ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់​​បាន​​រងគ្រោះ​​ដោយ​ចូលក្បាល​ក្នុងម៉ាស៊ីនបោកស្រូវ​​ បណ្តាល​ឱ្យស្លាប់​​ភ្លាមៗ​​មួយ​រំពេច​​ ខណៈ​ពេល​ខ្ចី​ម៉ាស៊ីន​បោកស្រូវ​​របស់​​​ដន្លង​ទៅបោកស្រូវ ​​​កាលពី​ថ្ងៃទី​៣០ ធ្នូ ២០១០ ​វេលាម៉ោង​​៨​និង​​៥០នាទីព្រឹក​​​ នៅភូមិ​សាមគ្គី ឃុំ​ស្នាម​ព្រះ ស្រុកបាកាន ។ លោក​​អនុសេនីយ៍​ទោ​ហាន សុភ័ណ្ឌ នាយ​ប៉ុស្តិ៍​​នគរបាល​​ស្នាម​​ព្រះ​ឱ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​​ឈ្មោះ​ពិន ផល្លី ​អាយុ​​៥០ឆ្នាំ ​មានទី​លំនៅ​ក្នុង​ភូមិ​-ឃុំ​ខាងលើ ។ បើ​តាម​ការសាកសួរ​ព័ត៌មាន​ពី​ក្រុម​​គ្រួសារ​គឺ​នៅថ្ងៃ​នោះ ស្ត្រីរងគ្រោះ​​​បានខ្ចី​ម៉ាស៊ីន​បោកស្រូវ​​របស់​ដន្លង​យកទៅ​បោកស្រូវ​នៅផ្ទះ​​របស់ខ្លួន ។
​ម៉ាស៊ីន​បោកស្រូវ​​បាន​ដំណើ​រ​ការ​តាំង​ពីម៉ោង​​៧ព្រឹក រហូត​ដល់​​ម៉ោង​​៨,៥០​​នាទីព្រឹក​​គឺ​ជិត​​ចប់​ទៅហើយ​​ តែ​ដោយឃើញ​ស្រូវ​​​ធ្លាក់​​រប៉ាត់រប៉ាយ​​ខ្ទាត​ចេញ​ពី​​កំរាល​​តង់​ច្រើន​ពេក ស្ត្រី​​រងគ្រោះ​​បាន​យក​តង់​មួយទៀត​ទៅ​ក្រាល​​បន្ថែម ។ ខណៈ​​ពេលស្ត្រី​រង​គ្រោះ​​​កំពុងឱន​ក្បាល​​​ពិនិត្យ​​មើល​សកម្មភាព​ស្រាប់តែ​​ធ្លាក់​ជាយ​ក្រមា​រមូរ​ចូល​ ​ក្នុងម៉ាស៊ីន​​ទាញ​ចូល​​ទាំង​ក្បាល​​​កិន​បាក់កស្លាប់តែម្តង ។ លោក​នាយប៉ុស្តិ៍​​​ឱ្យ​ដឹងទៀត​​ថា ពេល​ម៉ាស៊ីន​ស្រូប​ចូល​​ភ្លាមៗ​នោះ ពុំមាន​អ្នក​ណា​ឃើញទេ លុះ​ពេល​​ម៉ាស៊ីន​​រលត់ ​ទើបនាំគ្នា​​ទៅមើលស្រាប់​តែ​​​ឃើញ​មនុស្ស​​ស្លាប់​ជាប់​ក្នុងម៉ាស៊ីន​នោះ​បាត់​ទៅហើយ ៕​