ខេត្ត​ព្រះសីហនុ​ ៖ ​ជនជាប់​ចោទ​ជាមេ​ភ្នាល់​​​​បាល់​ឈ្មោះ​ស៊ុន សុផល ភេទ​ប្រុស អាយុ​​៣២ឆ្នាំ មាន​ទីលំនៅ​ក្រុម​៦៨ ភូមិ៥ សង្កាត់លេខ​​៤ ក្រុង​ព្រះសីហនុ និង​ម្ចាស់​ផ្ទះ​ផ្តល់​ទីកន្លែង​ឱ្យ​បើក​លេង​ល្បែង​​ភ្នាល់​​បាល់​ឈ្មោះ​គឹម រ័ត្នធី ហៅ​ទ្រី​ ភេទប្រុស អាយុ​៣៥ឆ្នាំ មា​នទីលំនៅ​ក្រុម​ទី២១​ ភូមិ​១ សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ បាន​ត្រូវ​​​កំលាំង​កងរាជអាវុធហត្ថ​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍​​ឯក​​ហ៊ត សីហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ព្រះ​សីហនុ​​ ​រួម​សហការ​ជាមួយ​មន្ទីរ​ទំនាក់​ទំនង​​ជា​មួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ខេត្ត​ ដឹក​នាំ​ដោយ​​លោក​ថៃ សិរីរ័ត្ន​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន ។​
លោក​អនុសេនីយ៍​​ឯក​វ៉ា ចាន់​ថន នាយ​​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​ដឹងថា បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពីលោក​​ព្រះរាជ​អាជ្ញាសាលាដំបូង​ខេត្ត កំលាំង​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្ត​រួមជាមួយមន្ទីរ​ទំនាក់​ទំនង​​ជាមួយ​​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ បាន​ចុះ​បង្ក្រាប​​កន្លែង​​ភ្នាល់​បាល់​មួយ​កន្លែង​ស្ថិត​​នៅក្រុម​ទី២១ ភូមិ​១ សង្កាត់លេខ​២ ក្រុង​ព្រះសីហនុ នៅវេលា​ម៉ោង​៥​និង​៣០នាទី​​ថ្ងៃទី​​២៨ ធ្នូ ២០១០ ។​ នៅ​ក្នុងការ​ចុះ​បង្ក្រាប​នេះ សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​២​នាក់​រួមជាមួយ​​​វិក្កយបត្រ​​ភ្នាល់​បាល់​ចំនួន​៥ដុំ តារាង​ផ្គូផ្គង​​បាល់​​ចំនួន​៩៩​សន្លឹក ម៉ាស៊ីន​​ថតចម្លង​​ចំនួន​១គ្រឿង​ ទូរស័ព្ទ​​លើតុ​ចំនួន​៨គ្រឿង​ ប្រាក់​ចំនួន​១.៤៦៨ដុល្លារ និង​៣.៨៤៤.០០០រៀល ។ បន្ទាប់​ពី​សមត្ថ​កិច្ច​​កងរាជអាវុធ​ហត្ថ​ធ្វើ​ការ​សាក​សួរ​ ជន​ទាំង​​២នាក់​បាន​សារភាព​ថា ពួកគេ​ពិត​ជាបាន​ប្រកប​របរ​រកស៊ី​ភ្នាល់​បាល់​​ប្រាកដ​មែន ។ លោក​វ៉ា ​ចាន់​ថន បាន​បន្ត​ទៀតថា បន្ទាប់ពី​បាន​ធ្វើ​ការ​សាក​សួរ​អស់រយៈពេល​៥​ម៉ោង​ ជន​ទាំង​២នាក់​រួមនឹងវត្ថុតាង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត​​ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ ច្បាប់ ៕