ខេត្ត​កំពង់​ស្ពឺ ៖ នៅ​សាលា​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៧ ធ្នូ មាន​​ប្រារព្ធ​ពិធី​អញ្ជើញ​​ក្រុម​គ្រួសារ​សព​ដែល​បាន​ទទួល​មរណ​ភាព​ក្នុង​ឧបទ្ទវ​ហេតុ​នៅ​លើ​ស្ពាន​ពេជ្រ ​ នៃ​តំប់ន​កោះ​ពេជ្រ​ កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ វិច្ឆិកា មក​ទទួល​ប្រាក់​ឧបត្ថម្ភ​​ពី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ។ ចូល​រួម​ក្នុ​ងពិធី​នោះ​មាន​លោក​ស្វាយ ស៊ី​ថា រដ្ឋ​លេខា​ធិការ​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី និង​ជា​តំណាង​​លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ អម​ដោយ​ក្រុម​ការ​ងារ​របស់​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចំនួន​៩​រូប​ ​តំណាង​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធ​​ជន​ និង​យុវ​នីតិ​សម្បទា​ចំនួន​២​រូប លោក​​អភិ​បាល​​ខេត្ត កង ហ៊ាង រួម​ទាំង​អភិ​បាល​-អភិ​បាល​រង​ស្រុក មេ​ឃុំ​ ​ចៅ​សង្កាត់​​ ​ព្រម​​ទាំង​គ្រួសារ​ជន​រង​គ្រោះ​ចំនួន​២០​គ្រួសារ បាន​ចូល​រួម ។
មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ស្វាយ ស៊ីថា ​បាន​ផ្តោត​ទៅ​​លើ​សោក​នាដ​កម្ម​នៅ​​លើ​ស្ពាន​ពេជ្រ ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២២ វិច្ឆិកា ដែល​ជា​ថ្ងៃ​​បញ្ចប់​​ពិធី​បុណ្យ​អុំទូក​ប្រពៃណី​ជាតិ​​​ខ្មែរ គឺ​ជា​សោក​នាដ​កម្ម​មួយ​ តែ​ពុំ​មែន​ជា​អំពើ​ភេរវ​កម្ម​ណា​មួយ​ ឬ​ក៏​ការ​ដាច់​ចរន្ត​អគ្គិ​សនី​ឆក់​ឱ្យ​ស្លាប់​នោះ​​ទេ តែ​ជា​ការ​ភ្ញាក់​ផ្អើល​រត់​ជាន់​គ្នា​ថប់​ដង្ហើម​ស្លាប់ ។ ​នៅ​ខេត្ត​កំពង់​ស្ពឺ មាន​​ក្រុម​គ្រួសារ​​ចំនួន​២០​គ្រួសារ​ ដែល​​មាន​សមា​ជិក​គ្រួសារ​​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ សរុប​​​ចំនួន​២០​នាក់ ក្នុ​ងនោះ​មាន​​ស្រុក​​សំរោង​ទង ៤​នាក់ ​​ក្រុង​ច្បារ​មន​ចំនួន​៣​នាក់ ស្រុក​ប​​សេដ្ឋ​ចំនួន​៤​នាក់ ស្រុក​ភ្នំ​ស្រួច​ចំនួន​៣​នាក់ និង​ស្រុក​គង​ពិសី​ចំនួន​៦​នាក់ ។ ចំពោះ​​ប្រាក់​​ជំនួយ​សប្បុរស​ជន​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​មូល​និធិ​សង្គ្រោះ​​តាម​រយៈ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ដែល​​ប្រគល់​​នៅ​ថ្ងៃ​នេះ​​សំរាប់​អ្នក​ស្លាប់​ចំនួន​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំនួន​២.១៤៥​ដុល្លារ ​ដោយ​ប្រគល់​ជា​ប្រាក់​ដុល្លារ ។
​​លោក​​អភិ​បាល​ខេត្ត ​កង ហ៊ាង បាន​មាន​ប្រសាសន៍​​​​ថា កន្លង​ទៅ ក៏​មាន​ការ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​ ​និង​ជា​សំភារ​​ពេល​ធ្វើ​​បុណ្យ​​សព​​​ដែរ ដែល​ក្នុង​នោះ​មាន​ក្រុម​ការ​ងារ​បក្ស​ កាក​បាទ​ក្រហម សប្បុរស​​ជន ​និង​មូល​និធិ​នានា ហើយ​​ថ្ងៃ​នេះ​​ពេល​ទទួល​ប្រាក់​​ហើយ​សូម​ឱ្យ​បង​ប្អូន​​រាប់​ឱ្យ​គ្រប់​​ចំនួន​​ចៀស​វាង​​ពាក្យ​ថា ឱ្យ​មិន​គ្រប់ ។ តំណាង​ឱ្យ​ជន​រង​គ្រោះ​​​ទាំង​២០​នាក់​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ និង​​សំដែង​នូវ​ការ​ដឹង​គុណ​​ខ្ពស់​​ចំពោះ​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​សប្បុរស​ជន​នានា ដែល​បាន​គិត​គូរ​ដល់​ប្រជា​ពល​រដ្ឋ​ ស្លាប់​​បាត់​បង់​ជីវិត ។ ​ពួក​គាត់​ចាត់​ទុក​ថា នេះ​ជា​ការ​គិត​គូរ​ដែ​លសម្តេច​តេជោ​បាន​ខិត​ខំ​ជួយ​ដោះ​ស្រាយ​ចូល​រួម​​​មរណ​​​ទុក្ខ​​ដល់​ប្រជា​ពល​រដ្ឋ ​ និង​សូម​ឱ្យ​សម្តេច​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ​ជា​និច្ច​និរន្តរ៍​ ៕