រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ខ្ទាត​​ចេញ​ពី​លើ​ម៉ូតូ​ ហើយ​បោក​ក្បាល​ស្លាប់​ទាំង​ពាក់​មួក​សុវត្ថិ​ភាព​ នៅ​ពេល​​បើក​ម៉ូតូ​ម៉ាក​ហុង​ដា វ៉េវ​ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១M២៦៣៨ ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ផ្លូវ​ពេញ​ទំហឹង​ ។ គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ​ត្រូវ​សមត្ថ​កិច្ចឱ្យ​ដឹង​ថា​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៧ ធ្នូ នៅ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី មុខ​មន្ទីរ​សំរាក​ព្យា​បាល​ និង​សម្ភព​ទឹក​ថ្លា​​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ជន​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​គឹម លី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ បាន​ផ្លោង​ចេញ​ពី​ម៉ូតូ​ទៅ​ផ្លូវ​ម្ខាង​បោក​ក្បាល​ស្លាប់​ភ្លាម​​ ។
តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​ជិះ​ម៉ូតូ​ហុង​ដា​វ៉េវ​ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១​M២៦៣៨​ តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​​ដល់​ចំណុច​កើត​ហេតុ​មុខ​ផ្សារ​ទឹក​ថ្លា​ដៃ​ម៉ូតូ​​បាន​ទាក់​នឹង​កាបូប​ស្ពាយ​របស់​ស្ត្រី​ម្នាក់​ដែល ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ។ ការ​ទាក់​នោះ​បណ្តាលឱ្យ​​​ម៉ូតូ​របស់​ជន​រង​គ្រោះ​​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ខណ្ឌ​ចែក​ផ្លូវទើប​​អ្នក​បើក​ បរ​ផ្លោង​ចេញ​ពី​លើ​ម៉ូតូ​​ទៅ​ចំណែក​ផ្លូវ​ម្ខាង​​រំលង​របាំង​ថ្ម​ ហើយ​បោក​ក្បាល​ស្លាប់​តែ​ម្តង​​ ។ ​សាក្សី​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេលអ្នក​បើក​ម៉ូតូ​​ខ្ទាតនោះ​បាន​​ទៅ​ប៉ះ​ម៉ូតូ​ម៉ាក​វី​វ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល​ផង​ដែ រ​ ។ ភ្លាមៗនោះ​​គេ​ស្មាន​តែម៉ូតូ​ម៉ាក​វី​វ៉ា​ជា​អ្នក​បុក ដូច្នេះ​ហើយ​​អ្នក​ដំណើរ​​ប្រុង​ឃាត់​អ្នក​បើក​ម៉ូតូ​វី​វ៉ា​ តែ​នៅ​ពេល​ដឹង​ការ​ពិត​ក៏​មិន​ឃាត់​វិញ​ ៕