ខេត្តកំពត ៖ នៅ​ក្នុង​ខេត្ត​កំពត កន្លង​មក​នេះ​មាន​មនុស្ស​ត្រូវ​​​ឪម៉ាល់​​​ទិច​សំលាប់​​អស់​​ចំនួន​៣​នាក់​ រួច​មក​ហើយ ដោយ​រាប់​ទាំង​ក្មេង​​ប្រុស​ម្នាក់​​ផង​ នៅ​ក្នុង​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​​ក្រៀល ស្រុក​ទឹក​ឈូ។ ប៉ុន្តែ​អ្វី​ដែល​គេ​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ជីវិត​មនុស្ស​ បន្ត​ទៀត​​នោះ​គឺ ​សំបុក​ឪម៉ាល់​ដ៏​ធំ​មួយ​​នៅ​លើ​ដើម​ដូង​​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៣​ ត្រង់​ចំណុច​ចេញ​ពី​រង្វង់​មូល​ខេត្ត​ឆ្ពោះ​ទៅ​រាជ​ធានី​ភ្នំពេញ ដែល​អ្នក​​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​​តែង​តែ​ក្រឡេក​​មើល​​​សំបុក​​ ឪម៉ាល់​ ​នេះ​ដែល​គេ​បាន​ឃើញ​មេ​របស់​វា​​​​ហើរ​ចេញ​​ព្រោង​ព្រាត ។

ស្ត្រី​ម្នាក់​​ជា​អ្នក​​លក់​​នំ​នៅ​ជាប់​​នឹង​កន្លែង ​​​លាង​​រថយន្ត​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​សំបុក​ឪម៉ាល់​​នេះ​​និយាយ​ថា ម្ចាស់​រថយន្ត​ជា​ច្រើន​នាក់​បន្ទាប់​ពី​បាន​បើក​​​រថយន្ត​ឱ្យ​កម្ម​ករ​លាង​ ​ហើយ​តែង​តែ​​នាំគ្នា​ឈរ​មើល​សំបុក​ឪម៉ាល់​នេះ ហើយ​ពួក​គាត់​​និយាយ​ថា អ្នក​ធ្វើ​ដំណើរ​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ពេល​ណាធាង​ដូង​​ជ្រុះ​មក​ដី ហើយ​សំបុក​ឪម៉ាល់​ក៏​​​អាច​ធ្លាក់​មក​ជា​មួយ​។ តាម​ការ​ប៉ាន់​ស្មាន ​ដើម​ដូង​ដែល​ឪម៉ាល់​​​ធ្វើ​សំបុក​មាន​កំពស់​​ប្រហែល​ជា​១០​ម៉ែត្រ ។ ការ​ភ័យ​ខ្លាច​​ធាង​​ដូង​​​​ងាប់​ធ្លាក់​ដោយ​មក​​ជា​មួយ​​​សំបុក​​ឪម៉ាល់​​​ នេះ​មិន​មែន​ចេះ​តែ​ខ្លាច​ទេ ព្រោះ​កន្លង​មក​​ធ្លាប់​មាន​បញ្ហា​​​ដែល​ក្មេង​ប្រុស​ម្នាក់​នៅ​ភូមិ​ជុំ​ ក្រៀល ត្រូវឪម៉ាល់​​ទិច​បណ្តាល​ឱ្យ​ស្លាប់ ខណៈ​ពេល​ដែល​ឪម៉ាល់​​​ជ្រុះ​សំបុក​ពី​លើ​ដើម​​ត្នោត​​ធ្លាក់​មក​ដី។

ទាក់​ទិន​នឹង​​សំបុក​ឪម៉ាល់​​មាន​ប្រវែង​​ប្រហែល​មួយ​ ម៉ែត្រ​នេះ លោក​​វរ​សេនីយ៍​ត្រី ងឹម វ៉េត អធិ​ការ​​​នគរ​បាល​ក្រុង​កំពត​មាន​ប្រសាសន៍​​ថា ​​ប្រជា​ពល​រដ្ឋ​​នៅ​ក្រុង​កំពត​មិន​ដែល​ស្លាប់​ដោយ​សារ​ឪម៉ាល់​នោះ​ទេ កុំ​ឱ្យ​តែ​មាន​​មនុស្ស​ទៅ​បុក​រុក​វា​​គឺ​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ឡើយ ។ ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ​បើ​គ្មាន​ការ​បំផ្លាញ​ចោល​ដោយ​វិ​ធី​​ណា​​មួយ​​ទេ ពេល​ដែល​មាន​ខ្យល់​ខ្លាំង​ធ្វើ​ឱ្យ​ដាច់​សំបុក​ធ្លាក់​​មក​លើ​ដង​ផ្លូវ​ ​ហើយ​​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ តើ​មនុស្ស​​ប៉ុន្មាន​នាក់​​នឹង​រង​គ្រោះ ព្រោះ​សំបុក​នេះ​ធំ​ណាស់​៕

http://kohsantepheapdaily.com.kh/art...26-013014.html