រាជធានីភ្នំពេញ​ ៖ នៅទីស្នាក់​ការ​កណ្តាល​​កាក​បាទ​ក្រហមកម្ពុជា​​កាលពី​ថ្ងៃទី​២០ ធ្នូ មាន​រៀប​ចំ​បើក​សិក្ខា​សាលា​ស្តី​ពី​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍៍​​កាកបាទ​ក្រហម​កម្ពុជា​ឆ្នាំ​២០១១-​២០១៤ ក្រោម​អធិបតីភាព​លោក​ជំទាវ​ម៉ែន នារី​សោភ័គ អគ្គ​លេខាធិការ​រង​កាកបាទ​ក្រហម​កម្ពុជា​ លោក​ជំទាវ​ឃួន សុដារី សមាជិកា​គណៈ​​​​កម្មាធិការ​កណ្តាល​កាកបាទ​ក្រហម​កម្ពុជា​ និង​លោក​នីកូឡាស អូលីវីយេ ប្រតិភូ​គណៈ​កម្មា​ធិការ​អន្តរជាតិ​កាកបាទ​ក្រហម​ប្រចាំ​នៅ​កម្ពុជា។​ លោក​ជំទាវ​ម៉ែន នារីសោភ័គ បាន​ថ្លែង​ថា សិក្ខាសាលា​នេះ​គឺធ្វើ​ឡើង​ដើម្បី​ពិភាក្សា​​ពិគ្រោះ​​យោ​បល់​លើ​ការ​ងារ​កសាង​ផែន​ការ​អភិវឌ្ឍន៍​​កាកបាទ ​ក្រហម​កម្ពុជា​ឆ្នាំ​២០១១-២០១៤​ ខាង​មុខ​នេះ និង​ពិភាក្សា​ផ្តោត​​លើ​របៀប​វារៈ​មួយ​ចំនួន​ដូចជា​ បច្ចុប្បន្ន​ភាព សកម្មភាព​អភិវឌ្ឍន៍​សាខា ផ្ទៀង​ផ្ទាត់​ផែន​ការ​​សាខា​នីមួយៗ ការ​កំណត់​​ទិស​​ដៅ​​ និង​ការ​ប្រមូល​​ផ្តុំ​ទិស​ដៅ​ដើម្បី​ចង​ក្រង​។ ​សិក្ខា​សាលា​ដែល​ត្រូវ​ប្រារព្ធធ្វើ​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លះ​នឹងប្រារព្ធ​ពិធី​បិទ​ ​ក្រោម​អធិបតី​​ភាព​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ។
លោក​ជំទាវ​ឃួន សុដារី បាន​ថ្លែង​ថា ឆ្នាំ​២០១០ គឺជា​ឆ្នាំ​ចុង​ក្រោយ ដែល​កាក​បាទ​ក្រហម​កម្ពុជា​ អនុវត្ត​យុទ្ធ​សាស្ត្រ​២០០៣-២០១០​ ហើយ​មហា​សន្និបាទ​កាកបាទ​ក្រហម​​កម្ពុជា​អាណត្តិ​ទី​៥ បាន​អនុម័ត​ជាផ្លូវ​ការ​នូវយុទ្ធ​សាស្ត្រ​​២០១១-២០២០ ដែល​ជា​ត្រី​វិស័យ​​មួយ​ដ៏សំខាន់​​ក្នុង​ការ​កសាង​ផែន​ការ​​អភិវឌ្ឍន៍​​នាថ្ងៃ​នេះ​ ហើយ​ដែល​យុទ្ធ​សាស្ត្រ​​នេះ បាន​កសាង​ដោយ​​ផ្អែក​លើ​បរិបទសាកល និង​បរិបទ​ជាតិ​ហើយ​ក៏​បាន​បន្ស៊ី​​ទិសយុទ្ធ​សាស្ត្រ​​របស់​ខ្លួន​ទៅ​នឹង​ផែន​ការ​​អភិវឌ្ឍន៍ជាតិ​បច្ចុប្ បន្ន​កម្ម​២០០៩-​២០១៣ របស់​​រាជរដ្ឋាភិបាល​​កម្ពុជា​ដែរ ។​
ក្នុង​គោល​បំណង​អនុវត្ត​យុទ្ធ​សាស្ត្រ​​២០១១-​២០២០ ប្រកប​ដោយ​ជោគជ័យ​ កាកបាទ​ក្រហម​កម្ពុជា​ត្រូវ​មាន​ផែនការ​អភិវឌ្ឍន៍​​ទៅតាម​​ដំណាក់​កាល​ ដែល​ឆ្លុះ​​បញ្ចាំង​ឱ្យ​ឃើញ​ពីទិស​ដៅ​​​របស់​ស្ថាប័ន​​ទាំង​មូល និងបណ្តុះ​គំនិត​ឱ្យ​សាខា​ អនុសាខា ពិចារណា​លើ​បញ្ហា​ជាអាទិភាព ដែល​កំពុង​កើត​មាន​ក្នុង​ដែនរដ្ឋ​បាល​របស់​ខ្លួន ហើយ​ក្នុង​នាម​​ជាជំនួយ​ការ​ឱ្យ​អាជ្ញាធរ​​មូល​ដ្ឋាន​​​តើ​អាច​ធ្វើអ្វី​បាន​ខ្លះ ដើម្បី​ដោះ​ស្រាយ​ភាព​ងាយ​​រងគ្រោះ​ទាំង​នោះ​ដោយ​ផ្តោត​ទៅ​លើ​វិស័យ​ស្នួល​៤​គឺ ១-ការបន្ត​លើក​កំពស់​​ការងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​, ២-ការ​បន្ត​លើក​កំពស់​​សុខ​ភាព​និង​ការ​ថែទាំ​សុខភាព​ក្នុង​សហគមន៍​, ៣-ការ​បន្ត​លើក​កំពស់​គោលការណ៍​គ្រឹះនៃតម្លៃ​​មនុស្ស​ធម៌, ៤-ការលើក​កំពស់​​ការងារ​អភិវឌ្ឍ​ន៍​ស្ថាប័ន​ និង​អភិវឌ្ឍន៍ធនធាន​មនុស្ស​ ដែល​ក្នុង​នោះ​ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​សាខា​ អនុសាខា និង​ការ​អភិវឌ្ឍ​ធនធាន​តាម​ទិស​វិមជ្ឈ​ការ​ ដែល​ជា​កំលាំង​ដ៏រឹង​មាំ ដើម្បី​ផ្តល់​​សេវា​កម្ម​​មនុស្ស​ធម៌​នៅ​មូល​ដ្ឋាន​បាន​ទាន់​ពេល​វេលា​ និង​មាន​​ប្រសិទ្ធ​ភាព​ ៕