រាជធានីភ្នំពេញ​ ៖ រថ​យន្ត​ដឹក​ដី​១​គ្រឿង​បាន​ក្រឡាប់​ដេក​ផ្អៀង​ខ្លួន​ចាក់​ដី​ចោល​ទាំង​អស់​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ ឬ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ដំណើរ​​តាម​ដង​ផ្លូវទេ​ ព្រោះ​ពេល​នោះ​​គ្មាន​ម៉ូតូ ឬ​រថ​យន្ត​បើក​បរ​ឆ្លង​កាត់​។ ហេតុ​ការណ៍​នោះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​​អូ​ដឹម​កប់​ស្រូវ​ ភូមិ​ចែង​ម៉ែង​ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ រថ​យន្ត​ម៉ាក​ហ៊ី​ណូ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៣២៥៤ បើក​បរ​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​នោះ​​ថា ដឹក​ដី​ចេញ​ពី​រណ្តៅ​មួយ​នៅ​ម្តុំ​វត្ត​ស្រះ​ស្រង់​​ ភូមិ​ព្រៃ​ក្រាយ សង្កាត់ស្នោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​។ ​អ្នក​ឃើញ​ហេតុ​ការណ៍​ម្នាក់​ឱ្យ​ដឹង​ថា គាត់​​ឃើញ​រថ​យន្ត​ដឹក​ដី​នោះ​​បើក​ក្នុង​ល្បឿន​លឿនគួរ​សម​ ហើយ​ស្រាប់​តែ​រេ​ចង្កូត​ចុះ​ឡើងៗ​ម្តង​ឆ្វេង ម្តង​ស្តាំ​រួចក្រឡាប់​ដេក​ចំហៀង​ខ្លួន​លើ​ផ្លូវ​តែម្តង។
ប្រភព​ដដែល​បន្ត​ថា ខណៈ​នោះ​​មិន​មាន​ម៉ូតូ ឬ​រថ​យន្ត​បើក​ឆ្លង​កាត់​ទេ។ ភ្លាម​នោះ​គាត់​នឹក​ស្មាន​ថា អ្នក​បើក​បរ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ​បន្តិច​ក្រោយ​មក​ស្រាប់​តែ​ឃើញ​គេ​​លូន​ចេញ​មក​ក្រៅ​មិន​​​រង​របួស​ធ្ងន់​ឡើយ។ អ្នក​បើក​បរ​រថ​យន្ត​ប្រាប់​ប៉ូលិស​ថា ការ​ក្រឡាប់​នោះ​ពុំ​ដឹង​បណ្តាល​មក​ពីមូល​ហេតុ​អ្វី​​ឡើយ​។ នៅ​មុន​ពេល​កើត​ហេតុ​ពេល​រថ​យន្ត​កំពុង​លឿនរូប​គេ​បាន​អើត​មើល​កង់​រថ​យន្ត​តាម​កញ្ចក់​ទ្វារ ហើយ​​ស្រាប់​តែ​រេ​ចង្កូត​ចុះ​ឡើង​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង​។ ប៉ូលិស​និយាយ​ថា រថ​យន្ត​នោះ​ក្រឡាប់​ដោយ​ខ្លួន​ឯង​មិន​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​​ឡើយ។ ​ក្រោយ​ពេល​កើត​ហេតុ​ម្ចាស់​រថ​យន្ត​បាន​កាយ​ដី​ដែល​នៅ​សេស​សល់​ក្នុង​រថ​យន្ត​ចេញ​ បន្ទាប់​មក​នាំ​យក​រថ​យន្ត​ទៅ​ជួស​ជុល​ ។ ចំណែក​ប៉ូលិស​គ្រាន់​តែ​ទៅ​ជួយសំរួល​ចរា​ចរណ៍​ដើម្បី​កុំ​ឱ្យ​កក​ស្ទះ​​ប៉ុណ្ណោះ៕