ក្រុង​ប៉ោយ​ប៉ែត ៖ គ្រាប់​​ដេកា​៨២​មួយ​គ្រាប់​ផលិត​នៅ​អតីត​សហ​ភាព​សូវៀត ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ម្នាក់​ប្រទះ​ឃើញ​ក្នុង​គុម្ព​ស្មៅ​​ក្បែរ​ដង​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​​ប៉ោយ​ប៉ែត កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ ធ្នូ ខណៈ​កំពុង​ដើរ​​រក​មាន់​មួយ​ក្បាល​ ។ តាម​​ការ​ឱ្យ​ដឹង​ពី​អ្នក​ដើរ​រក​មាន់​ហើយ​ប្រទះ​ឃើញ​គ្រាប់​នេះ​​បាន​ប្រាប់​ថា មុន​​ពេល​​ប្រទះ​ឃើញ​គ្រាប់​​នេះ​ គឺ​ខ្លួន​បាន​ដើរ​រក​មាន់​ដែល​រួច ។ ​ពេល​ប្រទះ​ឃើញ​ក៏​បាន​រាយ​ការណ៍​ទៅ​​កំលាំង​ប៉ូលិស​នៃ​​អធិ​ការ​​ដ្ឋាន​ក្រុង ហើយ​​​មួយ​សន្ទុះ​ក្រោយ​មក​​លោក​អធិ​ការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត ក៏​បាន​បញ្ជា​ឱ្យ​កំលាំង​ជំនាញ​ខាង​អាវុធ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ចុះ​មក​​ពិនិត្យ​​ភ្លាមៗ​​​ផង ​ដែរ ។
តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស្វាយ​ ម៉ិ នាយ​ផ្នែក​ស្ថិតិ​អត្ត​សញ្ញាណ​ប័ណ្ណ និង​ជា​នាយ​ផ្នែក​គ្រប់​គ្រង​ខាង​អាវុធ​យុទ្ធ​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​ក្រុង​​​ប៉ោយ​ប៉ែត បាន​ប្រាប់​ថា គ្រាប់​​នេះ​ជា​គ្រាប់​ដេ​កា​៨២ ផលិត​នៅ​​អតីត​សហ​ភាព​សូវៀត ហើយ​​តាម​ភិន​ភាគ​គ្រាប់​នេះ​ គឺ​ជា​គ្រាប់​​ដែល​បន្សល់​​ទុក​មក​តាំង​ពី​សម័យ​សង្គ្រាម​ ។ លោក​នាយ​ផ្នែក​​រូប​នេះ​បន្ត​ថា គ្រាប់​នេះ​នឹង​ប្រគល់​ឱ្យ​​អង្គ​ការ CMAC ចុះ​មក​កំទេច​ចោល​នៅ ថ្ងៃ​ចន្ទ​ ទី​២៧ ធ្នូ នេះ ។ លោក​នាយ​ផ្នែក​បាន​ប្រាប់​ថា លោក​នឹង​ឱ្យ​ជំនាញ​ទៅ​ដាក់​ខ្សែ​ចង​ជា​រង្វង់​ហាម​ឃាត់​និង​ដាក់តំរុយ​​ធ្វើ​ជា​សញ្ញា​​ឱ្យ​ប្រជា​ពល​រដ្ឋ ​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​ប៉ះ​ពាល់​ ។
លោក​អធិ​ការ​នគរ​បាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ត្រេក​អរ​​​ពេល​ដែល​ប្រជា​ពល​រដ្ឋ​បាន​ផ្តល់​ព័ត៌​មាន​ខាង​លើ​នេះ​ដល់​កំលាំង​របស់​លោក​​បាន​ ទាន់​ពេល​វេលា ។ លោក​ក៏​​បាន​​​អំពាវ​នាវ​ផង​ដែរ សុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ បើ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​បែប​នេះ សូម​​រាយ​ការណ៍​ដល់​សមត្ថ​កិច្ច​​ ​និង​កុំ​​ប៉ះ​ពាល់​ឱ្យ​សោះ ព្រោះ​អាច​មាន​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ​​៕