ខេត្តកំពង់ស្ពឺ​ ៖ ​អាសំបូរ​ ដែល​ក្លាយ​ជា​ឃាតក និងបង្ក​ការ​​ភ័យខ្លាច​​ដល់ប្រជាពលរដ្ឋ​​ក្នុង​ភូមិ​​​​មន ឃុំធម្មតាអរ អាច​នឹង​ត្រូវចាប់​បញ្ជូន​​ទៅដាក់​នៅសួន​សត្វ​​ភ្នំតាម៉ៅនាចុង​សប្តាហ៍​​នេះ ដើម្បី​​ធ្វើការ​​អប់រំ និងផ្សាំង​វា​ឱ្យ​ស្លូត​បូត​សុភាព​​រាបសា ។ ប្រធាន​​​សួនសត្វ​ភ្នំតាម៉ៅ​​ លោក​ញឹក រតនៈ​ ពេជ្រ ​បាន​ប្រាប់​​កោះសន្តិភាព​​តាមទូរស័ព្ទ​​នៅ​រសៀលថ្ងៃពុធ ​ទី​២២ ធ្នូ ​​២០១០ ​ថា មក​ដល់​​ពេលនេះ​ឃាតករ​ឈ្មោះ​​អាសំបូរ នៅតែមាន​​ចរិត​​កាច​សាហាវ​ដដែល វាមិន​​ទាន់ផ្លាស់ប្តូរ​​ពី​​កោង​កាច​មកទន់ភ្លន់​​សុភាពរាបសានៅឡើយ​​ទេ បើទោះ​​បីជា​មន្ត្រី​​ជំនាញ​​ខិតខំ​អប់រំ​វាយ៉ាង​ណា​ក៏​ដោយ ​ហើយវា​កំពុង​ចុះប្រេង​យ៉ាង​ច្រើន ។ ​លោកញឹក រតនៈ​ពេជ្រ ​បន្ត​ថា នៅពេលនេះ​​ទ្រុង​​សំរាប់​ដាក់​អាសំបូរ​នោះ​ បាន​រៀបចំ​ជិត​រួច​រាល់​ហើយ ហើយនៅពេល​ដែលទ្រុង​ធ្វើ​ហើយ​ នឹង​​ដឹក​អា​សំបូរ បញ្ជូន​​ទៅ​សួន​សត្វ​ភ្នំតាម៉ៅ​ភ្លាមៗ ដែល​យ៉ាង​ហោចណាស់​​ក៏ចុងសប្តាហ៍​​នេះដែរ ។
គួរ​បញ្ជាក់​ថា​ អាសំបូរ ​ត្រូវបាន​​ក្រុមជំនាញ​​សត្វ​ព្រៃ​​ចាប់ដាក់​ច្រវាក់​​ ដើម្បី​​អប់រំ និង​ផ្សាំង​​វា​កាល​ពី​​ថ្ងៃ​ទី​​១៥ ធ្នូ កន្លង​​មកនេះ ក្រោយពេល​ដែល​វា​បាន​​សំលាប់​​មនុស្ស​ម្នាក់​​កាលពី​រសៀលថ្ងៃសៅរ៍ ទី​​៤ ធ្នូ ​នៅចំណុច​ជ្រោះ​បាក់ ស្ថិត​ក្នុង​ភូមិ​​មន ឃុំ​ធម្មតាអរ ស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ ​និងធ្វើ​​ឱ្យ​​ប្រជា​សហគមន៍​មាន​ការ​ភ័យខ្លាច​​ចំពោះ​វា​យ៉ាង​​ខ្លាំង ។ បុរសដែល​​ត្រូវ​អាសំបូរ ជាន់សំលាប់នោះ​ឈ្មោះ​​សែ ណុល អាយុ​​៥៤​ឆ្នាំ ​មានទីលំនៅក្នុង​​ភូមិ​​-ឃុំ​កន្លែង​កើតហេតុ​​ខាងលើ ។ ​ហេតុការណ៍​​ដ៏កម្រ​​ជួបប្រទះ​ និងគួរ​ឱ្យ​សោកស្តាយ​នេះបាន​កើត​​​ឡើង​ ខណៈ​​ពេលជនរងគ្រោះ​ និងម្ចាស់​​របស់​វា​ដែលពិការ​ជើងម្ខាង កំពុងស្រាយ​ច្រវាក់​ចេញ​ពី​​.ក​ដំរី ស្រាប់តែ​​ដំរីនោះ​​បាន​បុះ​​ជន​រង​គ្រោះ​​ឱ្យដួល រួច​ជាន់​ពីលើ​រហូត​ដល់ស្លាប់​នៅ នឹង​កន្លែង​ ៕​