោះ​ហ្វេ​ដិច ស្ថិត​នៅ​តាម​​បណ្តោយ​មហា​វិថី​ព្រះ​មុនី​​វង្ស ជិត​ភ្លើង​ស្តុប​បូក​គោ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ដោយ​មាន​យួរ​ស្បោង​ទំនិញ​ផង ។ ខណៈ​នោះ​នគរ​បាល​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​​បាន​ឃាត់​ខ្លួន​ និង​ឆែក​ឆេរ​ទៅ​​ឃើញ​មាន​ម្សៅ​សារ​ធាតុ​ផ្សំ​គ្រឿង​ញៀន​ចំនួន​១.៥០០​​ក្រាម​ ក៏​បាន​​នាំ​ទៅ​សាក​សួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ។
ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​មន្ត្រី​យោធា និង​​រក​ឃើញ​ម្សៅ​សា​រ​ធាតុ​ផ្សំ​គ្រឿង​ញៀន​១.៥០០​ក្រាម ជា​វត្ថុ​តាង ​ជន​នេះ​បាន​សារ​​ភាព​ថា សារ​ធាតុ​ផ្សំ​គ្រឿង​ញៀន​នេះ គឺ​​មាន​គេ​​​ផ្ញើ​មក​ពី​ប្រទេស​ឥណ្ឌា តាម​រយៈ​ក្រុម​ហ៊ុន​ទទួល​បញ្ជី​ឈ្មោះ​ហ្វេដិច ​ពេល​ខ្លួន​ទទួល​​បាន​ហើយ​នឹង​​ប្រគល់​​ទៅ​ឱ្យ​​មនុស្ស​២​នាក់​​ទៀត​ជា​ជន​ជាតិ​យួន ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀត​ណាម។ បន្ទាប់​ពី​មាន​ចំលើយ​ថា មាន​យួន​២​នាក់​ចាំ​ទទួល​យក​គ្រឿង​ញៀន​នោះ សមត្ថ​កិច្ច​បាន​​បន្ត​ស្រាវ​ជ្រាវ​​ និង​ឈាន​​ទៅ​ឃាត់​ខ្លួន​ ​ជន​ជាតិ​យួន​២​នាក់​នោះ​ទៀត និង​បាន​កសាង​​សំណុំ​រឿង​បញ្ជូន​ទៅ​​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ។ បន្ទាប់​មក​លោក​​ព្រះ​រាជ​អាជ្ញា​​បាន​ធ្វើ​ការ​ចោទ​​ប្រកាន់​ពួក​គេ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ ដែន ទើប​ខាង​ចៅ​ក្រម​សើុប​សួរ​សំរេច​​ឃុំ​ខ្លួន​ពួក​គេ​ដាក់​ពន្ធ​នា​គារ​ជា​បណ្តោះ​អាសន្ន ៕
ប៊ុនណាក់+ជល​ធា​​​