រាជ​ធានី​ភ្នំពេញ ៖ ដោយ​មើល​ឃើញ​ស្នាដៃ​ស្ថាបត្យ​កម្ម​សម័យ​បច្ចុ​ប្បន្ន ​កាន់​តែ​មាន​ភាព​រីក​ចំរើន​នោះ មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល​ បាន​រៀបចំ​ពិធី​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​ស្ថាបត្យ​កម្ម​របស់​និស្សិត ​មក​ពី​បណ្តា​សាកល​វិទ្យា​ល័យ​ជា​ច្រើន​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ។ ពិធី​​​នោះ​​រៀបចំ​ធ្វើ​ឡើង​រយៈ​ពេល​៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ធ្នូ នៅ​មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១១៨ ផ្ទះ​លេខ​៩៥ ជិត​សាកល​វិទ្យា​ល័យ​ន័រ​តុន។ លោក​ហេង សំអាត អ្នក​គ្រប់​គ្រង​ទូទៅ​​មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល​​ថ្លែង​ថា និស្សិត​ដែល​ចូល​រួម​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​នេះ​​មក​ពី​បណ្តា​សាកល​វិទ្យា​ល័យ​ជា​ច្រើន​ដូច​ជា​សាកល ​វិទ្យា​ល័យ​ន័រ​តុន សាកល​វិទ្យា​ល័យ​ស៊ីតិច សាកល​វិទ្យា​ល័យ​ភូមិន្ទ វិចិត្រ​សិល្បៈ និង​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្ត្រ។ សំភារ​ដែល​យក​មក​តាំង​ពិព័រណ៍​នេះ​មាន​ផ្ទះ​វីឡា ផ្ទះ​ល្វែង ហាង​លក់​ទំនិញ ផ្ទះ​ខ្មែរ ខុន​ដូ ផ្សារ​ទំនើប អាផាត​មិន សណ្ឋា​គារ និង​ក្លឹប​កំសាន្ត​ជា​ដើម។
លោក​ហេង​ សំអាត បញ្ជាក់​ថា ខ្មែរ​យើង​ពី​ដើម​ឱ្យ​តែ​ធ្វើ​ផ្ទះ​​ហើយ​ចូល​នៅ​តែ​ម្តង តែ​ខ្មែរ​សម័យ​ថ្មី​នេះ​មុន​នឹង​ធ្វើ​ផ្ទះ​គេ​ត្រូវ​សិក្សា​អំពី​ប្លង់​គោល ប្លង់​ស្ថាបត្យ​កម្ម​ជា​មុន​សិន ដើម្បី​ឱ្យ​ដឹង​ថា តើ​ផ្ទះ​របស់​គេ​បែ​រ​មុខ​ទៅ​ទិស​ខាង​ណា សួន​ច្បារ​ដាក់​នៅ​កន្លែង​ណា អាង​ហែល​ទឹក​ដាក់​នៅ​កន្លែង​ណា និង​រចនា​ម៉ូដ​តាម​បែប​ខ្មែរ ឬ​អឺរ៉ុប និង​ត្រូវ​តុប​តែង​ផ្ទះ​បែប​ណា។ ដូច្នេះ​ហើយ​ទើប​ស្នាដៃ​ស្ថាបត្យ​កម្ម​ត្រូវ​បាន​គេ​ឱ្យ​តំលៃ​ខ្លាំង​ណាស់​នា​ពេល​បច្ចុ​ប្បន្ន​នេះ។ ដោយ​ឃើញ​ស្នាដៃ​ស្ថាបត្យ​កម្ម​កាន់​តែ​មាន​តំលៃ​នោះ ទើប​មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល​រៀបចំ​តាំង​ពិព័រណ៍​នេះ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​ផ្នែក​ស្ថាបត្យ​កម ្ម​បាន​បញ្ចេញ​ស្នាដៃ​របស់​​ខ្លួន។
លោក​ហេង សំអាត បញ្ជាក់​ថា មជ្ឈ​មណ្ឌល​ម៉ាក្ស​រៀល គឺ​ជា​មជ្ឈ​មណ្ឌល​មួយ​ដែល​ផ្តល់​សេវា​កម្ម​សិក្សា​អំពី​ប្លង់​ស្ថាបត្យ​កម្ម តុប​តែង​ខាង​ក្នុង និង​ខាង​ក្រៅ​អគារ​ដូច​ជា​សួន​ច្បារ ដំឡើង​រូប​សំណាក​ សិក្សា​ប្លង់​គោល បង្រៀន​កម្ម​វិធី​រចនា​ម៉ូដ​ផ្ទះ អគារ ស្លាក​យីហោ ខិត្ត​ប័ណ្ណ និង​នាំ​ចូល​សំភារ​ធ្វើ​ម៉ាកែត។ ទស្ស​និក​ជន​ទាំង​ឡាយ​ដែល​បាន​ចូល​ទស្សនា​​ការ​តាំង​ពិព័រណ៍​នេះ​នឹង​ទទួល​បាន​វគ្គ​សិក្សា​​កុំព្យូ ​ទ័រ​ និង​កម្ម​វិធី​រចនា​ម៉ូដ​ដោយ​ឥត​គិត​ថ្លៃ និង​មាន​ការ​បញ្ចុះ​តំលៃ​លើ​វគ្គ​សិក្សា​ផ្សេង​ៗ​ទៀត​ រួម​​ទាំង​សំភារ​សំរាប់​ធ្វើ​ម៉ាកែត​ផង​ដែរ។ ពិព័រណ៍​នេះ​បើក​ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៧​យប់៕