ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ២​នាក់​ឪពុក និងកូន បាន​ជួបគ្រោះ​អកុសល​ដោយ​រថយន្ត​បុក​បណ្តាល​​ឱ្យកូន​ឈ្មោះ​អែម បញ្ញា ភេទប្រុស អាយុ​៥ឆ្នាំ ​របួសក​ជើងខាង​ឆ្វេង បែកក្បាលផ្នែក​ខាង​ក្រោយ​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​ឪពុក​ឈ្មោះ​អែម​ ​ដន ​អាយុ​៣៧​ឆ្នាំ ​ជា​ទា​ហាន​​អង្គ​ភាព​​៤១១​ ក្នុង​កង​ពលលេខ​៤១រង​របួស​បាក់​ភ្លៅ​​ខាងឆ្វេង ។ ជន​រង​គ្រោះ​២នាក់​ឪពុក​កូននេះ​​ជិះម៉ូតូ​ម៉ាកសេ​១០០ ស៊េរីឆ្នាំ២០០២ ពណ៌ ក្រហម ​គ្មាន​ស្លាក​លេខ និងរស់នៅភូមិគោក​ត្នោត ឃុំ​កណ្តែក​ ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប ។ ​រី​ឯរថយន្ត​​ដែលបុក​នោះ​ម៉ាក​កាមរី​ឆ្លាម​ស៊េរី​២០០៧ ​​ពាក់ស្លាក​លេខ​ភ្នំពេញ 2N 0341 ​ដែលអ្នកបើកបរ​​គឺលោក​វរសេនីយ៍​ត្រីសឿម ឆ្នើក មេបញ្ជា​ការ​រង​កងវរៈ​លេខ​​៩០៥ ប៉ូលិសការពារ​ព្រំ​ដែន​គោក​ខ្មែរ-​សៀម ។
ហេតុការណ៍នេះ​កើតឡើង​នៅតាម​​​បណ្តោយ​ផ្លូវជាតិលេខ​៦៩B ​ស្ថិត​នៅ​​ក្នុងភូមិ​ទួល​ស្វាយ ឃុំត្រពាំង​តាវ ស្រុក​អន្លង់វែង កាលពី​វេលា​ម៉ោង៧ និង​៥០នាទី​យប់​ថ្ងៃទី២៦ ធ្នូ កន្លង​ទៅនេះ ។ សាក្សី​នៅកន្លែង​កើត​ហេតុ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ​ជន​រងគ្រោះ​ពីរនាក់​ឪពុក និងកូនជិះ​ម៉ូ​តូ​ពី​កើតទៅទិសខាង​លិច គឺ សំ​ដៅ​ទៅ​បន្ទាយរបស់​ខ្លួន​ ។ លុះពេលទៅ​ដល់​​ទល់​មុខទីបញ្ជា​ការ​លេខ៩០៥ ស្រាប់​តែ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន ហើយ​បត់​ចូល​ទៅ​ក្នុង​ទីបញ្ជា​ការ​របស់ខ្លួន​ដោយបញ្ច្រាស​​​ទិស​គ្នា​ ក៏បុកម៉ូតូ​ជន​រងគ្រោះយ៉ាងពេញ​ទំហឹង​ ។ ​សាក្សី​ដដែលបញ្ជាក់ថា ក្រោយ​កើត​ហេតុ​​ប៉ូលិស​ចរាចរបានទៅវាស់វែង និង​នាំអ្នករង​របួស​ជាឪពុក​​ទៅ​​សង្គ្រោះនៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប រីឯរថ​យន្ត​​ម៉ាកកាមរី​ឆ្លាម​ និង​ម៉ូតូ​ត្រូវប៉ូលិស​ចរាចរ​​ស្រុក​អន្លង់​វែង​យក​ទៅរក្សា​ទុក​រង់ចាំ​​​ដោះ​ស្រាយ ៕