ខេត្ត​កំពង់​ឆ្នាំង ៖ ស្ត្រី​​រង​គ្រោះ​​ម្នាក់​ត្រូវ​​​ក្រុម​​គ្រួសារ​ដឹក​​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ កាល​ពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៦ ធ្នូ បន្ទាប់​ពី​រូប​គាត់​ត្រូវ​​​​សត្វ​ពស់​ចឹក​ ខណៈ​ដែល​កំពុង​ដក​សន្ទូង​ស្រូវ​ប្រាំង​នៅ​ចំណុច​ពាម​ញ ជាប់​មាត់​ទន្លេ ។ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ជិន ខុន​ អាយុ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ត្រពាំង​អញ្ចេញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ។ ស្ត្រី​រង​គ្រោះ​​បាន​រៀប​រាប់​ថា នៅ​វេលា​​ម៉ោង​ប្រហែល​៣​រសៀល រូប​គាត់​​បាន​ចុះ​ទៅ​​ស្រែ ដើម្បី​ដក​សំណាប​ជា​មួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត ។ ពេល​កំពុង​ដក​​សំណាប​ស្រូវ​ប្រាំង​នោះ​ គាត់​ពុំ​បាន​ឃើញ​​ពស់​​ទេ ស្រាប់​តែ​​ពស់​​នោះ​បាន​​ចឹក​ចំ​ខ្នង​ដៃ​ឆ្វេង​របស់​គាត់​ជាប់​ គាត់​​ខំ​រលាស់​​ទំរាំ​ដាច់​ចេញ​ ហើយ​ក៏​មាន​អ្នក​ដក​សំណាប​ជា​មួយ​ព្រួត​គ្នា​វ៉ៃ​ពស់​នោះ​​រហូត​ដល់​ងាប់​តែ​ម្តង ។ ពស់​នោះ​ពណ៌​ស្លឹក​ឈើ​ចាស់ ផ្នែក​កន្ទុយ​ខាង​ក្រោយ​ពណ៌​ក្រហម មាន​ទំហំ​ប៉ុន​មេ​ជើង​មនុស្ស​​ចាស់​ ដែល​អ្នក​ស្រុក​ស្គាល់​ថា ជា​ពស់​ហនុ​ម៉ាន ។
ក្រោយ​ពេល​ពស់​ចឹក​​​ភ្លាម​ដៃ​គាត់​ចាប់​ផ្តើម​ពើត និង​ហើម​យ៉ាង​លឿន​ ​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​មន្ទីរ​ពេទ្យ​​ចាក់​ថ្នាំ​សង្គ្រោះ​ភ្លាមៗ​ដែរ ។ ​ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា មាន​​គេ​ប្រាប់​​ថា គ្រូ​ខ្មែរ​នេះ ឬ​នោះ​ពូកែ តែ​គាត់​មិន​ជឿ​ឡើយ ក្នុង​ភូមិ​គាត់​ធ្លាប់​ពស់​ចឹក​ច្រើន​គ្នា​ហើយ​ព្យា​បាល​ជា​សះ​​ស្បើយ​ ​តែ​​នឹង​គ្រូ​ពេទ្យ​​ខេត្ត ។ ក្រុម​គ្រូ​ពេទ្យ​​ប្រាប់​ថា បញ្ហា​ពស់​ចឹក​សព្វ​ថ្ងៃ​ ប្រជា​ពល​រដ្ឋ​​ភ្ញាក់​រលឹក​​មក​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា​មិន​​បណ្តោយ​ឱ្យ​​ជ្រុល​ដូច​មុ នៗ​ឡើយ ដែល​​រហូត​​ត្រូវ​ដាច់​ដៃ កាត់​ជើង​ ព្រោះ​ហើម​រលួយ​ ខ្លះ​ដល់​​ជីវិត​​ក៏​មាន​ ព្រោះ​តេតា​ណូស​របស់​ចង្កូម​ពស់​ ៕